website_news:2021260403

កម្លាំងអាវុធហត្ថ បញ្ជូនមេខ្យល់នាំមនុស្សឆ្លងដែន ទៅសាលាដំបូងខេត្ត ចំណែកពលករ ១០នាក់ ដែលចាញ់បោកមេខ្យល់ត្រូវនាំទៅមណ្ឌល ចត្តាឡីស័ក

https://www.gntimes.com/news/ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១

បន្ទាយមានជ័យ៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានប្រគល់ជនសង្ស័យជាមេខ្យល់ម្នាក់ និងបងប្អូនពលករខ្មែរ ១០នាក់ ឲ្យកម្លាំងអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងចាត់តាមនិតិវិធី ក្រោយឃាត់ខ្លួននៅចំណុចបង្គោលគីឡូលេខ ៣៤ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ឡៃ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ នេះ ។ ជនសង្ស័យជាមេខ្យល់ខាងលើឈ្មោះ ម៉ក់ ឈន់ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតរថយន្តមួយគ្រឿងម៉ាក TOYOTA CAMARY បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-9578 ។

លោកវរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខបានឱ្យដឹងថា ក្រោយឃាត់ខ្លួនមេខ្យល់ខាងលើ កម្លាំងបានធ្វើការសាកសួរ មេខ្យល់រូបនេះបានប្រាប់ថា គេមានបក្ខពួកម្នាក់ទៀតឈ្មោះ សួស គីម ដែលត្រៀមបម្រុងដឹកពលករ ១០នាក់ ខាងលើ នៅចំណុចភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ដោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងតំបន់ប្រតិការសឹករងបានចុះទៅដល់ចំណុចខាងលើ ហើយមេខ្យល់ឈ្មោះ សួស គីម បានដឹងខ្លួនក៏បើកទ្វារឡានរត់គេចខ្លួនបាត់ បន្សល់ទុកតែឡាន និងពលករដែលជិះក្នុងនោះ ១០នាក់ ក្នុងនោះមានកុមារ៤នាក់ផងដែរ ។ ចំណែករថយន្តដែលទុកចោលនោះ ម៉ាក TOYOTA CAMERY ផលិតឆ្នាំ ១៩៩៦ ចង្កូតឆ្វេង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2F-5767 ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាវុធហត្ថខេត្តបានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការ អាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងការិយាល័យបង្ក្រាបការជួញដូរមនុស្សទៅធ្វើការសាកសួរចម្លើយជនរងគ្រោះទាំងអស់ នៅបញ្ជាដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ដោយមេខ្យល់ឈ្មោះ ម៉ក់ ឈន់ បានឆ្លើយសារភាពថា រូបគេគ្រាន់តែជាអ្នកមើលផ្លូវឱ្យឈ្មោះ សួស គីម តែប៉ុណ្ណោះ ដោយឈ្មោះ សួស គីម ឱ្យថ្លៃស្នួល១លើក ចំនួន ១០ម៉ឺន ទៅ ១២ម៉ឺនរៀល ហើយឈ្មោះ សួស គីម នេះ ពិតជាបានរកស៊ីដឹកជញ្ជូនពលករចេញទៅប្រទេសថៃជាញឹកញាប់ពិតប្រាកដមែន ។

ក្រោយសួចម្លើយរួច ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃអាទិត្យ ទី ២៥ ខែ មេសា ឆ្នាំ ២០២១នេះ ។ ចំណែកជនរងគ្រោះ ១០នាក់ ក្នុងនោះកុមារ ៤នាក់ ផងនោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត២ (QC2) ថ្នាក់ខេត្ត (កងវ៉ា) ក្នុងក្រុងសិរីសោភ័ណ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខមេខ្យល់ឈ្មោះ សួស គីម ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕

website_news/2021260403.txt · Last modified: 2021/04/26 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki