website_news:2021260703

លោក នេត សាវឿន ស្នើឱ្យប៉ុស្តិ៍ច្រកទ្វារព្រំដែន ត្រូវគ្រប់គ្រងឱ្យបាននូវបញ្ជីពលករ ពីក្រៅប្រទេស និងអ្នកបើកបររថយន្ត

https://postkhmer.com/national/ មុំ គន្ធា | Publication date 23 July 2021 | 18:30 ICT

ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (គ.អ.ក) ទទួលបន្ទុកអនុគណៈកម្មការច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក បានស្នើឱ្យប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគី និងអន្តរជាតិ នៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ ត្រូវគ្រប់គ្រងឱ្យបាន នូវបញ្ជីពលករចំណូលស្រុកពីក្រៅប្រទេស អ្នកបើកបររថយន្ត ស្លាកលេខរថយន្ត និងអាសយដ្ឋានទំនាក់ទំនងឱ្យបានត្រឹមត្រូវ។

ការស្នើដូចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំដកពិសោធន៍ការងារគ្រប់គ្រងស្ថានការណ៍កូវីដ១៩ របស់អនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្តជាប់ព្រំដែន នាថ្ងៃទី២៣ ខែកក្កដានេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំប្រមូលផ្តុំអំពីស្ថានការណ៍ក្នុងការអនុវត្តការងារបង្ការ ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយប្រមូលផ្តុំធាតុចូលទាំងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរ ដើម្បីយកជាមូលដ្ឋានកែលម្អផែនការសកម្មភាព និងចាត់វិធានការបំពេញបន្ថែម សំដៅចូលរួមបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសបង្ការ ទប់ស្កាត់ការផ្ទុះក្នុងសហគមន៍នូវជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

លោក នេត សាវឿន បានលើកឡើងថា លេខាធិការដ្ឋាន នៃអនុគណៈកម្មការច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវបូកសរុបបញ្ហាប្រឈម និងសំណូមពររបស់អង្គប្រជុំ ដាក់ជូនគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិនិត្យដោះស្រាយ។ លោកបានបន្តថា៖ «យើងត្រូវរួមគ្នាទាំងការងារដឹកនាំកម្លាំង ធនធាន មធ្យោបាយ សម្ភារ ក្នុងការដោះស្រាយ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងពិសេសការពារប្រកបដោយ ប្រសិទ្ធភាព លើការនាំចូលឆ្លងរាតត្បាតនូវមេរោគបំប្លែងថ្មី Delta»។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាអនុប្រធានអនុគណ:កម្មការច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក និងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធាន គណៈប្រតិបត្តិ (គ.អ.ក) បានចូលរួមផ្តល់យោបល់បំពេញបន្ថែម សំដៅជំរុញឱ្យការអនុវត្តភារកិច្ចរបស់អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ឱ្យមានដំណើរការកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

website_news/2021260703.txt · Last modified: 2021/07/26 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki