website_news:2021261003

ត្រឹម១ថ្ងៃ! ពេលវេលាខុសគ្នា ទីតាំងផ្សេងគ្នា ឃាត់ខ្លួនពលរដ្ឋខ្មែរជិត៧០នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៥ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១៣:៤៥

ខេត្តបន្ទាយមានជ័យ ៖ នៅយប់ថ្ងៃ២៤ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា ក្នុងភូមិសាស្ត្រស្រុកស្វាយចេក បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរបំរុងលួចឆ្លងដែនចំនួន៣២នាក់ និងកម្លាំងសមត្ថកិច្ចថៃ ក៏បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរលួចឆ្លងដែនចូលក្នុងភូមិសាស្ត្រ ភូមិណងផៃ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ បានជាបន្តបន្ទាប់ចំនួន៣២នាក់ផងដែរ សរុបចំនួន៦៤នាក់នៅទីតាំងផ្សេងគ្នា។ ករណីទី១- តាមការឲ្យដឹងពីកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន៩១១ បានឱ្យដឹងថា៖ នៅម៉ោង០៤និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ កម្លាំងប៉ុស្តិ៍ការពារព្រំដែនចំការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ និងកម្លាំងយោធា បានស្ទាក់ឃាត់ខ្លួនពលរដ្ឋខ្មែរ៣២នាក់ (ក្នុងនោះស្រី១៧នាក់) ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃ នៅត្រង់ចំណុចខាងជើងមណ្ឌលយោធិនពិការតេជោភ្នំឆ័ត្រ៣១៧ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ បន្ទាប់មកពលរដ្ឋខ្មែរទាំងនោះ ត្រូវបានបញ្ជូនទៅឲ្យក្រុមការងារចម្រុះប្រចាំច្រកអូរបីជាន់។

ករណីទី២- បើតាមសេចក្តីរាយការណ៍ពីកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឱ្យដែលថា ៖ នៅម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះដែរ កម្លាំងនគរបាលស្រុកតាប្រាយ៉ា សហការជាមួយកម្លាំងទាហានបូព៌ា ឆ.ក. តាប្រាយ៉ា ចាប់ឃាត់ខ្លួនពលករខ្មែរចំណាកស្រុកចូលទៅធ្វើការងារនៅប្រទេសថៃខុសច្បាប់បានចំនួន៣២នាក់ (ក្នុងនោះស្រី១៦នាក់) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិណងផៃ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ចម្ងាយ១៨គីឡូម៉ែត្រពីព្រំដែនភូមិសាស្ត្រឈមទល់មុខនឹងកម្ពុជា ស្ថិតក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួននោះ ក្រុមការងារបានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំការច្រកតំបន់បឹងត្រកួន ដើម្បីធ្វើការស្នើសុំសហការពីសមត្ថកិច្ចថៃ ឲ្យបញ្ជូនពលករទាំង៣២នាក់នោះត្រឡប់មកប្រទេសកម្ពុជាវិញ តែភាគីថៃមិនទាន់ឯកភាព និងបានបញ្ជូនពលរដ្ឋខ្មែរទាំង៣២នាក់នោះទៅធ្វើកំណត់ហេតុនៅអធិការដ្ឋានស្រុកតាប្រាយ៉ាតែម្តង៕

website_news/2021261003.txt · Last modified: 2021/10/26 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki