website_news:2021260804

ដឹកជញ្ជូនពលករខែ្មរត្រឡប់ពីថៃ មកដាក់នៅមណ្ឌល ចត្តាឡីស័ក មុនបញ្ជួនទៅខេត្តរបស់ពួកគេ

https://kohsantepheapdaily.com.kh/ ២៥ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ០៩:១២

បន្ទាយមានជ័យ ៖ រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃទៅកាន់ខេត្តគោលដៅ ។ នេះបើយោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានផ្សាយនាព្រឹកថ្ងៃទី២៥ ខែសីហានេះ ។ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយតម្រូវឱ្យកងទ័ពដឹកជញ្ជូនប្រជាពលករខែ្មរ ដែលបានត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារ ដែលបានកំណត់យកមកដាក់នៅមណ្ឌលចត្តាឡីស័ក ដែលបានរៀបចំត្រៀមសម្រាប់ដាក់ពលករទាំងនោះនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មុននឹងដឹកជញ្ជូនបន្តទៅកាន់ខេត្ត ដែលជាគោលដៅ របស់ពួកគេ ។

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះរថយន្តដឹកជញ្ជូនរបស់កងពលតូចដឹកជញ្ជូនលេខ៩០ បានបន្តដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃមកដាក់ក្នុងមណ្ឌលចត្តាឡីស័កចំនួន៣៣៦នាក់ និងបានដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័ករួច១៤ថ្ងៃតាមការកំណត់ទៅកាន់ខេត្តគោលដៅនានាសរុបចំនួន២៧២នាក់។

ដើម្បីបង្ការជៀសវាងពលករទាំងនោះដើរ បែកខ្ញែកដែលនាំទៅចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងទ័ព ចេញដឹកជញ្ជូនប្រជាពលករខែ្មរទាំងនោះយកមកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលដែលបានរៀបចំរួចគ្រប់១៤ថ្ងៃ មុននឹងដឹកជញ្ជូនបន្តទៅកាន់ខេត្ត ដែលជាគោលដៅ របស់ពួកគេ ។ ដោយក្នុងប្រតិបត្តិការដឹកពលករនេះដែរត្រូវបានប្រើប្រាស់ រថយន្តដឹកជញ្ជូនរបស់ កងពលតូចដឹកជញ្ជូនលេខ៩០កងទ័ពជើងគោក និងកងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គបញ្ជាការ ។

សូមជម្រាបជូនផងដែរថា កងកម្លាំង និងរថយន្តរបស់កងពលតូចដឹកជញ្ជូនលេខ៩០ បានចុះដឹកជញ្ជូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃនេះ គឺនៅក្រោយពេលដែល មានការផ្ទុះ ឆ្លងមេរោគ កូវីដ-១៩ ជាសហគមន៍ នៅប្រទេសថៃ កាលពីចុងឆ្នាំ២០២០ កន្លងទៅ និងបានបន្តហូតមកដល់បច្ចុប្បន្ន ៕

website_news/2021260804.txt · Last modified: 2021/08/26 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki