website_news:2021260805

អ.ស.ប៖ សុខភាពផ្លូវចិត្តពលករចំណាកស្រុករងការគំរាមកំហែងក្នុងពេលវិបត្តិកូវីដ១៩

https://khmer.voanews.com/ 25 សីហា 2021 ហ៊ុល រស្មី

ភ្នំពេញ៖ ខណៈជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងសុខភាពផ្លូវកាយរបស់មនុស្ស ជំងឺនេះក៏បង្កផលប៉ះពាល់យ៉ាងធំធេងមកលើសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋជាពិសេសពលករចំណាកស្រុកដែលវិលចូលមកប្រទេសកម្ពុជាវិញ។ នេះជាការកត់សម្គាល់របស់ការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ការិយាល័យអង្គការសហប្រជាជាតិ បានយោងតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោកកាលពីខែឧសភាថា ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បានធ្វើឲ្យ«ការងារប្រមាណ១,៧លាននៅកម្ពុជា» ត្រូវប្រឈមនឹងហានិភ័យ ដែលបង្កជាបញ្ហាសង្គមសេដ្ឋកិច្ច និងបញ្ហាផ្លូវចិត្តខ្លាំងក្លាមកលើពលរដ្ឋកម្ពុជា។ កម្មករនិយោជិតនៅក្នុងឧស្សាហកម្មជាច្រើនត្រូវបានកាត់ប្រាក់ខែ ឬមុខរបរចិញ្ចឹមជីវិតរបស់ពួកគេ ត្រូវទទួលការគំរាមកំហែង។ សិស្សនិសិ្សត និងគ្រួសារត្រូវសម្របខ្លួន នៅពេលដែលសាលារៀនបិទទ្វារ ហើយគ្រប់គ្នាត្រូវទប់ទល់ជាមួយនឹងបញ្ហាជាច្រើនដូចជា ការរស់នៅដាច់ដោយឡែកពីគ្នា និងភាពមិនប្រាកដប្រជាដែលចេះតែបន្តកើនឡើង។ នេះបើតាមឯកសារព័ត៌មានស្តីពីការឆ្លើយតបរបស់អ.ស.ប នៅកម្ពុជាដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ។

ឯកសារព័ត៌មានរបស់អង្គការសហប្រជាជាតិដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី២៣ ខែសីហា បានគូសបញ្ជាក់ក្នុងន័យដើមថា៖ «បញ្ហាប្រឈមទាំងនេះធ្វើឲ្យមនុស្សមានអារម្មណ៍អន្ទះអន្ទែង និងធ្លាក់ទឹកចិត្ត។ ពលករទេសន្តរប្រវេសន៍ជាក្រុមដែលទទួលរងផលប៉ះពាល់ពិសេស ត្បិតពួកគេត្រូវខិតខំស្វែងរកប្រភពចំណូល ក្រោយពេលធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ដែលបង្កជាបញ្ហាស្រ្តេស(តប់ប្រម៉ល់) ការធ្លាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តដទៃទៀតយ៉ាងច្រើន»។ អង្គការសហប្រជាជាតិបន្ថែមថា គិតរហូតមកដល់ពេលនេះ មានពលករទេសន្តរ ប្រវេសន៍ ឬពលករចំណាកស្រុក កម្ពុជាជាង២២៥,០០០នាក់ ក្នុងនោះមានស្ត្រី៥៦%ហើយ ដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសជិតខាង ចាប់តាំងពីពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ចាប់ផ្តើមកើតឡើង។ ដូច្នេះ តម្រូវការសេវាសុខភាពផ្លូវចិត្តក៏មានការកើនឡើងផងដែរ។

លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន(Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ត្រូវគេដកស្រង់សម្តីក្នុងឯកសារព័ត៌មានរបស់អ.ស.ប ក្នុងន័យដើមថា៖ «សុខភាពពុំមាននោះឡើយ ប្រសិនបើពុំមានសុខភាពផ្លូវចិត្ត។ ជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងដល់សុខភាពផ្លូវចិត្តនៅកម្ពុជា ជាពិសេសពលរដ្ឋងាយរងហានិភ័យ ដូចជាពលករទេសន្តរប្រវេសន៍ជាដើម។ អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិកំពុងខិតខំធានាយ៉ាងណាឲ្យក្រុមងាយរងគ្រោះទាំងនេះ បានទទួលសេវាគាំទ្រសុខភាពផ្លូវចិត្ត និងចិត្តសង្គម»។

អ្នកការពារសិទ្ធិមនុស្សមួយចំនួនស្នើឲ្យរដ្ឋាភិបាលមានវិធានការឆ្លើយតបបន្ទាន់ទៅនឹងបញ្ហានេះ ដើម្បីបញ្ចៀសអំពើហិង្សាផ្សេងៗក្នុងគ្រួសារ និងសង្គម។ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យដែលជាប់ព្រំដែនថៃ លោក ស៊ុំ ចន្ទគា សង្កេតឃើញស្ថានភាពកាន់តែយ៉ាប់យឺនឡើងរបស់ពលករចំណាកស្រុក ដោយលោកជំរុញឲ្យរដ្ឋាភិបាលត្រូវមានវិធានការឆ្លើយតបជាក់លាក់ និងឲ្យចំក្រុមដែលកំពុងមានការលំបាកខ្លាំង ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពផ្លូវចិត្ត។ លោកពន្យល់យ៉ាងដូច្នេះ៖ «នៅក្នុងភូមិករណ៍របស់គាត់ ពីដើមគាត់អាងទៅថៃទៅអីទៅដើម្បីមានថវិកាផ្ញើឲ្យបងប្អូន សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ទីពីរទាក់ទងរឿងបំណុល។ បំណុលហ្នឹងនៅពេលដែលពួកគាត់ទៅធ្វើការនៅថៃនៅអី គាត់មានលុយសម្រាប់ដោះស្រាយបំណុលហ្នឹងប្រចាំជារៀងរាល់ខែ។ ប៉ុន្តែឥឡូវហ្នឹង ពួកគាត់ត្រឡប់មកសហគមន៍គាត់វិញ ហើយគាត់ប្រឈមមុខទាក់ទងកត្តាជីវភាព ដោយសារអត់មានការងារធ្វើ។ អត់មានអ្វីដែលជួយគាត់»។ លោកបន្ថែមថា រដ្ឋគួរមានវិធានការបន្ថែម ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ពលករចំណាក ស្រុកទាំងឡាយណាដែលកំពុងស្ថិតក្នុងស្ថានភាពគ្មានការងារធ្វើនិងអាចបាត់បង់ដីធ្លីផ្ទះសម្បែងទៅម្ចាស់បំណុល។

«ហើយតួនាទីរបស់ភ្នាក់ងាររដ្ឋ យើងឃើញដើរផ្សព្វផ្សាយឲ្យពួកគាត់ហ្នឹងបីកុំ បីការពារអីចឹងទៅ។ ប៉ុន្តែអ្វីដែល បីដោះស្រាយក្រពះ ឬក៏បួនដោះស្រាយក្រពះហ្នឹងវាអត់មាន។ ទីពីរទាក់ទងរឿងបំណុល។ បំណុលហ្នឹងបើសិនជាមិនមានការដោះស្រាយលក្ខណៈណាមួយ ជួយអំពីភ្នាក់ងាររបស់រដ្ឋ។ ជួយបន្ធូរបន្ថយ ឬយ៉ាងណាទេ ខាងធនាគារហ្នឹង គឺគេរាប់ថ្ងៃ រាប់ខែ រាប់លេខយកតែម្តង។ អីចឹងហើយ ពួកគាត់នឹងប្រឈមមុខទៅលើការបាត់បង់ ទៅលើដីធ្លីផ្ទះសម្បែង អចលនទ្រព្យរបស់គាត់បាទ»។

ការិយាល័យអង្គការសហប្រជាជាតិ លើកឡើងក្នុងឯកសារព័ត៌មានរបស់ខ្លួន ដែលមានកម្រាស់៤ទំព័រថា សុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសង្គម ក៏ជាផ្នែកមួយដ៏សំខាន់នៃការឆ្លើយតបចំពោះជំងឺកូវីដ១៩ ហើយការបន្តវិនិយោគលើសេវាគាំទ្រទាំងនេះ នឹងរួមចំណែកធ្វើឲយពលរដ្ឋកម្ពុជាទាំងអស់កាន់តែមានសុវត្ថិភាពនិងសុខភាពម៉ាំមួននាពេលអនាគត។

លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ដែលធ្វើការលើពលករចំណាកស្រុក យល់ស្របនឹងការវាយតម្លៃរបស់ការិយាល័យអង្គការសហប្រជាជាតិអំពីស្ថានភាពផ្លូវចិត្តរបស់ពលករចំណាកស្រុក ដែលបានវិលត្រឡប់មកពីប្រទេសក្បែរខាង ជាពិសេសប្រទេសថៃហើយ តែគ្មានការងារ និងមុខរបរចិញ្ចឹមជីវិត។ លោកប្រាប់វីអូអេបន្ថែមនៅថ្ងៃអង្គារនេះថា ការផ្តល់សេវាប្រឹក្សាយោបល់ ដែលអាចធ្វើឡើងនៅមណ្ឌលចត្តាឡីស័កជាកិច្ចការសំខាន់មួយ ដែលអាជ្ញាធរមូលដ្ឋានគួរសហការជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រឹងស្មារតីពលករចំណាកស្រុកដែលបានត្រឡប់មកវិញ ហើយកំពុងប្រឈមនឹងការជាប់បំណុលផងនោះ។ «រឿងប្រឹក្សាយោបល់ផ្លូវចិត្តរបស់គាត់ វាជារឿងចាំបាច់មួយដែលគួរធ្វើ នៅពេលដែលគាត់មកដល់ហ្នឹង ដើម្បីប៉ះប៉ូវផ្លូវចិត្តគាត់ កុំឲ្យភ័យ កុំឲ្យខ្លាច កុំឲ្យបារម្ភអី។ ខ្ញុំគិតថា ក្រៅពីការព្យាបាល ទៅលើជំងឺគាត់បើសិនជាគាត់ មានវិជ្ជមានអី។ល។និង។ល។ហ្នឹង ក៏ត្រូវតែមានព្យាបាលផ្លូវចិត្តមួយដែរ អាហ្នឹងចំណុចទីមួយ»។

បើតាមលោក មឿន តុលា ការផ្តល់ស្បៀងសង្គ្រោះបន្ទាន់ ឬក៏ការផ្អាកជាបណ្តោះអាសន្ននៃការសងបំណុល និងការផ្តួចផ្តើមឲ្យពលករចំណាកស្រុកទាំងអស់នោះមានមុខរបរក្នុងសហគមន៍ ដែលពួកគាត់រស់នៅអាចជាផ្នែកមួយនៃការបន្ធូរភាពតានតឹងខាងផ្លូវចិត្ត និងសេដ្ឋកិច្ចគ្រួសារផងដែរ។ «រឿងមួយទៀត ដែលត្រូវតែធ្វើដែរ គឺរឿងរៀបចំឲ្យគាត់មានមុខរបរនៅក្នុងសហគមន៍របស់គាត់ ដែលគាត់អាចមានចំណូលចាប់ផ្តើមពីល្មមរហូតដល់ចំណូលដែលអាចគាត់រស់នៅបាន។ អាហ្នឹងគឺជាចំណុចមួយដែលអាជ្ញាធរត្រូវពិចារណាដែរ។ ខ្ញុំឃើញរឿងកសិកម្មនេះ គឺជារឿងត្រឹមត្រូវដែលឲ្យគាត់សម្លឹងមើលរឿងកសិកម្ម ប៉ុន្តែយើងគួរតែជួយឲ្យគាត់មានលទ្ធភាព មានដីគ្រប់គ្រាន់ មានគ្រាប់ពូជមានអីជាកសិករ កុំឲ្យគាត់ទៅជាកម្មករ ឬក៏ពលករគេនៅក្នុងកសិដ្ឋាននៃក្រុមហ៊ុនឯកជន»។ ក្នុងការឆ្លើយតបទៅនឹងស្ថានភាពលំបាកលំបិនរបស់ពលរដ្ឋដែលរងផលប៉ះពាល់ទាំងខាងសង្គម និងសេដ្ឋកិច្ចចំពេលមានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នោះ រដ្ឋាភិបាលបានរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះឲ្យមានលទ្ធភាពរស់បានក្នុងស្ថានភាព នៃការឆ្លងជំងឺរាតត្បាតសាកលដែលមិនទាន់ថមថយខ្លាំងនៅឡើយនេះ។

ប៉ុន្តែការឧបត្ថម្ភសាច់ប្រាក់ទាំងនេះ ហាក់ដូចជាមិនទាន់បានទៅដល់ដៃពលករចំណាកស្រុកដែលត្រឡប់មកវិញភ្លាមៗនោះទេ ដោយសារពួកគាត់មិនមានបណ្ណក្រីក្រ ឬបណ្ណសមធម៌។ នេះបើតាមការសង្កេតរបស់លោកស៊ុំ ចន្ទគា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ។ «យើងឃើញពលករហ្នឹង នៅធ្វើចត្តាឡីស័កបានត្រឹមតែបាយទឹកអីចឹងទៅ។ ចំណែកទាក់ទងទៅលើកញ្ចប់សាច់ប្រាក់ណាមួយដែលជួយដល់ផ្តល់ហើយនិងជួយដល់គ្រួសារគាត់អត់មាន។ ហើយនៅក្នុងកន្លែងចត្តាឡីស័ក ឬក៏កន្លែងរាំងខ្ទប់យើងឃើញមានការចែកអំណោយរប៉េះរប៉ោះអីច្រើនដែរជូនដល់ពួកគាត់ ដូចជាអង្ករ ដូចជាមី ដូចជាត្រីអីចឹងទៅគឺរយៈពេលខ្លីៗអីចឹងទៅណ៎ា!…ចំណែកកញ្ចប់សាច់ប្រាក់ កញ្ចប់ថវិកាហ្នឹង ឃើញទាក់ទងទៅលើដែលចាស់ជរា ដែលគេហៅថា មានបណ្ណក្រីក្រអីចឹង ឃើញមានការបើកលុយបើកកាក់ជាបន្តបន្ទាប់ដែរ»។

អ្នកស្រី ជាល កេសី វ័យ២៥ឆ្នាំ បានទៅធ្វើការជាអ្នកលើកម្ហូបអាហារនៅខេត្តឈុនបូរី ប្រទេសថៃអស់រយៈពេលមួយឆ្នាំ និងបានត្រឡប់មកវិញ ចំពេលមានការផ្ទុះនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩នៅប្រទេសថៃកាលពីឆ្នាំ២០២០។ ត្រឡប់មកស្រុកកំណើតវិញ អ្នកស្រីនិយាយថា ការងារជាក់លាក់ក៏គ្មានធ្វើ និងត្រូវសងបំណុលខ្លះដែលគាត់ជំពាក់គេផងដែរ។ ការណ៍នេះ ធ្វើឲ្យអ្នកស្រីមានការធុញថប់ ដែលតម្រូវឲ្យមានការពិគ្រោះយោបល់។ អ្នកស្រីចង់ឃើញការរៀបចំឲ្យមានសេវាប្រឹក្សាយោបល់ ដើម្បីស្រាយកង្វល់ពាក់ព័ន្ធស្ថានភាពរស់នៅប្រចាំថ្ងៃ និងការសងប្រាក់ទៅម្ចាស់បំណុលវិញ។ «យើងតានតឹងមិនដឹងថា រត់ទៅរកខាងណា ចងការលុយគេ ក៏គេ ចងអង្គការយើងអត់មានដីដាក់ឲ្យគេ ហើយចង់ទៅចងលុយ ខាងឯកជនក៏គេអត់ទុកចិត្តយើងចឹង»។ សព្វថ្ងៃ អ្នកស្រីកំពុងធ្វើជាកម្មករកាត់ស្មៅ និងកាច់ពោត ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

អ្នកស្រី យឹម សុធារី អ្នកជំនាញចិត្តសាស្ត្រឯករាជ្យមួយរូប យល់ថាការពង្រីកបណ្តាញប្រឹក្សាផ្លូវចិត្ត ទាំងតាមបណ្តាញទំនាក់ទំនងសង្គម ឬខ្សែទូរស័ព្ទ អាចបើកផ្លូវឲ្យពលករចំណាកស្រុកទាំងនោះទទួលបានការប្រឹក្សាអំពីបញ្ហាប្រឈមផ្សេងៗដែលពួកគាត់ជួបប្រទះ ក្នុងនោះមានការបាត់បង់ប្រាក់ចំណូលជាដើម។ អ្នកស្រីបន្ថែមថា មន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធដែលទទួលយកពលករចំណាកស្រុក ក៏គួរតែទទួលបានការបណ្តុះបណ្តាលជំនាញទាក់ទិនការប្រឹក្សាយោបល់នេះផងដែរ។ «អាចមួយទៀត ជម្រើសផ្តល់ អ្វីដែលមានស្រាប់ហ្នឹង សម្រាប់ខ្ញុំ ខ្ញុំយល់ថា train [បណ្តុះបណ្តាល] បង្រៀន ឬក៏បង្ហាញអ្នកដែលជួយគាំទ្រគាត់ តាំងពីការទទួលគាត់ធ្វើតេស្ត ការពីអីអស់ហ្នឹងឲ្យមានអត្តចរិត welcome [ស្វាគមន៍] និងទន់ភ្លន់ដាក់គាត់បន្តិច ក៏ជាចំណុចមួយរួមចំណែក ដើម្បីឲ្យគាត់ កុំឲ្យតានតឹងពេកដែរ គ្រាន់តែសាមញ្ញៗតូចៗទេ»។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថារដ្ឋាភិបាលបានដាក់ឲ្យដំណើរការរួចទៅហើយសេវាប្រឹក្សាយោបល់ នៅតាមខ្សែបន្ទាត់ព្រំដែនដែលពលករកម្ពុជា ត្រឡប់មកពីប្រទេសជិតខាង។ «គឺយើងបានធ្វើការផ្សព្វផ្សាយសម្រាប់ បើករណីដែលគាត់មាននូវការវិបត្តិផ្លូវចិត្ត ឬករណីដែលគាត់មានការចង់សួរចម្ងល់ពាក់ព័ន្ធបញ្ហាដោយសារកត្តាជីវភាព កត្តាអី តើគាត់ទៅណា? ហើយទៅទំនាក់ទំនងទៅលេខណា?បាទទីមួយ។ ទីពីរ យើងក៏បានធ្វើការអប់រំ ដោយផ្ទាល់ផងដែរនៅតាមជួរបន្ទាត់ព្រំដែនហ្នឹងឯង»។ លោកបន្ថែមថា៖ «បានន័យបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ថា ពេលគាត់មកដល់មិនមែនរដ្ឋាភិបាលបោះបង់គាត់ទេ គឺរដ្ឋាភិបាលគឺថា ក្រៅពីការផ្តល់កន្លែងព្យាបាល កន្លែងចត្តាឡីស័កហើយគឺថា រដ្ឋាភិបាលផ្តល់នូវការប្រឹក្សាយោបល់ពីគាត់ ដើម្បីរក្សានូវលំនឹងនៃហៅថាសុខភាពផ្លូវចិត្តផ្នែកជីវិតរបស់គាត់ផងដែរ»។ បើតាមលោកឈួរ សុបញ្ញា ពលករចំណាកស្រុក ក៏កំពុងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងកម្មវិធីស្រ្តីមានផ្ទៃពោះ សម្រាប់គាំទ្រពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ផងដែរ។ នេះមានមានន័យថា ពលករចំណាកស្រុក អាចទៅស្នើសុំបណ្ណសមធម៌នៅឃុំសង្កាត់ ដើម្បីទទួលបានការវាយតម្លៃពីស្ថានភាពជីវភាព រួចទទួលបាននូវសាច់ប្រាក់ដែលផ្តល់ជូនដោយរដ្ឋាភិបាល។ គិតត្រឹមចុងខែសីហានេះ រដ្ឋាភិបាលបានចំណាយប្រាក់ជាង៤០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្តល់ ជូនពលរដ្ឋដែលមានស្ថានភាពរស់នៅក្រលំបាក។ការផ្តល់សាច់ប្រាក់នេះ គឺត្រូវបានធ្វើឡើងចំនួន១៤ លើករួចមកហើយ ដែលមានប្រជាពលរដ្ឋចំនួនជាង៧០ម៉ឺនគ្រួសារ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកឈួរ សុបញ្ញា។

បើតាមទិន្នន័យរបស់ការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចាប់តាំងពីឆ្នាំ២០២០មក កុមារប្រមាណ១១ម៉ឺននាក់ និងឪពុកមា្តយ អ្នកផ្តល់ការថែទាំសរុបប្រមាណ៧៦០០០នាក់ បានទទួលសារអប់រំអំពីសុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសង្គម និងសារអប់រំការពារជំងឺកូវីដ១៩ និងដំបូន្មានអំពីការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន។ លើសពីនេះ កុមារចំនួន៤,៨០៥នាក់ និងឪពុកម្តាយ អ្នកផ្តល់ការថែទាំចំនួន៥,៣៩២នាក់ បានទទួលការអប់រំ តាមរយៈវគ្គអប់រំឪពុកម្តាយនៅតាមសហគមន៍គោលដៅ មិត្តអប់រំមិត្ត និងការចុះសួរសុខទុក្ខតាមផ្ទះ។ ក្រៅពីការតាមដាននៃស្ថានភាពផ្លូវចិត្តរបស់ពលករចំណាកស្រុក អង្គការសហប្រជាជាតិក៏ធ្លាប់បានលើកទឹកចិត្តឲ្យអាជ្ញាធរកម្ពុជាផ្តល់ការការពារនិងបើកផ្លូវឲ្យអ្នកចំណាកស្រុកដែលត្រឡប់មកវិញមានលទ្ធភាពយកឈ្នះលើផលប៉ះពាល់រយៈពេលវែងនៃជំងឺកូវីដ១៩។ អង្គការសហប្រជាជាតិបានទទូចដល់អាជ្ញាធរធានាថាប័ណ្ណក្រីក្រត្រូវបានផ្តល់ជូនអ្នកចំណាកស្រុកដែលត្រឡប់មកវិញរូបណាដែលមានលក្ខណៈសម្បតិ្តអាចទទួលបាន និងជំនួយបន្ថែមទៀតត្រូវបានផ្តល់ដើម្បីមានលទ្ធភាពទទួលបានការងារ ឬក៏ឱកាសបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញឲ្យពួកគេអាចសម្របខ្លួនបាននៅក្នុងសហគមន៍៕

website_news/2021260805.txt · Last modified: 2021/08/26 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki