website_news:2021261001

កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន ឃាត់ខ្លួនមេខ្យល់៤នាក់ ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

http://cambodiapolice.com/policekh/ 4:38 pm 24 តុលា 2021

បន្ទាយមានជ័យ ៖ មេខ្យល់ប្រុស-ស្រី៤នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងវរនគរបាលការពារព្រំដែនគោគ៨០៧ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក ធ្វើការចាប់ឃាត់ខ្លួន ខណ:កំពុងធ្វើសកម្មភាពនាំមនុស្សឆ្លងដែនទៅថៃខុសច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែនការងារព្រំដែន បានមានប្រសាសន៍ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសបទល្មើសពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនមេខ្យល់ប្រុស-ស្រីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅថៃ ចំនួន៤នាក់ និងពលករចំនួន១៣នាក់ បញ្ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក អនុវត្តបន្តតាមនីតិវិធី ។

ពាក់ពន្ធ័ករណីខាងលើនេះ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានមានប្រសាសន៍ថា ជនសង្ស័យឈ្មោះ សួន ម៉ាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចំការគ ស្រុកស្វាយចេក ជាមេខ្យល់ពិតប្រាកដ ដោយរូបគេបានយកប្រាក់ពីពលករក្នុង១នាក់ ២៥០០បាត ជាថ្នូរជូននាំផ្លូវ ។ ចំពោះឈ្មោះ ចំរើន ធារ: ភេទប្រុស, ឈ្មោះ ចាន់ រស្មី ភេទស្រី និងឈ្មោះ ប្រម វិន័យ ភេទស្រី បានសារភាពថា ពួកគេបានដឹកជញ្ជូនពលករតាមរថយន្តនិងម៉ូតូ មកឲ្យមេខ្យល់ឈ្មោះ សួន ម៉ាន នៅច្រកបឹងព្រីង ក្នុងភូមិថ្នល់បំបបែក ឃុំគោករមៀត ស្រុកថ្មពួកពិតប្រាកដមែន ។ លោកស្រីស្នងការរងបានបញ្ជាក់ថា បច្ចប្បន្នមេខ្យល់ប្រុស-ស្រីទាំង៤នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមច្បាប់ និងបានតម្រូវឲ្យពួកគេប្រគល់ប្រាក់ជូនពលករទាំងអស់វិញ ។ ពលករទាំង១៣នាក់ ក្នុងនោះក្មេងម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្យបាលកូវីដ-១៩ ក្នុងក្រុងសិរីសោភ័ណ ៕

website_news/2021261001.txt · Last modified: 2021/10/26 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki