website_news:2021260201

គិតត្រឹមថ្ងៃទី២៤កុម្ភៈ ឃាត់ខ្លួនពលករ គេចវេះពីការធ្វើចត្តាឡីស័កជាង៦០០នាក់

https://www.kampucheathmey.com/ on February 25, 2021By Sorn Phanith

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ កុម្ភៈនេះថា ចាប់ពីថ្ងៃទី១៣រហូតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពលករខ្មែរ ដែលគេចវេះពីការធ្វើចត្តាឡីស័កបានជាង៦០០នាក់ និងបានបញ្ជូនទៅធ្វើចត្តាឡីស័កវិញនៅទូទាំងប្រទេស។ លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្នុងចំណោមពលករគេចវេះពីការធ្វើចត្តាឡីស័កជាង៦០០នាក់នោះភាគច្រើនឆ្លងពីប្រទេសវៀតណាម ដោយសារពួកគាត់ស្គាល់ភូមិសាស្ត្រាច្បាស់លាស់។ ជាក់ស្តែង គ្រាន់តែថ្ងៃទី២៣កុម្ភៈ មានពលករខ្មែរឆ្លងដែនតាមព្រំដែនវៀតណាមជិត៣០០នាក់។ ចំណែកព្រំដែនកម្ពុជាថៃវិញ បានធ្លាក់ចុះជាបណ្តើរៗហើយបន្ទាប់ពីមានការបង្ក្រាបទៅលើពួកមេខ្យល់ដែលនាំពលករចូលកម្ពុជារួចមក។ លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា ចាប់ពីថ្ងៃទី១៣រហូតមកដល់ថ្ងៃទី២៤កុម្ភៈសមត្ថកិច្ច បានចាប់មេខ្យល់ ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចេញចូលប្រទេសកម្ពុជាចំនួន៨៩នាក់ ទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ លោកឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា ការចាប់មេខ្យល់៨៩នាក់នោះ ភាគច្រើននាំពលករចេញចូលប្រទេសកម្ពុជានិងថៃ។ ចំណែកមេខ្យល់នាំពលករចេញចូលកម្ពុជានិងវៀតណាមវិញ មានតិចជាង១០នាក់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ឆាយគឹមខឿន បានបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលចាត់វិធានការក្តៅទៅលើពួកមេខ្យល់រួចមកឃើញថា ការនាំពលករចូលមកកម្ពុជាតាមព្រំដែនកម្ពុជាថៃ ហាក់មានការថមថយច្រើន។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអំពាវនាវដល់ពលករទាំងអស់ សូមបញ្ឈប់ការឆ្លងដែនខុសច្បាប់និងកុំព្យាយាមគេចវេះពីការធ្វើចត្តាឡីស័ក ដើម្បីចៀសវាងការទទួលការផាកពិន័យនិងទោសទណ្ឌតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យថ្មីបានពិន័យប្រាក់ពី១០លានរៀលដល់៥០លានរៀល ចំពោះអ្នកដែលនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័ក។ ចំពោះអ្នកដែលគេចវេះមិនចូលធ្វើចត្តាឡីស័ក និងអ្នកគេចចេញពីការធ្វើចត្តាឡីស័ក ក្នុងអំឡុងកំពុងធ្វើចត្តាឡីស័ក នឹងត្រូវពិន័យប្រាក់ពី១លានរៀលដល់៥លានរៀល៕ អត្ថបទ៖ សំអឿន

website_news/2021260201.txt · Last modified: 2021/02/26 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki