website_news:2021260305

អង្គការភ្លែនសហការជាមួយក្រសួងអប់រំរៀបចំវេទិកាស្តីពីការអប់រំកុមារចំណាកស្រុក

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 25 March 2021 | 16:28 ICT

ភ្នំពេញៈ អង្គការភ្លែនអន្តរជាតិកម្ពុជាសហការជាមួយក្រសួងអប់រំ អង្គការដៃគូ និងក្រុមបណ្តាញកុមារ និងយុវជនរៀបចំកម្មវិធីវេទិកាកុមារ និងយុវជនថ្នាក់ក្រោមជាតិស្ដីពី«ការទទួលបានការអប់រំរបស់កុមារដែលធ្វើចំណាក ស្រុក» ក្រោយពីរកឃើញថា កុមារកម្ពុជានៅពេលត្រឡប់ពីចំណាកស្រុកនៅប្រទេសថៃវិញ មានការលំបាកក្នុងការបន្តការសិស្សា។

លោក ឈឹម ផាន់ណា អ្នកឯកទេសកិច្ចការពារកុមារនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២១ ខែមីនាថា វេទិកានេះមានគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធលើបញ្ហាចំណាកស្រុករបស់ឪពុកម្តាយដែលនាំឱ្យមានការលំបាកដល់កូនៗក្នុងបន្ទុកជាពិសេសការសិក្សារបស់កូនៗ និងជំរុញឱ្យមានការយកចិត្តទុកដាក់លើសេវានានា ជួយដល់កុមារដែលបានចំណាកស្រុកជាពិសេសការទទួលបានការអប់រំពេញលេញនៅគ្រប់ទីកន្លែង។ លោកថ្លែងថា៖«តាមរយៈវេទិកានេះបានជំរុញលើការអនុវត្តសាកល្បងនៃការបង្រៀនពីចម្ងាយលើផ្នែកភាសាខ្មែរសម្រាប់កុមារក្នុងស្រុកក្លងយ៉ៃពីសាលាគោលដៅក្នុងស្រុកមណ្ឌលសីមា ខេត្ដកោះកុង ដោយមានការគាំទ្របច្ចេកទេសពីក្រុមការងារបច្ចេកទេសរបស់គម្រោងដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា អង្គការភ្លែនអន្តរជាតិ និងអង្គការ Cambodia Acts»។ លោកឱ្យដឹងថា បច្ចុប្បន្នវេទិកានេះទើបចាប់ផ្តើមធ្វើដោយមានការសម្របសម្រួលពីអង្គការដៃគូរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាដូចជាអង្គការCambodia Acts អង្គការ Banteay Srei អង្គការ CRC-Cambodia ជាមួយបណ្តាញកុមារថ្នាក់ជាតិ Child Advocate Network (CAN) ដឹកនាំសម្របសម្រួលជាមួយក្រុមបណ្តាញកុមារនៅថ្នាក់ខេត្ត ដូចជាខេត្តសៀមរាប និងខេត្តបាត់ដំបងដែលជាខេត្តគោលដៅនៃគម្រោង។

បើតាមអង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការភ្លែនអន្តរជាតិថៃឡង់ បានអនុវត្តរួមគ្នាលើគម្រោងស្តីពីការបញ្ឈប់ការកេងប្រវ័ញ្ចតាមរយៈការពង្រឹងសេវាកម្មឆ្លើយតប ដែលសមស្របដោយមានការគាំទ្រថវិកាពីប្រទេស ស៊ុយអែតរយៈពេល ៣ ឆ្នាំ ដែលបានបញ្ចប់កាលពីឆ្នាំ ២០២០។ តាមរយៈគម្រោងនេះកាលពីចុងឆ្នាំ ២០២០ អង្គការក្នុងស្រុកមួយនៃប្រទេសថៃឈ្មោះថា FRY ដែលជាអង្គការដៃគូជាមួយអង្គការភ្លែនអន្តរជាតិថៃឡង់បានដឹកនាំធ្វើការសិក្សាស្រាវជ្រាវស្តីពីការសិក្សារបស់កុមារកម្ពុជា ដែលបានធ្វើចំណាកស្រុកទៅប្រទេសថៃជាមួយឪពុកម្តាយ និងខ្លះបានកើតនៅទីនោះផងដែរ។ តាមរយៈការសិក្សានេះបានរកឃើញថា មានកុមារកម្ពុជាចំនួន ១ ៣២២ នាក់កំពុងសិក្សានៅប្រទេសថៃ ក្នុងខេត្តក្លងយ៉ៃ ជាប់ព្រំប្រទល់នឹងខេត្តកោះកុង។ ក្នុងចំណោមសិស្ស ១ ៣២២ នាក់ (មានចំនួន ៥០០ នាក់កំពុងសិក្សាថ្នាក់ទី ៤ និងទី ៩ នៃសាលារដ្ឋរបស់ប្រទេសថៃឡង់)។ ក៏ប៉ុន្តែចំនួននេះមានការថយចុះនៅពេលដែលកុមារកម្ពុជាមានអាយុច្រើនដោយសារត្រូវត្រឡប់មកកម្ពុជាវិញជាមួយឪពុកម្តាយ ក្រោយពីផុតសិទ្ធិធ្វើការក្នុងប្រទេសថៃ។

លោក ឈឹម ផាន់ណា បញ្ជាក់ថា៖ «បញ្ហានៅត្រង់ថា ពេលកុមារត្រឡប់មកកម្ពុជាវិញ កុមារមានការលំបាកក្នុងការបន្តការសិស្សាក្នុងកម្រិតថ្នាក់ស្មើគ្នា ដោយសារកុមារមិនអាចនិយាយភាសាខ្មែរបាន ឬកម្មវិធីសិក្សាផ្សេងគ្នា។ ដូច្នេះកុមារចំណាកស្រុកដែលត្រឡប់មកវិញនោះត្រូវបានឱ្យរៀនថ្នាក់ទាបជាងកម្រិតដែលបានសិក្សានៅប្រទេសថៃ»។

លោក រស់ សុវាចាអ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡាកាលពីម្សិលមិញបានថ្លែងស្វាគមន៍ និងអរគុណចំពោះកិច្ចសហការក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ ដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតា និងអាជ្ញាធរមូលដ្ឋានផង។ លោកថ្លែងថា៖ «ខណ:សាលារៀនផ្អាកជាបណ្តោះអាសន្នដោយសារព្រឹត្តិការណ៍ ២០ កុម្ភ: លោកគ្រូ អ្នកគ្រូបាននិងកំពុងដើរតួនាទីសំខាន់មួយ ក្នុងការចូលរួមបន្តផ្តល់ការរៀនសូត្រតាមអនឡាញ និងយន្តការលើកទឹកចិត្តអ្នកសិក្សាឱ្យបន្តរៀនសូត្រ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំបានស្នើឱ្យគណៈអភិបាលខេត្ត ក្រុង ស្រុក ឃុំ ភូមិ ជួយចាត់វិធានការបន្ថែមក្នុងការគ្រប់គ្រង និងតាមដានជនចំណូលស្រុក»។

យុវតី ហួ បុប្ផា ប្រធានក្រុមគាំទ្រកុមារ និងយុវជននៃអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជាប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២៣ ខែមីនាថា ក្រុមបណ្តាញដែលដឹកនាំដោយកុមារ និងយុវជនកាលពីថ្ងៃទី ២០-២១ ខែមីនា បានរៀបចំកម្មវិធីវេទិកាកុមារ និងយុវជនថ្នាក់ក្រោមជាតិនៅខេត្ដបាត់ដំបង និងសៀមរាបតាមរយៈអនឡាញ (Zoom Meeting) ស្ដីពី «ការទទួលបានការអប់រំរបស់កុមារដែលធ្វើចំណាកស្រុក» ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនជាពិសេស អាជ្ញាធរមូលដ្ឋាន អាណាព្យាបាល និងកុមារអំពីសារៈសំខាន់នៃការទទួលបានការអប់រំរបស់កុមារដែលចំណាកស្រុក។ យុវតីរូបនេះប្រាប់ថា៖ «បន្ទាប់ពីបញ្ចប់វេទិកានេះនៅថ្ងៃទី ១៩ ខែមេសា ខាងមុខយើងនឹងជួបជុំគ្នា ធ្វើសេចក្ដីថ្លែងការណ៍កុមារទាក់ទងជាមួយនឹងការចំណាកស្រុករបស់កុមារកម្ពុជាឆ្លងទៅប្រទេសថៃ។ បន្ទាប់ពីធ្វើសេចក្ដីថ្លែងការណ៍នេះ យើងនឹងយកសំណូមពរ និងអនុសាសន៍នេះទៅធ្វើកិច្ចពិភាក្សាជាមួយអ្នកពាក់ព័ន្ធដែលពួកគាត់មានសិទ្ធិក្នុងការធ្វើការងារលើផលវិបាករបស់កុមារចំណាកស្រុកនេះ»៕

website_news/2021260305.txt · Last modified: 2021/03/26 12:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki