website_news:2021260302

នាំខ្លួនពលករខ្មែរ១៩នាក់ឆ្លងចូលពីប្រទេសថៃយកទៅធ្វើចត្តាឡីស័ក

https://www.kampucheathmey.com/ on March 25, 2021By Sokhom Khon

ពលករខ្មែរ១៩នាក់ ដែលបានត្រឡប់ពីប្រទេសថៃចូលតាមច្រករបៀងក្នុងស្រុកសំពៅលូនត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រចាំតំបន់ព្រំដែនទទួលយកទៅឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងភូមិសាស្ត្រស្រុកសំពៅលូន។ សមត្ថកិច្ចគោលដៅស្រុកសំពៅលូនបានប្រាប់ឲ្យដឹងថា ដើម្បីអនុវត្តតាមវិធានការផ្លូវច្បាប់ពាក់ព័ន្ធនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូលេខ៩ សហការជាមួយកម្លាំងយោធាវរសេនាតូច៥៣៣រួមជាមួយកម្លាំងចម្រុះជាច្រើនទៀតនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំន២០២១នេះ បានចុះនាំខ្លួនប្រជាពលរដ្ឋជាពលករខ្មែរប្រុសស្រីរួមទាំងក្មេងផងដែរសរុបចំនួន១៩នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃវិញដោយឆ្លងដែនតាមផ្លូវកាត់ច្រករបៀងប្រុងមិនចូលធ្វើចត្តាឡីស័កតាមការណែនាំរបស់រាជរដ្ឋាភិបាល។

ប្រភពខាងលើបន្តថា ប្រជាពលករទាំង១៩នាក់ខាងលើក្នុងនោះមានបុរសពេញវ័យចំនួន៥នាក់ស្ត្រីចំនួន៥នាក់និងក្មេងប្រុសក្មេងស្រីចំនួន៩នាក់ទៀត។ អ្នកទាំងអស់គ្នាបានឆ្លងដែនចេញពីប្រទេសថៃហើយចូលមកទឹកដីប្រទេសកំណើតកាត់តាមចំណុចភូមិសាស្ត្រ ភូមិរស្មីភូមិស្ពានយោលក្នុងឃុំជ្រៃសីមានិងកាត់តាមភូមិសាស្ត្រភូមិគីឡូលេខ១៣ក្នុងឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនពលករទាំងអស់កម្លាំងជំនាញបានសាកសួរធ្វើនិងធ្វើកំណត់ហេតុរួចណែនាំអប់រំនិងឲ្យផ្តឹតមេដៃសន្យាឈប់ប្រព្រឹត្តហើយប្រគល់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវត្តតាមវិធានសុខាភិបាលនៅអនុវិទ្យាល័យកូនភ្នំ៣២ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង៕ អត្ថបទ ៖ សៅ សារិទ្ធ

website_news/2021260302.txt · Last modified: 2021/03/26 12:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki