website_news:2021270403

អគ្គកុងស៊ុលកម្ពុជាប្រចាំនៅក្រុងហូជីមិញ បញ្ជូនស្ត្រីខ្មែរ ២ នាក់ ដែលត្រូវបានគេជួញដូរទៅប្រទេសចិន ត្រឡប់មកកម្ពុជាវិញ

https://www.postkhmer.com/ អោម ប៊ុនធឿន | Publication date 26 April 2021 | 18:41 ICT

ស្វាយរៀងៈ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញនៅថ្ងៃទី ២៦ ខែមេសានេះបានបញ្ជូនស្ត្រីខ្មែរ ២ នាក់ ដែលរងគ្រោះដោយសារការជួញដូរមកកម្ពុជាវិញ បន្ទាប់ពីសមត្ថកិច្ចវៀតណាមចាប់បានកាលពីដើមខែមេសា និងបានធ្វើចត្តាឡីស័ករួចរាល់។

លោក ព្រីង សុខ មន្ត្រីកុងស៊ុល នៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៦ ខែមេសាថា ដោយមានកិច្ចសហការជាមួយស្ថានទូតកម្ពុជានៅទីក្រុងហាណូយនិងអាជ្ញាធរមានសមត្ថកិច្ចវៀត ណាមបានបញ្ជូននារីខ្មែរ ២ រូបត្រឡប់ទៅកម្ពុជាវិញ ព្រោះអ្នកទាំង ២ បានចាញ់បោកមេខ្យល់បញ្ឆោតនាំទៅធ្វើការនៅប្រទេសចិន ហើយបានឆ្លងដែនចូលប្រទេសវៀតណាមដោយខុសច្បាប់។ លោកបញ្ជាក់ថា៖ «យើងបានទៅទទួលនារីរងគ្រោះខ្មែរចំនួន ២ រូបនៅស្ថានីយរថភ្លើងទីក្រុងហូជីមិញ នៅវេលាម៉ោង ៦ ព្រឹក ហើយបានរៀបចំជូនអាហារពេលព្រឹក និងបានបន្តដំណើរទៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ រួចប្រគល់ជូនអាជ្ញាធរកម្ពុជា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀងដើម្បីមានវិធានការបន្ត»។ បើតាមលោក ព្រីង សុខ នារីទាំង ២ រូបត្រូវបានមេខ្យល់នាំលួចឆ្លងដែនចូលប្រទេសវៀតណាមខុសច្បាប់ តាមច្រកផ្លូវលំកាលពីចុងខែមីនា ហើយបន្តដំណើរតាមរថយន្តឆ្ពោះទៅប្រទេសចិន និងត្រូវបានអាជ្ញាធរខេត្តកាវបាង ប្រទេសវៀតណាមចាប់ឃាត់ខ្លួន និងសង្គ្រោះ ព្រមទាំងបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី ១ ខែមេសា។

លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង បានឲ្យដឹងថា ស្ត្រីទាំង ២ នាក់ទី ១ មានឈ្មោះ ឈន គន្ធី ភេទស្រី អាយុ ២២ ឆ្នាំ នៅភូមិស្វាយមាស ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី ២ ឈ្មោះ ហ៊ុន ធា ភេទស្រី អាយុ ២៨ ឆ្នាំ នៅភូមិដូងជូ ឃុំ អូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកថ្លែងថា៖ «ពេលនេះខ្ញុំបានប្រគល់អ្នកទាំងពីរឲ្យអាជ្ញាធរយកទៅធ្វើចត្តាឡីស័កនៅបាវិតហើយ ហើយយើងក៏មិនទាន់បានសួរនាំអីដល់ពួកគាត់ដែរ គ្រាន់តែទទួលដឹងថា គាត់មានឈ្មោះអី មកពីណាចឹងទៅ។ នៅពេលធ្វើចត្តាឡីស័កចប់ ទើបអាចធ្វើការសួរនាំពួកគាត់ ដើម្បីរកវិធីដោះស្រាយណាមួយជូនពួកគាត់។ បើគាត់ប្តឹង យើងនឹងសហការជាមួយកម្លាំងសមត្ថកិច្ចស្វែងរកមេខ្យល់ចឹងទៅ»។

អ្នកស្រី ឈន គន្ធី នារីម្នាក់បានអះអាងថា អ្នកស្រីបានរៀបការជាមួយជនជាតិចិន នៅឆ្នាំ ២០១៧ ហើយមានកូន ៣ នាក់ដោយ ២ នាក់កំពុងរស់នៅប្រទេសចិន និងម្នាក់ទៀតនៅកម្ពុជា។ អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំបានមកលេងស្រុកកំណើតនៅដើមឆ្នាំ ២០២០ ហើយមិនអាចត្រឡប់ទៅចិនវិញបាន ដោយសារជំងឺកូវីដ១៩ ហើយមេខ្យល់បានបញ្ឆោតខ្ញុំ ថានឹងជួយនាំទៅចិនជួបប្តី និងកូន ប៉ុន្តែត្រូវបានគេចាប់ឃាត់ខ្លួននៅប្រទេសវៀតណាម (ខេត្តកាវបាងជាប់ព្រំដែនជាមួយប្រទេសចិន)» ។

ចំណែក នារីម្នាក់ទៀតគឺអ្នកស្រី ហ៊ុន ធាន បានថ្លែងថា មេខ្យល់បានបោកបញ្ឆោតថា នាំនាងទៅរកការងារធ្វើនៅប្រទេសចិន ដោយទទួលបានប្រាក់ខែច្រើន។ នារីនេះបញ្ជាក់ថា៖ “ឮគេថា បានប្រាក់ខែច្រើន ខ្ញុំចេះតែធ្វើតាមគេណែនាំចឹងទៅ តែសំណាងត្រូវបានគេឃាត់ កុំអីមិនដឹងទៅដល់ណាទេ»៕

website_news/2021270403.txt · Last modified: 2021/04/27 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki