website_news:2021260401

សម្តីពលករខ្មែរ១១នាក់រៀបរាប់ពីគំរោងការរបស់មេខ្យល់នាំឆ្លងដែនទៅថៃដោយរបៀបណា

https://kohsantepheapdaily.com.kh/ Banteay Meanchey ២៣ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១៤:២៧

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខបានឱ្យដឹងថា នៅវេលាម៉ោង០០និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កងកម្លាំងចម្រុះមានកងទ័ព កងរាជអាវុធហត្ថ និងកម្លាំងនគរបាលដែលឈរជើងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ពលករឆ្លងដែនដោយខុសច្បាប់ បានធ្វើការចុះល្បាត ហើយក៏ឃាត់ខ្លួនមនុស្សបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន១៤នាក់ ក្នុងនោះមេខ្យល់ចំនួន៣នាក់ និងពលករជាជនរងគ្រោះចំនួន១១នាក់ (ក្នុងនោះកុមារចំនួន២នាក់) ផងដែរ ។ លោកវរសេនីយ៍ឯក ព្រហ្ម សុភា បានបញ្ជាក់ទៀតថា ក្នុងការឃាត់ខ្លួនមេខ្យល់ និងជនរងគ្រោះខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យផងដែរ។ ចំណែកមេខ្យល់ និងពលករ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យ បញ្ជូនមកប្រគល់ឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធីបន្ត ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា បើតាមការបំភ្លឺពីពលករខ្មែរទាំង១១នាក់ខាងលើថា មេខ្យល់ចំនួន៣នាក់ដលមាន ៖ ១.ឈ្មោះ ផៃ ធី ភេទប្រុស អាយុ៤១ឆ្នាំ, ២.ឈ្មោះសាំ អៀន ភេទប្រុស អាយុ៤៧ឆ្នាំ និង៣.ឈ្មោះអ៊ូ សុខា ភេទប្រុស អាយុ៣៤ឆ្នាំ បានតេតាមទូរស័ព្ទមកទំនាក់ទំនងពួកគាត់ថា «តើចង់ទៅប្រទេសថៃអត់?» ហើយពួកគាត់ក៏បានសួរវិញថា «ចេញទៅបានមែនអត់» មេខ្យល់នោះក៏បានប្រាប់ពួកគាត់វិញថា «ចេញទៅបាន ដោយត្រូវបង់លុយឱ្យពួកគេក្នុងម្នាក់៦ពាន់បាត (លុយថៃ)»។ ប្រភពដដែលបន្តថា បន្ទាប់មកពួកគេក៏បានឯកភាពគ្នា ហើយណាត់ថ្ងៃចេញដំណើរ គឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដោយពួកគេបានមកតាមការណាត់គ្នា ហើយមានម៉ូតូចាំទទួលដឹកពួកគេពីកន្លែងដីពុះឡូតិ៍មួយកន្លែងក្នុងខេត្តសៀមរាប រួចវាងទៅតាមផ្លូវលំ ចំណុចផ្សារកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោយក៏ឡើងជិះរថយន្តបន្តមកចេញនៅចំណុចស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីគេចពីសមត្ថកិច្ចដែលឈរជើងបិទផ្លូវខេត្តនៅចំណុចស្ពានតាប៉ុន ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបានធ្វើដំណើររហូតមកដល់ចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិកូនដំរី ហើយម្ចាស់រថយន្តនោះក៏បានដាក់ពួកគាត់នៅទីនោះ ដោយប្រាប់ថា «បន្តិចទៀតមានគេមកយកបន្តហើយ»។ លុះរហូតដល់រសៀលថ្ងៃដដែល ក៏ស្រាប់តែរថយន្តដដែលមកយកពួកគាត់ទៅស្រុកម៉ាឡៃ ហើយក៏មានបុរសម្នាក់ទៀតមកចាំនាំផ្លូវពួកគាត់ដើរកាត់បម្រុងឆ្លងទៅប្រទេសថៃ ប៉ុន្តែពេលដើរបានប្រហែល៥០ម៉ែត្រ ស្រាប់តែមានសមត្ថកិច្ចដេញចាប់ពួកគាត់បានតែម្ដង ។

ចំណែកមេខ្យល់ទាំង៣នាក់ក៏បានឆ្លើយសារភាពថា ពួកគេពិតជាបានជូនពលករទាំងអស់ខាងលើ ដើម្បីចេញទៅប្រទេសថៃពិតប្រាកដមែន ដោយយកថ្លៃម្នាក់៦ពាន់បាត ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ក៏ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះហើយ។ ចំណែកជនរងគ្រោះចំនួន១១នាក់ ក្នុងនោះកុមារចំនួន២នាក់ផងនោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ (QC2) ថ្នាក់ខេត្ត (កងវ៉ា) ក្នុងក្រុងសិរីសោភ័ណហើយ៕

website_news/2021260401.txt · Last modified: 2021/04/26 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki