website_news:2021260704

ត្រៀមយកវិទ្យាល័យអន្លង់វិល ជាទីតាំងធ្វើចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ

https://www.kampucheathmey.com/ 24/07/2021

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមជាមួយមន្ត្រីនៃមន្ទីរពាក់ព័ន្ធបានចុះពិនិត្យទីតាំងសាលាវិទ្យាល័យអន្លង់វិល ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ក្នុងការត្រួតពិនិត្យសុខភាពសម្រាករយៈពេលចំនួន១៤ថ្ងៃ ក្រោយពីបងប្អូនពលករបានវិលត្រឡប់ពីប្រទេសថៃវិញគឺត្រូវបញ្ជូនឲ្យមកកាន់មណ្ឌលចត្តាឡីស័កនៅទីនេះតែម្តង។ ក្នុងឱកាសចុះពិនិត្យនារសៀលថ្ងៃទី២៣ ខែកក្កដា លោក ងួន រតនៈ បានមានប្រសាសន៍ឲ្យដឹងថា ទីតាំងដែលត្រូវគ្រោងរៀបចំនេះ យ៉ាងហោចណាស់ចំនួន០៣ទីតាំងផ្សេងៗគ្នា ក្នុងស្រុកសង្កែសម្រាប់ត្រៀមទទួលបងប្អូនពលករក្រោយពីបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែននានា ដូចជាខេត្តឧត្តរមានជ័យ និងខេត្តមួយចំនួនទៀត ក្រៅពីពលករចូលមកតាមច្រកនានា នៃខេត្តបាត់ដំបង។

លោក សុខ ហឿន អភិបាលស្រុកសង្កែ ក៏បានបញ្ជាក់ឲ្យដឹងដែរថា តាមតម្រូវការចាំបាច់របស់រដ្ឋបាលខេត្តអាជ្ញាធរស្រុកអាចផ្តល់ទីតាំង និងរៀបចំ ចំនួន៣កន្លែងដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ត្រួតពិនិត្យសុខភាពពលករដែលវិលត្រឡប់ពីប្រទេសថៃ តាមច្រករបៀងនានា នៃខេត្តបាត់ដំបង និងពលករមកពីតាមបណ្តាខេត្តមួយចំនួនក្នុងការសម្រាកនៅរយៈពេល១៤ថ្ងៃ ដើម្បីត្រួតពិនិត្យសុខភាពយកវត្ថុសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ មុននឹងឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋាន និងស្រុកកំណើតរបស់ខ្លួនវិញក្រោយពីធ្វើតេស្ត”អវិជ្ជមាន”។ លោកអភិបាលស្រុកបានបន្តថា ទីតាំងសាលារៀនដែលត្រូវរៀបចំមាន៣ទីតាំងផ្សេងគ្នាក្នុងស្រុកនេះយ៉ាងហោចណាស់អាចទទួលបងប្អូនពលករសរុបប្រមាណ១ពាន់នាក់ អាចមកសម្រាកក្នុងមណ្ឌលចត្តាឡីស័កដើម្បីអនុវត្តតាមវិធានការរយះពេល១៤ថ្ងៃបានដោយមានផាសុខភាពល្អ ដើម្បីឲ្យក្រុមគ្រូពេទ្យតាមដានលើសុខភាពរបស់ពួកគេជាប្រចាំ ខណៈដែលពលករដែលត្រូវមកសម្រាកតាមដានរោគសញ្ញានៅទីនេះ គឺជាពលករចម្រុះដែលបានមកពីតាមបណ្តាខេត្តនានាក្រោយពួកគេបានវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនដែលស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យដែលនិងត្រូវបញ្ជូនមកកាន់ទីនេះផងដែរ៕ អត្ថបទ ៖ សៅ សារិទ្ធ

website_news/2021260704.txt · Last modified: 2021/07/26 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki