website_news:2021260807

កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជា ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ

https://cen.com.kh/ Posted ByPen Srey NeatAugust 25, 2021

បន្ទាយមានជ័យ ៖ ក្នុងកិច្ចប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធមេត្រីភាព កម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង (VTC) កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជា ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយ:ពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ។ នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ប្រធានក្រុមការងារលេខា និងមន្ត្រីរាជការ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ជួបប្រជុំពិភាក្សា ជាមួយភាគីថៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ក្រៃភព ឆៃយ៉ាក់ផាន់ នាយសេនាធិការកងទ័ពភូមិភាគទី១ ក្រុមលេខា និងមន្ត្រីរាជការ ខេត្តស្រះកែវ ប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ ជាមួយកងទ័ពភូមិភាគទី១ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (VTC) ។ ក្នុងកិច្ចប្រជុំអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការ រវាងកងទ័ពភូមិភាគទី១ ជាមួយយោធភូមិភាគទី៥ នាព្រឹកនេះគឺបានលើកបញ្ហាចំនួន ៤ខ្លឹមសារ យកមកពិភាក្សា៖ ខ្លឹមសារទី១ ការការពារ និងទប់ស្កាត់ពលករឆ្លងដែន និងការរៀបចំការងារសំរាប់ពលករ ខ្លឹមសារទី២ បញ្ហាគ្រឿងញៀន ខ្លឹមសារទី៣ បញ្ហាផ្ទុះជំងឺក្នុងស្ថានការណ៍បច្ចុប្បន្ន ខ្លឹមសារទី៤ បញ្ហាល្បែងភ្នាល់តាមអនឡាញ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើអោយភាគីថៃ ជួយព្យាបាលពលករកម្ពុជា ដែលមានជំងឺកូវីដ-១៩ ជាពិសេសពលករ ដែលកំពុងស្វែងរកការងារធ្វើ ក្នុងប្រទេសថៃ និងស្នើភាគីថៃជួយសម្របសម្រួល ករណីពលករខ្មែរឆ្លងដែនខុសច្បាប់ មិនទាន់បានប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករទាំងនោះ ត្រឡប់មកកម្ពុជាវិញ និងជួយទប់ស្កាត់មិនឲ្យមានមេខ្យល់រង់ចាំ ទទួលពលករខុសច្បាប់ពីកម្ពុជា។

ភាគីទាំងពីរបានស្នើសុំឲ្យកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងស្ថាប័នជំនាញដែលមានការពាក់ព័ន្ធទាំងពីរ ភាគីរួមគ្នាពិចារណា ដើម្បីកំណត់ជាគោលការណ៍ សម្រាប់ធ្វើការដោះស្រាយបញ្ហាផ្សេងៗ តាមព្រំដែនឲ្យសមស្របជាប្រទេស មានភូមិផងរបងជាមួយគ្នា។ ក្នុងកិច្ចប្រជុំនាព្រឹកនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និងផ្អែកលើទស្សនៈ ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ពិសេសប្រជាពលរដ្ឋយើង ដែលរស់នៅតាមបរិវេណព្រំដែន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021260807.txt · Last modified: 2021/08/26 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki