website_news:2021260104

ស្រ្តីជាប់ពន្ធនាគារ ស្នើតុលាការកំពូលឱ្យដោះលែងខ្លួន ករណីសញ្ចារកម្ម

https://www.postkhmer.com/ គឹម សារុំ | Publication date 25 January 2021 | 17:05 ICT

ភ្នំពេញៈ ស្រ្តីជាប់ចោទម្នាក់បានស្នើសុំឱ្យតុលាការកំពូលដោះលែងខ្លួនពីពន្ធនាគារ ក្នុងពេលកំពុងសវនាការនៅថ្ងៃទី ២៥ មករានេះ បន្ទាប់ពីត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំក្នុងសំណុំរឿងសញ្ចារកម្ម ករណីឲ្យកូនឈ្នួលមិនទាន់គ្រប់អាយុ ៣ នាក់ ក្នុងចំណោម ៤ នាក់ រួមភេទជាមួយភ្ញៀវ ប្រព្រឹត្តនៅសង្កាត់ស្ទឹងមានជ័យ កាលពីឆ្នាំ ២០១៧។

នៅក្នុងបន្ទប់សវនាការតុលាការកំពូលនេះស្រ្តីជាប់ចោទឈ្មោះ សុខា សុថារី បានប្រាប់ចៅក្រមថា គាត់ពិតជាអនុញ្ញាតឲ្យជនរងគ្រោះទាំង ៣ នាក់ ឲ្យចូលធ្វើការក្នុងហាងកាត់សក់សាឡនរបស់គាត់មែន។ ប៉ុន្តែគាត់មិនបានពិនិត្យមើលអត្តសញ្ញាណប័ណ្ឌសម្គាល់ខ្លួនពួកគេទេ។ ចំពោះការរួមភេទរវាងពួកគេជាមួយភ្ញៀវ គឺគាត់មិនបានដឹងទេតែទទួលស្គាល់ថា គាត់បានយកលុយពីពួកគេម្នាក់ ៥ ដុល្លារ ពីកម្រៃសេវាកាត់សក់ឲ្យភ្ញៀវ។ ស្រ្តីជាប់ចោទថា៖ «ខ្ញុំសូមឲ្យតុលាការកំពូលដោះលែងខ្ញុំវិញផង ព្រោះខ្ញុំបានជាប់ឃុំក្នុងពន្ធនាគារជាង ៣ ឆ្នាំហើយ។ កាលនោះខ្ញុំមិនបានយល់ពីច្បាប់ និងគិតមិនបានវែងឆ្ងាយ»។

លោក អ៊ុក គឹមសិទ្ធិ តំណាងមហាអយ្យការសន្និដ្ឋានថា តាមរបាយកាណ៍សំយោគរបស់នគរបាលប្រឆាំងការជួញដូរមនុស្សបង្ហាញថា ក្នុងរឿងនេះមានក្មេងស្រីអាយុ ១៥ ឆ្នាំ, ១៦ ឆ្នាំ, ១៧ ឆ្នាំ អាយុ ២១ ឆ្នាំ ហើយស្រ្តីជាប់ចោទបានយកកម្រៃពីជនរងគ្រោះម្នាក់ ៥ ដុល្លារ ក្នុងតម្លៃរួមភេទម្តង ៣០ ដុល្លារ។ ផ្អែកតាមភ័ស្តុតាងស្រោមអនាម័យដែលសមត្ថកិច្ចរកឃើញ ក្នុងផ្ទះរបស់ស្រ្តីជាប់ចោទ គឺគ្រប់គ្រាន់ក្នុងការចោទប្រកាន់។ លោកថ្លែងថា៖«ខ្ញុំយល់ឃើញថាសាលដីការបស់សាលាឧទ្ធរណ៍ដែលតម្កល់តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញគឺត្រឹមត្រូវតាមច្បាប់ហើយ។ខ្ញុំសូមតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ»។

លោក សុគន្ធ ពិដោរ មេធាវីការពារសិទ្ធិឲ្យស្រ្តីជាប់ចោទបានសន្និដ្ឋានថា កូនក្តីលោកពិតជាបានបើកកន្លែងកាត់សក់ និងសាឡននោះមែន។ តែកូនក្តីលោកមិនបានយកកម្រៃពីការរួមភេទរបស់នារីរងគ្រោះទេ។តាមចម្លើយក្មេងស្រី ឈ្មោះជ.ម អាយុ ១៥ ឆ្នាំ ក្នុងចំណោម ៤ នាក់ នៅដំណាក់កាលសមត្ថកិច្ចថា នាងបានលួចរួមភេទជាមួយភ្ញៀវបានថ្លៃ ៣០ ដុល្លារ ហើយដក ៥ ដុល្លារ ឲ្យកូនក្តីលោកជាថ្លៃម៉ាស្សា។ តែកូនក្តីលោកពិតជាមិនបានដឹងថាពួកគេរួមភេទជាមួយភ្ញៀវទេ។ លោកថា៖ «ប៉ុន្តែដោយសារភាពល្ងង់របស់កូនក្តីខ្ញុំសូមក្រុមប្រឹក្សាជំនុំជម្រះមេត្តាដោះលែងគាត់ឲ្យមានសេរីភាពវិញផង»។

តាមកំណត់ហេតុនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញបង្ហាញថា ស្រ្តីជាប់ចោទឈ្មោះ សុខា សុថារី អាយុ ៣៨ ឆ្នាំ បានបើកហាងកាត់សក់បុរស និងកន្លែងម៉ាស្សាតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ស្រ្តីជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៧ ជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុ ៣ នាក់ និងស្រ្តីពេញវ័យម្នាក់។ តាមកំណត់ហេតុដដែល ការបង្ក្រាបនេះសមត្ថកិច្ចបានរកឃើញស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើបានមួយចំនួន និងរំដោះក្មេងស្រីអាយុ ១៥ ឆ្នាំ, ១៦ ឆ្នាំ, ១៧ ឆ្នាំ និងនារីអាយុ ២១ ឆ្នាំម្នាក់។ កាលពីថ្ងៃឃាត់ខ្លួនពួកគេទាំង ៤ នាក់ បានឆ្លើយប្រាប់សមត្ថកិច្ចស្រដៀងគ្នាថា ពួកគេពិតជាបានរួមភេទជាមួយភ្ញៀវមែនដោយម្តងៗយកកម្រៃពីភ្ញៀវម្នាក់ ៣០ ដុល្លារ ប៉ុន្តែបានដក់ឱ្យស្រ្តីម្ចាស់ហាង ៥ ដុល្លារ។

សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៨ ផ្តន្ទាទោសស្រ្តីជាប់ចោទ ៧ ឆ្នាំ ដោយចោទបទសញ្ចារកម្មមានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២៨៤,២៨៨ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែដោយមិនសុខចិត្តនឹងសាលក្រមនេះស្រ្តីជាប់ចោទបានប្តឹងឧទ្ធរណ៍តែត្រូវឧទ្ធរណ៍ប្រកាសសាលដីកានៅថ្ងៃទី ១២ សីហា ឆ្នាំ ២០២០ ដោយតម្កល់ទោស ៧ ឆ្នាំដដែល។ ក្រោយមកស្រ្តីជាប់ចោទបានប្តឹងសារទុក្ខទៅតុលាការកំពូលទៀត។

យ៉ាងណាក្ដី ក្រោយជំនុំជម្រះ លោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅតុលាការកំពូលបានថ្លែងថាសាកដីកានៃសំណុំរឿងនេះនឹងប្រកាសថ្ងៃទី ១ កុម្ភៈ ខាងមុខនេះ៕

website_news/2021260104.txt · Last modified: 2021/01/26 10:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki