website_news:2021260508

មេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ជាង២០០នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២៥ ឧសភា ២០២១ដោយ Sokhom Khon

រហូតមកដល់ពេលនេះ មានមេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ ចេញ ចូលប្រទេសកម្ពុជាជាង២០០នាក់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍នៅរសៀលថ្ងៃទី២៥ ខែឧសភានេះថា ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់មេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចេញ ចូលប្រទេសកម្ពុជា ចំនួន២២២នាក់ ស្រី១៥នាក់ បញ្ជូនទៅតុលាការ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការចាប់មេខ្យល់ទាំងនោះ ភាគច្រើននាំពលករចេញ ចូលប្រទេសកម្ពុជា និងថៃ។ ចំណែកមេខ្យល់នាំពលករចេញចូលកម្ពុជា និង វៀតណាមវិញមានចំនួនតិចតួចទេ។ យ៉ាងណាក៏ដោយ ចាប់តាំងពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្តទូទាំងប្រទេសមក ឃើញថាសកម្មភាពការនាំចូលពលករខ្មែរទៅប្រទេសថៃបានកើតមានជាបន្តបន្ទាប់ ទោះបីជាអាជ្ញាធរថៃបានបន្តបិទព្រំដែនដោយសារការផ្ទុះជំងឺកូវីដ១៩ក៏ដោយ។ ជាក់ស្តែងអាជ្ញាធរខេត្តបន្ទាយមានជ័យក៏ដូចជាខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនមេខ្យល់ និងពលករខ្មែរដែលបម្រុងចេញទៅប្រទេសថៃជាបន្តបន្ទាប់ ហើយ បញ្ជូនមេខ្យល់ទាំងនោះ ទៅកាត់ទោសតាមផ្លូវច្បាប់ផងដែរ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអំពាវនាវដល់ពលករទាំងអស់ សូមបញ្ឈប់ការឆ្លងដែនខុសច្បាប់ និងកុំចាញ់បោកបញ្ឆោតក្រុមមេខ្យល់ទាំងនោះ ដើម្បីចៀសវាងការទទួលការផាកពិន័យនិងទោសទណ្ឌតាមផ្លូវច្បាប់៕ អត្ថបទ ៖ សំអឿន

website_news/2021260508.txt · Last modified: 2021/05/26 11:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki