website_news:2021270103

លោកជំទាវនាយឧត្តមសេនីយ៍ យក់ សុខា ៖ ដើម្បីមានសមត្ថភាពជំនាញយកទៅបំរើ អង្គភាព និងប្រើប្រាស់ឲ្យមានប្រសិទ្ធភាពលើការកំណត់អត្តសញ្ញាណជនរងគ្រោះ ត្រូវ អនុវត្តចំពោះអនីតិជនទំនាស់និងច្បាប់ និងយល់ឲ្យច្បាស់នូវពាក្យ កុមារទំនាស់និងច្បាប់

http://cambodiapolice.com/policekh/ 4:15 pm 26 មករា 2021

រាជធានីភ្នំពេញ ៖ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ដើម្បីឲ្យសិក្ខាកាមមានសមត្ថភាពជំនាញយកទៅបំរើអង្គភាព និងប្រើប្រាស់ឲ្យមានប្រសិទ្ធភាព លើការកំណត់អត្តសញ្ញាណជនរងគ្រោះត្រូវអនុវត្តចំពោះអនីតិជនទំនាស់និងច្បាប់និងយល់ឲ្យច្បាស់នូវពាក្យកុមារទំនាស់ និងច្បាប់។ការលើកឡើងរបស់លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ ក្នុងឱកាសដែល លោកជំទាវអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការកំណត់អត្តសញ្ញាណជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការឆ្លើយតបបែបកុមាមេត្រីក្នុងនីតិវិធីស៊ើបអង្កេត នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ អេផល (APLE) លោក-លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

លោកជំទាវ នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ទៀតថា «បើទោះបីជាមានការចូលរួមយ៉ាងសកម្មពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការបង្ការទប់ស្កាត់ និងមានការបង្ក្រាបជាបន្តបន្ទាប់ពីកងកម្លាំងសមត្ថកិច្ច និងស្ថិតក្នុងស្ថានភាពវិបត្តិកូវីដ-១៩យ៉ាងណាក្ដី ក៏ស្ថានភាពបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្រី្តនិងកុមារ មិនបានបញ្ឈប់ទេ ផ្ទុយទៅវិញនៅកម្ពុជាស្ត្រីរងគ្រោះដែលត្រូវបានជួញដូរនៅក្រៅប្រទេស និងពលករចំណាកស្រុកខុសច្បាប់ ដែលបានជួយសង្គ្រោះត្រលប់មកកម្ពុជាវិញ ក៏នៅមានការកើនឡើងជារៀងរាល់ថ្ងៃនៅឡើយ»។ ក្នុងឱកាសនោះដែរ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្នុងនាមលោកជំទាវផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ អេផល (APLE) ដែលមានលោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ អេផល (APLE) និងបុគ្គលិករបស់អង្គការ អេផល (APLE) ដែលបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លើការងារពង្រឹងសមត្ថភាពដល់កងកម្លាំងនគរបាលជាតិ ដែលជាក់ស្ដែងទាំងកិច្ចសហប្រតិបត្តិការរបស់អង្គការ អេផល (APLE) ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ គឺមិនមែនមានតែថ្ងៃនេះ ឬឆ្នាំនេះទេ គឺមានយូរឆ្នាំមកហើយ និងមិនមែនលើការពង្រឹងសមត្ថភាពនេះដែរ គឺអង្គការបានសហការលើការផ្ដល់ព័ត៌មាន ក្នុងករណីបទល្មើសជាច្រើនកន្លងមក បានទទួលនូវជោគជ័យ ក្នុងការបង្ក្រាបបទល្មើសទាន់ពេលវេលាជាបន្តបន្ទាប់ និងធ្លាប់បាន MOU ជាមួយគ្នាផង។

ក្នុងឱកាសនោះដែរ លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ អេផល (APLE) បានមានប្រសាសន៍ថា ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលហូឡង់ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងអង្គការសកម្មភាពដើម្បីកុមារ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការឆ្លើយតបបែបកុមាមេត្រីក្នុងនីតិវិធីស៊ើបអង្កេតរបស់នគរបាល ជូនដល់មន្ត្រីនគរបាលរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដូចជា ៖

១-បង្កើនចំណេះដឹង និងជំនាញពាក់ព័ន្ធកំណត់អត្តសញ្ញាណជនរងគ្រោះ ការអនុវត្តនីតិវិធី ដែលមានចែងក្នុងច្បាប់ ស្ដីពីច្បាប់យុត្តិធម៌អនីតិជន និងបច្ចេកទេសម្ភាសន៍បែបកុមាមេត្រី ។

២-ចែករំលែកព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាព និន្នាការ នៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ ។

៣-ផ្លាស់ប្ដូរបទពិសោធន៍ វិធីសាស្ត្រ ការអនុវត្តល្អៗក្នុងការដោះស្រាយបញ្ហាប្រឈម។

គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ និងមានសិក្ខាកាមចូលរួមសរុបចំនួន៣០នាក់ ៕

website_news/2021270103.txt · Last modified: 2021/01/27 12:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki