website_news:2021260706

មេខ្យល់ ២នាក់លួចនាំពលករចេញទៅប្រទេសថៃខុសច្បាប់ ត្រូវយោធាឃាត់ខ្លួន

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ២៤ កក្កដា ២០២១ដោយ Kang Tola

បន្ទាយមានជ័យ ៖ កម្លាំងការពារ វរសេនាតូច៩១១ កម្លាំងប៉ុស្តិ៍បឹងសាគូ សហការជាមួយកម្លាំងយោធាកងពល៥១ បានធ្វើការឃាត់ខ្លួនមេខ្យល់បាន២នាក់ បម្រុងនាំពលករទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ នៅវេលាម៉ោង៤.២៥ទៀបភ្លឺ ចូលថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុចខាងមុខកាស៊ីណូDNA ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។ វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ បានប្រាប់ឲ្យដឹងថា មេខ្យល់ទាំង២នាក់១ឈ្មោះ ឡូញ ឡែម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះ សាន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីសមត្ថកិច្ចចំរុះឃាត់ខ្លួនធ្វើការសួរនាំ និងធ្វើការត្រួតពិនិត្យ ឃើញមានទូរសព្ទដៃ១គ្រឿង មានសារជាសម្លេងឆ្លើយឆ្លងគ្នា ចាំទទួលមនុស្សនៅខាងក្រោយផ្សារឡុងក្លឿប្រទេសថៃ និងមានម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ផលិតឆ្នាំ2019 ពណ៌ខ្មៅ គ្មានស្លាកលេខ។ ដោយយោងតាមបញ្ជារបស់លោកមេបញ្ជាការរង ទទួលទិសឲ្យនាំជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង បញ្ជូនទៅទីបញ្ជាការវរសេនាតូច៩១១ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕ ដោយ ៖ វ៉ាន់ ណាង

website_news/2021260706.txt · Last modified: 2021/07/26 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki