website_news:2021260801

នគរបាលស្រុកកំរៀងកំពុងតាមចាប់មេខ្យល់ម្នាក់ បន្ទាប់ពីឃាត់ខ្លួនពលករកំពុងលួចឆ្លងដែន ៣៨ នាក់

https://m.postkhmer.com/ អោម ប៊ុនធឿន24 August 2021 | 10:02 ICT

បាត់ដំបងៈ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំរៀង កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យជាមេខ្យល់ម្នាក់ បន្ទាប់ពីឃាត់ខ្លួនពលរដ្ឋ ៣៨ នាក់ ខណៈពួកគេប៉ុនប៉ងលួចឆ្លងដែនដោយខុសច្បាប់តាមមេខ្យល់កាលពីយប់ថ្ងៃទី ២១ សីហា នៅចំណុចស្ពានអូរចម្លង ស្ថិតក្នុងភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង។

លោក ង៉ែត វណ្ណា អធិការរងនគរបាលស្រុកកំរៀងថ្លែងនៅថ្ងៃទី ២៣ ខែសីហាថា សមត្ថកិច្ចនគរបាលស្រុកកំរៀងកំពុងស្រាវជ្រាវតាមនីតិវិធី ដើម្បីចាប់ខ្លួនជនសង្ស័យជាមេខ្យល់ម្នាក់ ដែលប្រមូលពលរដ្ឋបម្រុងនាំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ។ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចនគរបាលការពារព្រំដែនគោកលេខ ៨១៩ ឃាត់ពលរដ្ឋបាន ៣៨ នាក់នៅយប់ថ្ងៃទី ២១ សីហា នៅចំណុចស្ពានអូរចម្លង ស្ថិតក្នុងភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ហើយនៅពេលនោះ មេខ្យល់រត់គេចខ្លួនបាត់។ លោកបន្តថា នៅថ្ងៃទី ២២ សីហា នៅម៉ោងជាង ១១ ព្រឹកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានទទួលពលរដ្ឋចំនួន ៣៨ នាក់ ស្រី ចំនួន ១៥ នាក់ អនីតិជនចំនួន ១៣ នាក់ ស្រីចំនួន ៥ នាក់ពីនគរបាលការពារព្រំដែនគោកលេខ ៨១៩ យកមកសួរចម្លើយ។

បើតាមលោក ង៉ែត វណ្ណា ពលរដ្ឋទាំងអស់នោះបានឆ្លើយថា ពួកគេមកពីខេត្តផ្សេងៗគ្នាមានខេត្តកំពង់ចាម និងត្បូងឃ្មុំជាដើម ដោយមេខ្យល់ប្រើទូរស័ព្ទទាក់ទង ដើម្បីនាំលួចឆ្លងដែនចេញទៅប្រទេសថៃយកថ្លៃឈ្នួលក្នុងម្នាក់ ៥ ៥០០ បាត ដោយជូនដល់កន្លែងធ្វើការទើបយកប្រាក់។ លោកថ្លែងថា៖ «ពេលពួកគាត់មកដល់ស្រុកកំរៀង មានម៉ូតូឌុបមកឌុបទៅដាក់នៅក្នុងចម្ការដំឡូងមី ក្នុងភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង មិនយកថ្លៃ។ រហូតដល់ម៉ោង ៨ យប់ មេខ្យល់បាននាំពួកគាត់ដើរឆ្លងអូរព្រំដែនកម្ពុជា- ថៃ បានប្រមាណ ៥០០ ម៉ែត្រត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ចំណែកមេខ្យល់ពាក់មួកពាក់ម៉ាស់ឃ្លុំមុខជិតពលរដ្ឋអត់ស្គាល់ទេ»។ លោក វណ្ណា បញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ដែលសមត្ថកិច្ចបានឃាត់ខ្លួន ស្ថិតក្នុងចំណាត់ថ្នាក់ជាជនរងគ្រោះ ហេតុនេះក្រោយធ្វើការសាកសួរ សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ៕

website_news/2021260801.txt · Last modified: 2021/08/26 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki