website_news:2021270104

ជម្រុញដល់មន្ត្រីជំនាញទាំងអស់ត្រូវបង្កើនកិច្ចការងារទប់ស្កាត់អំពើហឹង្សា ការជួញដូរស្រ្តី និងកុមារ ការជួញដូរគ្រឿងញៀន និងការពារជំងឺកូវីដ ១៩

https://grandnewsasia.com/ 26-01-2021

កំពង់ឆ្នាំង៖ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ឆ្នាំង បានជំរុញដល់សមាជិក សមាជិកា របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងទប់ស្កាត់ និងការពារជំងឺកូវីដ១៩ ដែលជាកិច្ចការចំពោះមុខរបស់យើងទាំងអស់គ្នា និងការចូលរួមទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ, ការកេងប្រវ៉ាញ់កំលាំងពលកម្មលើកុមារ, ការជួញដូរគ្រឿងញៀន និងចូលរួមរក្សាស្ថេរភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។ លោកស្រីបានជំរុញបែបនេះនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំ “គ” សាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែមករា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពី សមាជិក សមាជិកា និងមន្ទីរអង្គភាព អង្គការដៃគូពាក់ព័ន្ធក្នុងខេត្តចូលរួមផងដែរ។

ក្នុងឱកាសនោះដែរលោកស្រី តុង ណារី ក៏បានណែនាំដល់សមាជិកក្រុមការងារ សូមធ្វើការតាមដានសភាពការណ៍ របស់បងប្អូនប្រជាពលរដ្ឋដែលបានមកពីបណ្តាប្រទេសនានាដែលកំពុងតែមានជំងឺកូវីដ១៩ តាម រយៈការសហការ ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក ដើម្បីត្រួតពិនិត្យពី សុខភាពរបស់ពលរដ្ឋ និងបន្តអប់រំប្រជាពលរដ្ឋ ឱ្យគាត់យល់ដឹងពីសុខភាព និងថែរក្សាសុខភាពដើម្បីកុំឱ្យមានឆ្លងជំងឺកូវីដ១៩ ចូលរួមផ្សព្វផ្សាយពីការការពារនៃជំងឺផ្សេងៗដែលកើតមានលើសត្វបក្សី និងពាហនៈ ៕

website_news/2021270104.txt · Last modified: 2021/01/27 12:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki