website_news:2021260303

តាមមណ្ឌលចត្តាឡីស័ក នៅបាត់ដំបង ចាប់ផ្ដើមធូរស្រាល ខណៈពលករត្រឡប់ពីថៃថយចុះ

https://news.btv.com.kh/ 03/25/2021 05:03 PM

បាត់ដំបង៖ នារយៈពេលប៉ុន្មានថ្ងៃនេះការត្រឡប់ពីប្រទេសថៃ របស់ពលករមានទីលំនៅក្នុងខេត្តបាត់ដំបង មានការថយចុះជាបន្តបន្ទាប់ ដែលស្ថានភាពបែបនេះ បានធ្វើឲ្យមណ្ឌលចត្តាឡីស័កនានា នៅក្នុងខេត្តមានការធូរស្បើយ ខណៈអាជ្ញាធរខេត្តបាត់ដំបង និងខេត្តចាន់បុរី បានបើកដំណើរការឡើងវិញ នូវច្រកព្រំដែនថ្នាក់តំបន់ចំនួន២នោះ ។

បើតាមលោក សុខ ហឿន អភិបាលស្រុកសង្កែ បានឲ្យដឹងថា ចាប់ពីពេលមានប្រកាសរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី តម្រូវឲ្យពលករទើបត្រឡប់មកពីថៃ អាចធ្វើចត្តាឡីស័កនៅស្រុកកំណើត ឬជិតលំនៅដ្ឋានរបស់ខ្លួននោះ គឺពេលភ្លាមៗ មានពលកររស់នៅស្រុកសង្កែត្រូវបានបញ្ជូនពីព្រំដែនមានជិត ២០០នាក់ ដែលតម្រូវឲ្យអាជ្ញាធរបង្កើនមណ្ឌលចត្តាឡីស័ក ដល់២កន្លែង ។ លោកបានបន្តថា នារយៈពេលប៉ុន្មានថ្ងៃនេះ គឺមានភាពធូរស្រាល ដោយពលករទើបមកពីថៃមានតិចតួច និងបញ្ចប់ការធ្វើចត្តាឡីស័ក ត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ ប៉ុន្តែក៏មានពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទើបត្រឡប់មកពីរាជធានីខេត្តមួយចំនួន កំពុងធ្វើចត្តាឡីស័កនៅទីនេះ រួមទាំង មានជនបរទេសផងដែរ ដោយពួកគេក៏ត្រូវបានយកចិត្តទុកដាក់ ក្នុងការពិនិត្យសុខភាព យកសំណាករកជំងឺកូវីដ១៩ ការផ្ដល់អាហារ និងការពារសុខសុវត្ថិភាព ។

យោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា បច្ចុប្បន្នពលករកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានាក្នុងខេត្តបាត់ដំបងចំនួន ១៨៨១នាក់ បានកំណត់មុខសញ្ញាពាក់ព័ន្ធក្នុងងព្រឹត្តិការណ៍២០កុម្ភៈ ចំនួន១៧១នាក់ យកចំណាក ១៧១នាក់ អវិជ្ជាមាន ១៧០នាក់ លទ្ធផលវិជ្ជាម្នាក់ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី១ ចំនួន ៦ ២៦១នាក់ និងលើកទី២ ចំនួន ២ ៥៦០នាក់ ៕ បាន សុខរិទ្ធ

website_news/2021260303.txt · Last modified: 2021/03/26 12:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki