website_news:2021261004

ពលករខ្មែរ ៣៨ នាក់ ដែលតម្រួតថៃឃាត់ខ្លួន ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ជួយឱ្យត្រឡប់មកវិញ

https://www.postkhmer.com/ ឡាយ សាមាន | Publication date 25 October 2021 | 18:03 ICT

បន្ទាយមានជ័យៈ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានជួយអន្តរាគមន៍ភ្លាមៗ ដល់អាជ្ញាធរថៃ ឱ្យបញ្ជូនពលករខ្មែរ ៣៨ នាក់ ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីត្រូវបានតម្រួតថៃចាប់ឃាត់ខ្លួន ខណៈពួកគេ កំពុងលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ កាលពីយប់ថ្ងៃទី ២៤ ខែតុលា។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ ជួយបញ្ជូនពលរដ្ឋខ្មែរចំនួន ៣៨ នាក់ (ប្រុស ២៩ នាក់) ដែលត្រូវបានមេខ្យល់នាំចូលទៅប្រទេសថៃ ដោយខុសច្បាប់តាមច្រករបៀង ឱ្យបានត្រឡប់មកកម្ពុជាវិញ នៅប៉ុន្មានម៉ោងក្រោយមកក្នុងថ្ងៃដដែលនោះ។

អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក សេក សុខុម បានថ្លែងថា ចំពោះករណីពលករ ៣៨ នាក់ ដែលត្រឡប់ពីថៃនោះ លោកមិនទាន់ទទួលបានព័ត៌មានលំអិតនៅឡើយទេ។ ប៉ុន្តែលោកថា ជាទូទៅ ពលករខ្មែរខុសច្បាប់ ដែលអាជ្ញាធរនៅខេត្តស្រះកែវ បញ្ជូនត្រឡប់មកវិញភាគច្រើន មកតាមច្រកខេត្តបន្ទាយមានជ័យ។ លោកថា៖«ដូចករណីពលករខ្មែរ ១០៤ នាក់ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១ ត្រូវបានអាជ្ញាធរខេត្តស្រះកែវប្រទេសថៃ បញ្ចូនមកកម្ពុជាវិញ តាមច្រកខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្នពួកគាត់ក៏កំពុងដាក់ឱ្យធ្វើចត្តាឡីស័កដែរ»។ លោកនិយាយថា៖ «ចំពោះពលករខ្មែដែលឃាត់ខ្លួន នៅលើទឹកដីថៃ ហើយត្រូវបញ្ជូនមកខ្មែរវិញ គឺសមត្ថកិច្ចជំនាញ គាត់តែងទៅជួបពលករ ដើម្បីស្រាវជ្រាវរកប្រភពថា តើគាត់ទៅតាមច្រកណា ហើយអ្នកណាជាមេខ្យល់»។ បើតាមលោក សុខុម នៅក្នុងឆ្នាំ ២០២១ នេះ សមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់ និងបានបញ្ជូនទៅតុលាការជាបន្តបន្ទាប់។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស (Central) បានថ្លែងថា ៖«នៅពេលថៃរីករាលដាលនៃជំងឺកូវីដ ១៩ ខ្លាំង គឺពលករសម្រុកមកខ្មែរវិញ ហើយក៏មានពលករខ្មែរខ្លះលួចចេញទៅថៃតាមច្រករបៀងដែរ »។ ដោយឡែកមូលហេតុដែលពលករខ្មែរ សម្រុកលួចទៅថៃមួយរយៈចុងក្រោយនេះ មានកត្តាពីរ គឺកត្តាជំរុញ និងកក្តាទាក់ទាញ។ លោកបញ្ជាក់ថា៖ «កត្តាជំរុញ គឺដោយសារគាត់អត់ទាន់មានមុខរបរច្បាស់លាស់នៅក្នុងស្រុក មានបំណុលជាប់ខ្លួន ជំពាក់ធនាគារជាដើម។ រីឯកត្តាទាក់ទាញ ដោយសារមេខ្យល់បានបញ្ចុះបញ្ចូល និងសន្យាជាមួយពលករថាបានការងារធ្វើនៅថៃ អីចឹងពលករចេះតែចាញ់បោកទៅ»។ លោក តុលា សង្កេតឃើញថា បច្ចុប្បន្ន រដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់វិស័យកសិកម្ម ដែលជាផ្នែកមួយក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដែរ។ លោកបញ្ជាក់ថា៖«ខ្ញុំឃើញថា រដ្ឋាភិបាលគាត់ថា វិស័យកសិកម្ម មានសក្តានុពល ត្រូវតែអភិវឌ្ឍន៍ឡើងវិញដើម្បីទាក់ទាញកម្លាំងពលកម្ម។ ប៉ុន្តែល្បឿនក្នុងការកសាង ជួសជុល ធ្វើឱ្យប្រសើរឡើង ផ្នែកហេដ្ឋារចនាសម្ព័ន្ធវិស័យកសិកម្មនៅយឺតនៅឡើយ។ មួយវិញទៀត ការកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យកសិកម្មអត់ទាន់ឆ្លើយតបទេ ដោយសាររដ្ឋាភិបាលផ្តោតធ្ងន់ ទៅលើក្រុមហ៊ុនជាជាងកសិករលក្ខណៈគ្រួសារ»៕

website_news/2021261004.txt · Last modified: 2021/10/26 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki