website_news:2021261102

នារីខ្មែរអាយុ១៨ឆ្នាំនិង២៣ឆ្នាំត្រូវគេបោកទៅចិនត្រូវអគ្គកុងស៊ុលខ្មែរជួយនិងនាំមកស្រុកវិញ

https://www.facebook.com/CHNChannelNews/ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ១២:៤៥:៥៥

ភ្នំពេញ៖ បន្ទាប់ពីការអំពាវនាវរបស់ស្រី្តខ្មែរដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសចិន ឱ្យស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅចិនជួយនាំត្រឡប់មកស្រុកកំណើតវិញកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកទល់ពេលនេះស្ថានអគ្គកុងស៊ុលសហការជាមួយអាជ្ញាធរចិន បានជួយសម្របសម្រួលបញ្ជូនស្ត្រីខ្មែរចំនួន ២រូប ដែលរស់នៅខុសច្បាប់ក្នុងប្រទេសចិន ឲ្យវិលត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃនេះ។

លោក យស សុខេមរៈ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងឆុងឈីង បានប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុល សហការជាមួយអាជ្ញាធរចិន បានជួយសម្របសម្រួលបញ្ជូនស្ត្រីខ្មែរចំនួន ២រូប ដែលរស់នៅខុសច្បាប់ក្នុងប្រទេសចិន ឲ្យវិលត្រឡប់ទៅកម្ពុជាវិញ ដែលនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង ១៥:៣៥ រសៀលនេះ។ លោកបញ្ជាក់ថា ស្រី្ត២រូបដែលនឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃនេះវិញមានឈ្មោះ សឿន បុប្ផា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តស្តឹងត្រែង និង មួយរូបទៀតឈ្មោះ ឈៀន ធុង អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ។

គួរបញ្ជាក់ថា នារីរងគ្រោះឈ្មោះ សឿន បុប្ផា ដោយសារគ្រួសារមានជីវភាពខ្វះខាត បណ្តាលឱ្យនារីរងគ្រោះរូបនេះបានចាញ់បោកពាក្យលួងលោមជាច្រើនលើកច្រើនសារពីមេខ្យល់ ហើយាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ រូបនាងបានរៀបរាប់តាមរយៈប្រអប់សារមកកាន់ស៊ីស៊ីថាមស៍ថា រូបនាងត្រូវបានចាញ់បោកមេខ្យល់ឱ្យមកធ្វើការនៅចិនអស់រយៈពេលជាងកន្លះឆ្នាំហើយបើគិតមកដល់បច្ចុប្បន្ននេះ ចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១៕ ប្រភព៖ ស៊ីស៊ីថាមស៍

website_news/2021261102.txt · Last modified: 2021/11/26 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki