website_news:2021260806

ពលករខែ្មរបន្តសម្រុកវិលមកកម្ពុជា ខណៈប្រទេសជិតខាងឆ្លងកូវីដខ្លាំង

https://www.postkhmer.com/ ឡាយ សាមាន | Publication date 25 August 2021 | 09:43 ICT

ឧត្តរមានជ័យៈ ពលករខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងកម្ពុជា រួមមាននៅវៀតណាម និងថៃ នៅតែបន្តសម្រុកវិលមកកម្ពុជាវិញ ខណៈប្រទេសជិតខាងទាំង២នេះ កំពុងជួបបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ ខ្លាំងឡើង និងបានបិទខ្ទប់តំបន់មួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ពលករដែលកំពុងបម្រើការងារនៅទីនោះ។

កាលពីថ្ងៃទី ២២ ខែសីហា មានពលករខ្មែរចំនួន ៥០ នាក់ បានសម្រុកចេញពីប្រទេសវៀតណាម មកកម្ពុជាវិញ ខណៈប្រទេសវៀតណាម បានដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ និងបិទខ្ទប់នៅទីក្រុងហូជីមិញ។ អភិបាលរងខេត្តស្វាយរៀង លោក រស់ ផារិទ្ធ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែសីហាថា តាមគម្រោង ពលករខ្មែរចំនួន ៦៤ នាក់ បានស្នើសុំឯកសារពីអគ្គកុងស៊ុលខ្មែរនៅវៀតណាមត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែមានតែ ៥០ នាក់ប៉ុណ្ណោះ ដែលបានមកដល់កម្ពុជាហើយក្រៅពីនោះនៅជាប់បម្រាមបិទខ្ទប់នៅវៀតណាម។ លោកថា៖ «គាត់មកតាមច្រកបាវិតកាលពីថ្ងៃទី ២២ ខែសីហា តែគាត់មកអត់បានទាំងអស់ទេ គឺមកបានតែ ៥០ នាក់ ប៉ុន្មាននាក់ទៀតចេញមកអត់ទាន់ នៅជាប់បម្រាមគោចរនៅវៀតណាម ព្រោះក្រុងហូជីមិញគេបិទខ្ទប់»។ លោកឱ្យដឹងថា ក្នុងចំណោមពលករ ៥០ នាក់ ដែលមកដល់កម្ពុជា គឺមាន ៣ នាក់មានវិជ្ជមានកូវីដ ១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាល ខណៈអ្នកអវិជ្ជមានតម្រូវឱ្យធ្វើចត្តាឡីស័ក ២១ ថ្ងៃ។ លោក រស់ ផារិទ្ធ បានបញ្ជាក់ថា៖ «ពលករខ្មែរទាំងនោះ អ្នកខ្លះកត់ឆ្នោត លក់ឆ្នោតនៅវៀតណាម ហើយដោយសារក្រុងហូជីមិញ បិទខ្ទប់ កំពុងតែផ្ទុះការឆ្លងខ្លាំង អ៊ីចឹងគាត់មិនអាចនៅបានទេ ព្រោះអត់មានអីធ្វើ អ៊ីចឹងគាត់បានសុំការអនុញ្ញាតពីអគ្គកុងស៊ុលកម្ពុជានៅហូជីមិញ ដើម្បីធ្វើលិខិតផ្លូវការបញ្ជូនគាត់មកវិញ»។

ដោយឡែកនៅព្រំដែនថៃវិញ គិតចាប់ពីថ្ងៃបើកច្រកព្រំដែនឡើងវិញពីថ្ងៃទី ១៣ ខែសីហាដល់ថ្ងៃទី ២៣ ខែសីហា គឺមានពលករខ្មែរត្រឡប់ពីថៃវិញចំនួន ៣ ៧៨៩ នាក់ ក្នុងនោះវិជ្ជមានកូវីដ ១៩ ចំនួន ៤៧៤ នាក់។ នេះបើយោងតាមរបាយការណ៍របស់ខេត្តឧត្តរមានជ័យ។ លោក ផល លឹម ប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យបានឱ្យដឹងថា បើគិតជាមធ្យមមានពលករខ្មែរដែលបន្តវិលត្រឡប់មកកម្ពុជាវិញក្នុង ១ ថ្ងៃៗចន្លោះពីជាង ១០០ ទៅជាង ២០០ នាក់។ លោកថា គ្រាន់តែ ១ ថ្ងៃ គឺនៅថ្ងៃទី ២៣ ខែសីហា មានពលករវិលចូលស្រុកចំនួន ២៣៨ នាក់ ក្នុងនោះវិជ្ជមានកូវីដចំនួន ២០ នាក់។ លោកបានថ្លែងថា៖ «ការឆ្លងក្នុងសហគមន៍តិចតួចទេ ប៉ុន្តែភាគច្រើនពលករមកពីខាងថៃ ដោយសារមកច្រើនពេក យើងសង់បន្ថែមមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និយាយរួមករណីចូលច្រើនជាងបញ្ជូនចេញមានន័យថា ពលករពីថៃមកច្រើន ហើយអ្នកបញ្ចប់ធ្វើចត្តាឡីស័ក ឬអ្នកព្យាបាលជាសះស្បើយក្នុងសហគមន៍វាតិចតួច ដែលត្រូវបញ្ជូនចេញទៅតាមខេត្ត ឬទីតាំងស្រុកកំណើត»។

ចំណែកអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក សេក សុខុម បានឱ្យដឹងដែរថា ក្នុងរយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃបើកច្រកព្រំដែនវិញ ពលករខ្មែរជាង៥ពាន់នាក់បានត្រឡប់ចូលស្រុកវិញ ក្នុងនោះមានអ្នកឆ្លងកូវីដជាច្រើននាក់។ លោកថា៖ «ចំនួនពលករចូលមកមិនថមថយទេ ចាប់ពីថ្ងៃបើកច្រកព្រំដែនវិញ (ថ្ងៃទី ១៣ សីហា) មានពលករជាង ៥ ពាន់នាក់ក្នុងនោះអ្នកវិជ្ជមានសរុបប្រមាណ ១ ពាន់នាក់ ហើយបើគិតជាមធ្យមពលករចូលមកក្នុង ១ថ្ងៃ ២០០ ទៅ ៣០០នាក់»។ លោកបន្តថា តាមទម្លាប់ពលករខ្មែរនឹងសម្រុកមកកាន់តែច្រើនក្នុងខែកញ្ញាខាងមុខនេះដោយសារបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់គួបផ្សំនៅប្រទេសថៃជួបបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩។

ទន្ទឹមនេះដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យបានកំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយនៃក្រុងសិរីសោភ័ណជា “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។ ក្នុងសេចក្តីជូនដំណឹងចុះហត្ថលេខាដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី ២៣ ខែសីហា បានបញ្ជាក់ថា៖ «តំបន់ក្រហមទាំងនោះរួមមាន នៅបរិវេណផ្សារទឹកថ្លា បរិវេណវត្តភ្នំជញ្ជាំង (ផ្លូវចូលវត្តតាមរបងវត្ត) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងបរិវេណផ្សារពង្រស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ»។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) ធ្លាប់បានថ្លែងថា បញ្ហាចម្បងដែលជំរុញឱ្យពលករខ្មែរសម្រុកមកស្រុកកំណើតវិញ គឺដោយសារនៅប្រទេសថៃមានការឆ្លងជំងឺកូវីដ ១៩ កាន់តែខ្លាំងឡើង។ ហេតុនេះហើយទើបរដ្ឋាភិបាលថៃបិទការដ្ឋានសំណង់ផ្សេងៗទាំងក្នុងក្រុង និងជាយក្រុង និងបិទទីតាំងមួយចំនួនធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ពលករខ្មែរក្នុងវិស័យនេះ។ លោកថា៖ «យើងដឹងហើយនៅប្រទេសថៃ ចំនួនពលករដែលទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានចំនួនតិចនៅឡើយ ជាពិសេសពលករខ្មែរយើងដែលមានឯកសារត្រឹមត្រូវទទួលបានចាក់វ៉ាក់សាំងតិចណាស់ ដូច្នេះនៅពេលផ្ទុះកូវីដ ១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតាធ្វើឱ្យមានការចលាចលខ្លាំងជាពិសេសវិស័យការងារទើបធ្វើឱ្យពលករខ្មែរវិលចូលស្រុកវិញ»។ យ៉ាងណាក្ដី លោក តុលា បានគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបើកច្រកព្រំដែនឡើងវិញ ដើម្បីទទួលពលករខ្មែរដែលកំពុងមានបញ្ហានៅប្រទេសជិតខាង៕

website_news/2021260806.txt · Last modified: 2021/08/26 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki