website_news:2021270102

ចំណាយថវិកា ៤០ លានរៀល ក្នុង១ថ្ងៃ លើមណ្ឌលចត្តាឡីស័ក ១៥ ទីតាំង

https://www.rasmeinews.com/ 26 January, 20210

ដោយៈ អូរស្មាច់ / ឧត្តរមានជ័យៈ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានបញ្ជាក់ពីការចំណាយថវិកា ក្នុងមួយថ្ងៃៗ អស់ចំនួន ៤០ លានរៀល លើមណ្ឌលធ្វើចត្តាឡីស័ក ចំនួន ១៥ ទីតាំង នៅក្នុងខេត្តឧត្តរមានជ័យ ក្នុងការផ្គត់ផ្គង់ អាហារហូបចុក ប្រចាំថ្ងៃ ដល់ពលករកម្ពុជា វិលត្រឡប់ពីស្រុកថៃ ដែលកំពុងស្នាក់នៅ ក្នុងអំឡុងពេលបរិបទកូវីដ-១៩ នេះ។ លោក ប៉ែន កុសល្យ បានបន្តថាៈ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកទុកដាក់ខ្ពស់ ចំពោះពលករខ្មែរគ្រប់រូប ដែលបានធ្វើដំណើរឆ្លងដែន មកពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកព្រំដែនសំខាន់ៗ ក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេល បរិបទជំងឺកូវីដ ១៩នេះ ដោយតម្រូវឲ្យពលករ ទាំងអស់ ត្រូវស្នាក់នៅធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃ ដើម្បីរកមេរោគកូវីដ-១៩ នៅពេលប្រទេសថៃ កំពុងតែផ្ទុះជំងឺនេះ ចូលដល់ក្នុងសហគមន៍ ហើយក៏ជាបញ្ហាប្រឈមមួយ យ៉ាងខ្លាំងចំពោះ បងប្អូនពលករខ្មែរ ដែលបានធ្វើការនៅឯប្រទេសថៃ មានការបារម្ភ និងភ័យខ្លាចបំផុតនោះ។ លោកបានបន្ថែមថាៈ ក្នុងកាលៈទេសៈបែបនេះ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដែលជាសេនាធិការ ថ្នាក់ក្រោមជាតិ ក៏កំពុងតែបានយកចិត្តទុកដាក់ខ្ពស់ដែរ ក្នុងការមើលថែសុខភាព ដល់ពលករខ្មែរគ្រប់រូប ដែលកំពុងធ្វើចត្តាឡីស័ក ស្នាក់នៅរយៈពេល ១៤ ថ្ងៃ ត្រូវផ្គត់ផ្គង់ជាសម្ភារប្រើប្រាស់ និងការហូបចុកអាហារ ជូនដល់ពួកគាត់ បានគ្រប់គ្រាន់ប្រចាំថ្ងៃ។

លោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថាៈ ពលករខ្មែរ ឆ្លងមកពីថៃ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មកដល់ពេលនេះ មានចំនួនប្រមាណជាង ២.០០០ នាក់ បានចូលធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល តាមមណ្ឌលវិទ្យាល័យ ដែលបានត្រៀមទុក តាមស្រុក ក្រុង ក្នុងខេត្ត។ បច្ចុប្បន្ន ចំនួនភាគច្រើន បានធ្វើចត្តាឡីស័ក គ្រប់ចំនួនថ្ងៃ បានចេញជាបន្តបន្ទាប់៕

website_news/2021270102.txt · Last modified: 2021/01/27 12:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki