website_news:2021260204

កម្ពុជា-ហ្វីលីពីនប្តេជ្ញា រួមគ្នាដោះស្រាយបញ្ហាផ្សេងៗដល់ពលករចំណាកស្រុកនៅក្រៅប្រទេស

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា

ភ្នំពេញ÷កម្ពុជា-ហ្វីលីពីន រួមគ្នាដោះស្រាយបញ្ហាដល់ពលករចំណាកស្រុកនៃប្រទេសទាំងពីរតាមរយ:ការ ផ្តល់កិច្ចគាំពារផ្លូវច្បាប់ជូនពួកគាត់បានទាន់ពេវេលា។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយគ្នានាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នៅទីស្តីការក្រសួង ដោយផ្តោតសំខាន់ទៅលើក្របខណ្ឌរបស់ប្រទេសទាំងពីរ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការជួយដោះស្រាយ និងផ្តល់កិច្ចគាំពារទៅលើបញ្ហាពលរដ្ឋ ក៏ដូចជា ពលករទេសន្តរប្រវេសន៍ការងារ ។ ឯកឧត្តម អ៉ិត សំហេង បានបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀង គឺមានការឯកភាពគ្នា ជួយគ្នានៅពេលដែលពលរដ្ឋរបស់ហ្វីលីពីន ឬពលរដ្ឋកម្ពុជា ដែលមានបញ្ហាក្នុងបណ្តាប្រទេសផ្សេងៗ ដែលពុំមានស្ថានទូត និងមិនមានអនុព័ន្ធការងារសម្រាប់ជួយផ្តល់នូវការគាំពារទៅដល់ពួកគាត់ណាមួយ ពលរដ្ឋកម្ពុជាអាចស្វែងរកនូវជំនួយពីស្ថានទូតហ្វីលីពីននៅប្រទេសនោះបាន។

លោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងថា ហ្វីលីពីន មានស្ថានទូតជាច្រើននៅទូទាំងពិភពលោក និងការិយាល័យអនុព័ន្ធការងារក៏ដូចជាការិយាល័យខាងផ្នែកផ្តល់កិច្ចគាំពារទៅដល់ពលករទេសន្តរ ប្រវេសន៍នៅស្ទើរគ្រប់ប្រទេសទូទាំងពិភពលោក។ ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការការពារ និងគាំពារយ៉ាងល្អដល់ពលរដ្ឋហ្វីលីពីនដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាប្រមាណជិត ៥០០០នាក់ ដែលពួកគេទទួលបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ដូចកម្មករនិយោជិតកម្ពុជាដែរ ជាពិសេសបានទទួលអត្ថប្រយោជន៍ពីសមាជិកភាពរបស់បេឡាជាតិសន្តិសុខសង្គម។ កន្លងទៅថ្មីៗនេះ ពលរដ្ឋហ្វីលីពីនប្រមាណ៨០០នាក់ ក៏ទទួលបានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ក្នុងស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ ១៩។ លោកជំទាវឯកអគ្គរដ្ឋទូត បានប្តេជ្ញាថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ លោកជំទាវនឹងខិតខំពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមទាំងបង្កើតនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដើម្បីផលប្រយោជន៍នៃប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងការងារក៏បានថ្លែងអំណរគុណចំពោះភាគីហ្វីលីពីន ដែលបានជួយចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗដល់កម្ពុជា ក្នុងការរួមចំណែកជួយដល់ ការគាំពារកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាទាំងនៅក្នុង និងក្រៅប្រទេស។ សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងហ្វីលីពិន ក៏មានកិច្ចសហប្រតិបត្តិការមួយទៀតទៅលើវិស័យសន្តិសុខសង្គម តាមរយៈអនុស្សរណៈយោគយល់គ្នាមួយ រវាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងអង្គការធានារ៉ាប់រងសុខភាពរបស់ហ្វីលីពីន (Philhealth) ដែលជាក្របខណ្ឌកិច្ចប្រតិបត្តិការក្នុងការសហការគ្នាចែករំលែកនូវបទពិសោធន៍ ជាពិសេសទៅលើផ្នែកបច្ចេកទេសប្រតិបត្តិការ និងការគ្រប់គ្រងប្រព័ន្ធថវិកា ហិរញ្ញវត្ថុក្នុងការផ្តល់នូវកិច្ចគាំពារដល់កម្មករនិយោជិត៕

website_news/2021260204.txt · Last modified: 2021/02/26 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki