website_news:2021260304

អាជ្ញាធរខេត្ត នៅតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះពលករឆ្លងដែន ខណៈកូវីដ-១៩ ផ្ទុះឡើងខ្លាំងក្នុងសហគមន៍

https://news.btv.com.kh/ 03/25/2021 05:03 PM

ឧត្តរមានជ័យ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត បានបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតចំពោះពលករឆ្លងដែនមកពីប្រទេសថៃ ខណៈដែលកម្ពុជាកំពុងផ្ទុះឡើងខ្លាំងនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើងនោះ នៅព្រឹកថ្ងៃទី២៥ មីនានេះ។ ឯកឧត្តម អភិបាលខេត្តបានបន្ត ថាបច្ចុប្បន្ននេះស្ថានភាពពលករឆ្លងដែនមកពីប្រទេសថៃឆ្លងតាមច្រកអូរស្មាច់ និងច្រកជាំសាងាំ ហាក់បីដូចជាមានសភាពធូរស្រាលខ្លះៗហើយ មិនមានកំណើនកើនឡើងច្រើនដូចកាលពីមុននោះទេ បញ្ហានេះ ដោយសារតែពលករមួយចំនួនដែលឆ្លងមកកម្ពុជាតាមច្រកសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បានធ្វើការសម្រួលទៅតាមខេត្តគោលដៅរបស់ខ្លួន ដើម្បីពិនិត្យនឹងធ្វើចត្តាឡីស័ក បន្តនៅខេត្តសាមីរបស់ខ្លួននោះវិញ កត្តាទាំងអស់នោះហើយធ្វើឲ្យខេត្តជាប់ព្រំដែនមានសភាពធូរស្រាលជាងមុន។

ឯកឧត្តម បានបញ្ជាក់ថា ប៉ុន្តែទោះបីជាស្ថានភាពពលករឆ្លងដែនបច្ចុប្បន្នមានសភាពធូរស្រាលជាងមុនយ៉ាងណាក្តី ក៏អាជ្ញាធរខេត្តរួមទាំងមន្ត្រីចត្តាឡីស័ក ជួរមុខទាំងអស់នៅតែបន្តធ្វើការរិតបន្តឹងយ៉ាងតឹង រឹងម៉ត់ចត់បំផុតក្នុងការពិនិត្យសុខភាពនឹងផ្សព្វផ្សាយព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដល់ពលករគ្រប់ៗគ្នា ស្តីពីវិធានការ ការពារ ៣កុំ ៣ការពារ ដល់ពលករទាំងអស់គ្រប់រូប គ្រប់ពេលវេលាមុននឹងឲ្យពួកគាត់ធ្វើដំណើរបែងចែកគ្នាទៅតាមរថយន្តកងទ័ពតាមខេត្តគោលដៅរបស់ខ្លួនវិញនោះ ដោយមិនមានការធ្វេសប្រហែសដោយប្រការណាមួយនោះឡើយ។ដោយឡែកបច្ចុប្បន្ននេះ ពលករដែលកំពុងស្នាក់នៅតាមមណ្ឌលធ្វើចត្តាឡីស័ក មានចំនួនតែ៤៦៩នាក់តែប៉ុណ្តោះ៕ អត្ថបទ ៖ ឃិនសារិទ្ធ

website_news/2021260304.txt · Last modified: 2021/03/26 12:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki