website_news:2021260409

អតីតនាយទាហានផ្កាយ ២ ឈ្មោះ ស៊ុំ ពៅ និងបក្ខពួក ត្រូវបានតុលាការខេត្ដស្វាយរៀង សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់ក្នុងម្នាក់ៗ ៣ បទល្មើស

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 24 April 2021 | 19:24 ICT

ស្វាយរៀង៖ អតីតនាយទាហានផ្កាយ ២ ឈ្មោះ ស៊ុំ ពៅ និងបក្ខពួក ៥ នាក់ផ្សងទៀត ត្រូវបានសាលាដំបូងខេត្ដស្វាយរៀងសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ នេះ ដោយចោទប្រកាន់ក្នុងម្នាក់ៗចំនួន ៣ បទល្មើស។ នេះបើតាមប្រសាសន៍លោក ទេព ផល្លា អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង ដែលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅមុននេះ។ លោកបានថ្លែងថា៖ «បុគ្គលឈ្មោះ ស៊ុំ ពៅ និងបក្ខពួក ត្រូវបានតុលាការចោទប្រកាន់ក្នុងម្នាក់ៗ ៣ បទល្មើស រួមមានបទជួញដូរមនុស្ស និងសមគំនិត តាមបញ្ញត្តិមាត្រា ១៣, មាត្រា ១៥ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ, បទផ្ដើមគំនិតក្នុងការប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈតាមបញ្ញត្តិមាត្រា ២៨ និងមាត្រា ៦១២ នៃក្រមព្រហ្មទណ្ឌ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយបញ្ញត្តិមាត្រា ៧៩ នៃច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ»។

យោងតាមបទចោទ និងមាត្រាទាំងប៉ុន្មានខាងលើនេះ ជនត្រូវចោទឈ្មោះ ស៊ុំ ពៅ និងបក្ខពួក នឹងត្រូវប្រឈមការផ្ដន្ទាទោសជាប់ពន្ធនាគារចន្លោះពី ១៧ ឆ្នាំ ១ ខែ ដល់ ២៦ ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី ៤,១ លានរៀល ដល់ ១២ លានរៀល។

អតីតនាយទាហានផ្កាយ ២ ឈ្មោះ ស៊ុំ ពៅ និងបក្ខពួក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១ ពាក់ព័ន្ធករណីរត់ពន្ធមនុស្ស (ជនជាតិចិន ២៨ នាក់) ពីភ្នំពេញទៅខេត្តស្វាយរៀង តាមមធ្យោបាយដឹកជញ្ជូនរថយន្តទំនើប ដោយមានពាក់ស្លាកលេខ (ខ.ម) និងបានបំពានលើបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូល ឬឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្តទូទាំងប្រទេស ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩។ ក្រោយការចាប់ខ្លួន ២ ថ្ងៃ អតីតនាយទាហានផ្កាយ ២ រូបនេះ ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌកងទ័ពផងដែរ។

យោងមាត្រា ១ នៃព្រះរាជក្រឹត្យដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះអង្គទ្រង់បានត្រាស់បង្គាប់យ៉ាងដូច្នេះថា៖ «ដកហូតឋានន្ដរស័ក្ដិនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ»៕

website_news/2021260409.txt · Last modified: 2021/04/26 11:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki