website_news:2021251007

បញ្ជូនជនជាតិបង់ក្លាដែស០២នាក់ ទៅតុលាការ ករណីចាប់ពង្រត់ ការបង្ខាំងមនុស្សខុសច្បាប់

https://cen.com.kh/ Posted ByPen Srey NeatOctober 24, 2021

បន្ទាយមានជ័យ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យជនជាតិបង់ក្លែសចំនួន០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន បានឲ្យដឹងថា ជនសង្ស័យជនជាតិបង់ក្លាដែសទាំង០២នាក់ មានឈ្មោះ មៀ ហាប៊ឹប ភេទប្រុស អាយុ ២៧ ឆ្នាំ និងឈ្មោះ អ៊ីស្លាម អ៊ែលសារុល ភេទប្រុស អាយុ៣១ឆ្នាំ ទាំង០២នាក់ ស្នាក់នៅផ្ទះជួលលេខ៦E ផ្លូវ៣១២ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង០២នាក់នេះ ដោយទទួលបាននូវបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ ដោយមានការអនុញ្ញាតពន្លាតដែនសមត្ថកិច្ច ពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បន្តស្រាវជ្រាវឈានដល់នាំខ្លួនជនសង្ស័យទាំង០២នាក់ មកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងធ្វើការឃាត់ខ្លួននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦និង២៥នាទី ។

លោកស្រី ឧត្តមសេនីយ៍ស្នងការរង បញ្ជាក់ថា ជនសង្ស័យជនជាតិបង់ក្លាដែសទាំង០២នាក់នេះ ជាប់ពាក់ព័ន្ធករណីការចាប់ពង្រត់ ការឃុំឃាំងឬការបង្ខាំងមនុស្ស ជាមួយនឹងជនសង្ស័យជនជាតិចិន០២នាក់ ១/- ស៊ីន សៅស៊ុន ភេទប្រុសអាយុ៣៦ឆ្នាំ,២/-ឈ្មោះ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ទៅលើជនរងគ្រោះជនជាតិខ្មែរ០២នាក់ ដោយដឹកពីភ្នំពេញមកក្រុងប៉ោយប៉ែត ហើយបង្ខាំងនៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី០៨ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដោយឲ្យជនរងគ្រោះទាំង០២នាក់ រកលុយម្នាក់១,០០០ដុល្លារ មកសងខ្លួនវិញ ។ សូមបញ្ជាក់ថា ជនជាតិចិនទាំង០២នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

website_news/2021251007.txt · Last modified: 2021/10/25 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki