website_news:2021260105

មន្ត្រីសង់ត្រាល់៖ ពលករខ្មែរដែលរងគ្រោះដោយបាក់ស្ពានអាកាសនៅថៃកំពុងត្រូវបានយកចិត្តទុកដាក់

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 25/01/2021 - 08:10 ដោយ៖ អ៊ឹង ប៊ុនថន

មន្ត្រីអង្គការសង់ត្រាល់ប្រចាំប្រទេសថៃបានឲ្យដឹងថា ករណីពលករខ្មែរចំនួន៧ នាក់ នៅក្នុងចំណោមជនរងគ្រោះសរុប៩ នាក់ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែការបាក់ស្ពានអាកាសកំពុងសាងសង់នៅខេត្តនគររាជសីមានោះ គឺត្រូវបានអ្នកទទួលខុសត្រូវយកចិត្តទុកដាក់។ តែនៅមិនទាន់ដឹងថា ក្រុមហ៊ុនម៉ៅការរបស់ថៃដែលជាម្ចាស់គម្រោងស្ពានអាកាសជិត១៥គីឡូម៉ែត្រនេះផ្តល់សំណងប៉ុន្មាននៅឡើយ។

លោក លឹង សុផុន មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅព្រឹកថ្ងៃចន្ទនេះថា ក្រោយពីជួបឧបទ្ទហេតុបាក់ស្ពានអាកាស ដែលកំពុងសាងសង់ក្នុងស្រុកមឿង ខេត្តនគររាជសីមានោះ ខាងក្រសួងសាធារការរបស់ថៃ ដាក់កំហិតឲ្យក្រុមហ៊ុនម៉ៅការសំណង់ជាអ្នកទទួលខុសត្រូវទាំងស្រុងលើជនរងគ្រោះ។ នៅក្នុងដំណាក់កាលសង្គ្រោះបឋមនេះ ជនរងគ្រោះទាំងអស់ចំនួន៩ គឺខ្មែរ៧នាក់ ភូមា ១នាក់ និងថៃ១នាក់ ត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈជនរងគ្រោះខ្លះបាក់ដៃ និងបាក់ជើង ដោយសារតែជន្ទល់សំណង់បានបាក់ស្រុតនៅពេលកំពុងចាក់បេតុង។ បើតាមមន្ត្រីសង្គមស៊ីវិលរូបនេះ ករណីបាក់ស្ពានអាកាសនេះ គឺជាគ្រោះថ្នាក់ការងារ ដែលតាមច្បាប់របស់ថៃ គឺថៅកែម៉ៅការសំណង់ជាអ្នកទទួលខុសត្រូវ ទាំងថ្លៃព្យាបាល ការធានារ៉ាប់រងចាយវាយអំឡុងពេលព្យាបាល និងប្រាក់សំណងការខូខាត។ ប៉ុន្តែនៅពេលនេះ លោកថា ក្រុមហ៊ុនម៉ៅការសំណង់នោះមិនទាន់ផ្តល់សំណងការខូចខាតលើជនរងគ្រោះនៅឡើយ ខណៈដែលមន្ត្រីទូតកម្ពុជាប្រចាំប្រទេសថៃកំពុងទៅជួបជនរងគ្រោះនៅមន្ទីរពេទ្យ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ ការបាក់សំណង់ស្ពានអាកាសនៅប្រទេសថៃនេះ បានកើតឡើងនៅថ្ងៃទី២៣មករា២០២១។ គឺជាផ្នែកមួយនៃគម្រោងផ្លូវក្រវ៉ាត់ក្រុងប្រវែង ១៤,៥ គីឡូម៉ែត្រនៅភាគខាងជើងនៃទីប្រជុំជនស្រុកមឿង ខេត្តនគររាជសីមា។ សំណង់នេះត្រូវបានសាងសង់ក្រោមការត្រួតពិនិត្យរបស់នាយកដ្ឋានផ្លូវល្បឿនលឿនដោយមានថវិកាចំនួន ១,៤ ពាន់លានបាត។ ឧបទ្ទវហេតុនេះបានធ្វើឲ្យកម្មករចំណាកស្រុកចំនួន៩នាក់ រងរបួស គឺមកពីកម្ពុជា៧នាក់ មីយ៉ាន់ម៉ាម្នាក់និងថៃម្នាក់ ហើយត្រូវបានបញ្ជួនទៅព្យាបាលនៅទីក្រុងបាងកក។ ការបាក់រលំសំណង់មួយនេះ ត្រូវបានគេបន្ទោសទៅលើកំហុសបច្ចេកទេស ដែលប្រើជើងទម្រមិនអាចទ្រនឹងទំងន់នៃបេតុងដែលកំពុងចាក់៕

website_news/2021260105.txt · Last modified: 2021/01/26 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki