website_news:2021260406

មន្រ្តីសង្គមស៊ីវិលជំរុញតុលាការឱ្យអនុវត្តច្បាប់តឹងរ៉ឹង លើយោធាផ្កាយពីរ និងបក្ខពួកដែលរត់ពន្ធជនជាតិចិនពីកន្លែងមួយទៅកន្លែងមួយ

https://www.rfa.org/khmer/news/ 2021-04-23

មន្រ្តីសង្គមស៊ីវិលជំរុញទៅតុលាការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់លើមន្រ្តីយោធាជាន់ខ្ពស់ និងបក្ខដែលបានយកតួនាទីរបស់ខ្លួនប្រព្រឹត្តបទល្មើស។ ការលើកឡើងបែបនេះ ខណៈតុលាការខេត្តស្វាយរៀងកំពុងបន្តនីតិវិធីសាកសួរឧត្តមសេនីយ៍ផ្កាយពីរលោក ស៊ុំ ពៅ និងបក្ខពួកដែលបានរត់ពន្ធជនជាតិចិនចំនួន ២៨នាក់ពីស្វាយរៀងទៅភ្នំពេញ។ មន្ត្រីជាន់ខ្ពស់យោធារូបនេះត្រូវបានបណ្តេញចេញពីក្របខណ្ឌហើយ នៅថ្ងៃទី២៣ មេសា តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ មេយោធា និងមន្រ្តីសង្គមស៊ីវិលយល់ដូចគ្នាថា ឧត្តមសេនីយ៍ផ្កាយពីរ ស៊ុំ ពៅ និងបក្ខពួក ៦នាក់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចពលរដ្ឋផ្សេងទៀត ដែលបំពានបម្រាមការធ្វើដំណើររបស់រដ្ឋាភិបាល។

ប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ថា យោធាផ្កាយពីរ និងបក្ខពួកជាអ្នកដឹងច្បាប់ ប៉ុន្តែល្មើសច្បាប់ហើយថែមទាំងមានចេតនា ក្នុងការប្រព្រឹត្តបទល្មើស ដូច្នេះស្ថាប័នអនុវត្តច្បាប់ត្រូវមានវិធានការម៉ឺងម៉ាត់ចំពោះក្រុមមន្ត្រីទាំងនេះ។ លោកបន្តថា ករណីនេះបង្កការគំរាមកំហែងដល់សុវត្ថិភាពសង្គម ខណៈកម្ពុជាកំពុងជួបគ្រោះរាតត្បាតជំងឺកូវីដ១៩៖ «គាត់យកពេលវេលា និងតួនាទីគាត់ដែលជាមន្រ្តីយោធាជាន់ខ្ពស់ ហើយគាត់យកបេសកម្មគាត់ដែលមន្រ្តីជាន់ខ្ពស់បង្កើតរបបនេះ ខ្ញុំគិតថាជារឿងមួយរំលោភធ្ងន់ធ្ងរណាស់ទៅលើបម្រាមរដ្ឋាភិបាល ដូច្នេះគួរមានវិធានការឱ្យតឹងរ៉ឹងលើមន្ត្រីទាំងអស់ហ្នឹង»។ មន្រ្តីសង្គមស៊ីវិលលើកឡើងបែបនេះ ខណៈតុលាការខេត្តស្វាយរៀង កំពុងបន្តនីតិវិធីសាកសួរអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន ៦នាក់ផ្សេងទៀត ទាក់ទងនឹងរឿងរត់ពន្ធដឹកជនជាតិចិនចំនួន ២៨នាក់ កាលពីថ្ងៃទី២២ ខែមេសា ពីខេត្តស្វាយរៀងទៅរាជធានីភ្នំពេញ។ ទង្វើរបស់ក្រុមមន្ត្រីយោធាទាំងនេះ ផ្ទុយពីបទបញ្ជា និងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។ អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះបន្ថែមពីមន្ត្រីតុលាការខេត្តស្វាយរៀងបាននៅឡើយទេ នៅថ្ងៃទី២៣ ខែមេសា។

ដោយឡែកចំពោះជនជាតិទាំង ២៨នាក់នោះវិញ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និយាយថា ពេលនេះសមត្ថកិច្ចដាក់ឱ្យពួកគេធ្វើចត្តាឡឺស័កចំនួន ១៤ថ្ងៃសិន មុននឹងសម្រេចថា តើពួកគេនឹងត្រូវទទួលទោស ឬបណ្ដេញពីកម្ពុជា ឬមួយយ៉ាងណានោះ។

របាយការណ៍របស់សមត្ថកិច្ចឱ្យដឹងថា យោធាផ្កាយពីរ លោក ស៊ុំ ពៅ បានបើករថយន្តចំនួន ៤គ្រឿងដឹកជញ្ជូនជនជាតិចិន ក្នុងនោះក៏មានប្រើរថយន្តស៊ីរ៉ែនរបស់យោធាផងដែរ។ សកម្មភាពបែបនេះរបស់ លោកផ្កាយពីរ ស៊ុំ ពៅ អាចធ្វើទៅបាន ដោយសារលោកមានលិខិតធ្វើបេសកម្មរយៈពេញមួយខែក្នុងខែមេសា ដែលចេញដោយប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្រ្តយោធា លោក មាស វណ្ណា។

ជុំវិញបញ្ហានេះ អាស៊ីសេរីមិនទាន់អាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ លោក ថោង សូលីម៉ូ បានទេ នៅថ្ងៃទី២៣ ខែមេសា ដោយសារទូរស័ព្ទចូល តែគ្មានអ្នកទទួល។ រីឯអ្នកនាំពាក្យ កងទ័ពជើងគោក លោក ម៉ៅ ផល្លា សុំមិនធ្វើអត្ថាធិប្បាយរឿងនេះទេ ដោយប្រាប់ថា មិនស្ថិតក្នុងផ្នែករបស់លោក។

សារព័ត៌មានក្នុងស្រុកបានចុះផ្សាយសារសំឡេងរបស់អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ លោក វង្ស ពិសេន ដោយលោកបានថ្លែងថា លោកមិនយោគយល់ចំពោះលោក ស៊ុំ ពៅ ដែលហ៊ានល្មើសម្រាមរបស់លោក ហ៊ុន សែន នោះទេ។ មេយោធារូបនេះ បញ្ជាទៅប្រធានអង្គភាពនានារបស់លោកឱ្យបញ្ឈប់ការចេញលិខិតបេសកម្មទៅមន្ត្រីថ្នាក់ក្រោម និងប្រាប់ឱ្យប្រមូលយកលិខិតនោះមករក្សាទុកវិញ៖ «សារឿនបានតេមកប្រាប់ហើយ ខ្ញុំថា ឱ្យធ្វើតាមផ្លូវច្បាប់ទៅ អាហ្នឹងជួញដូរមនុស្សជួញអី បទបញ្ជាសម្ដេចគ្មានអ្នកណាមួយយកទៅពាំងរឿងហ្នឹង ហើយបើបុគ្គលណានៅតែហ៊ានធ្វើអ៊ីចឹងទៀត គឺទទួលខុសត្រូវតាមច្បាប់ទៅ»។

ក្រោយករណីនេះកើតឡើង ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យដកហូតស័ក្តិ និងបណ្តេញលោក ស៊ុំ ពៅ ចេញពីក្របខណ្ឌមន្ត្រីយោធានៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៣ មេសា។ ទោះយ៉ាងណា នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត ជំរុញឱ្យតុលាការដាក់ទោសទណ្ឌធ្ងន់ធ្ងរបន្ថែមទៀតលើមន្ត្រីយោធារូបនេះ៖ «បើយោងតាមបទពិសោធន៍មុនៗ មក សូម្បីតែអធិការស្រុកកំរៀង ក៏ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ហើយដកស័ក្កដែរ ហើយផ្កាយពីរថ្ងៃមុន ក៏ត្រូវដកចេញពីក្របខណ្ឌដែរ អ៊ីចឹងករណីនេះក៏ធ្ងន់ធ្ងរជាងទៅទៀត។ អ៊ីចឹងគួរពិនិត្យពិចារណាដែរ ដើម្បីសុក្រិតភាព និងភាពយុត្តិធម៌»។ ករណីមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធប្រព្រឹត្តល្មើសនឹងបម្រាមរបស់រដ្ឋាភិបាលនេះបានកើតឡើងជាបន្តបន្ទាប់។ កាលពីពេលថ្មីៗ នេះ នគរបាលពាក់ផ្កាយពីរម្នាក់ គឺលោក អ៊ុង ចាន់ធួក បានជុំគ្នាទទួលទានគ្រឿងស្រវឹងបំពានបម្រាមរដ្ឋាភិបាល។ លោកត្រូវបានក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខណ្ឌ ហើយតុលាការក្រុងភ្នំពេញបានចោទលោក និងបក្ខពួកពីរនាក់ទៀតពីបទរារាំងដល់ការអនុវត្តវិធានការនៃច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩។

ចាប់តាំងពីរដ្ឋាភិបាលអនុវត្តបម្រាមរឹតត្បិតការធ្វើដំណើរ និងរាំងខ្ទប់តំបន់មួយចំនួន ដែលផ្ទុះជំងឺកូវីដ១៩ មក អាជ្ញាធរបានចាប់ខ្លួនជនបរទេសជាង ៣០នាក់ រួមមាន ជនជាតិចិន វៀតណាម និងជនជាតិឥណ្ឌូនេស៊ី ហើយនិងពលរដ្ឋខ្មែរ៤នាក់ ដែលរត់ការដឹកជនបរទេសទាំងនោះឆ្លងពីខេត្តមួយទៅខេត្តមួយ។ តុលាការបានចោទប្រកាន់ពួកគេជុំវិញករណីល្មើសបម្រាមនៃការធ្វើដំណើរ។ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដាក់ទោសអ្នកបំពានច្បាប់នេះឱ្យជាប់ពន្ធនាគារ ពី ៦ខែទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពីពីរលានរៀលឡើងទៅ៕

website_news/2021260406.txt · Last modified: 2021/04/26 11:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki