website_news:2021270404

តើពលករចំណាកស្រុក អាចចូលរួមចំណែកដល់អនាគតសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងដូចម្តេច?

https://www.postkhmer.com/ Publication date 26 April 2021 | 11:52 ICT

ជាមួយនឹងពលករចំណាកស្រុកជាង ១ លាននាក់ ប្រសិនបើយើងគណនាដោយសាមញ្ញថា ពលករម្នាក់អាចផ្ញើលុយមកផ្ទះម្នាក់ ១០០ ដុល្លារ ក្នុង ១ ខែ នោះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងទទួលបានប្រាក់បញ្ញើយ៉ាងហោចណាស់ ១,២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ។ ការផ្ញើប្រាក់ គឺជាវិធីវាស់ស្ទង់មួយនៃការចូលរួមចំណែកផ្នែកសេដ្ឋកិច្ចរបស់ពលករចំណាកស្រុកខ្មែរ។ ការងារចំណាកស្រុក គឺមានសារៈសំខាន់ក្នុងការបំពេញបន្ថែមនូវឱកាសការងារក្នុងស្រុក។ ការផ្ញើប្រាក់អាចជាប្រភពធនធាននៃការចំណាយលើការប្រើប្រាស់របស់អ្នកពឹងអាស្រ័យ និងនៅក្រោមបន្ទុករបស់ពលករចំណាកស្រុក។ ប្រសិនបើគ្រប់គ្រងបានល្អ ប្រាក់នោះអាចក្លាយជាការសន្សំ ឬក៏អាចក្លាយជាដើមទុនបន្តិចបន្តួច ដើម្បីចាប់ផ្តើមអាជីវកម្មនៅពេលដែលពលករទាំងនោះត្រឡប់មកផ្ទះវិញ។ យ៉ាងណាក្តី ការងារចំណាកស្រុកមិនអាចមាននិរន្តរភាពផ្នែកសេដ្ឋកិច្ចរយៈពេលវែងបានឡើយ សម្រាប់សេដ្ឋកិច្ចក្នុងស្រុក ទោះបីជាមានប្រភពការងារក្រៅប្រទេសច្រើនក្តី ឬក៏មានកម្រិតចំណូលខ្ពស់យ៉ាងណាក្តី។ នេះក៏ព្រោះថា ពលករចំណាកស្រុកនឹងត្រូវត្រឡប់មកផ្ទះវិញ ព្រោះពួកគេមិនអាចស្នាក់នៅ និងធ្វើការជាអចិន្រ្តៃយ៍នៅប្រទេសម្ចាស់ផ្ទះបានទេ។ ការពិតដែលមិនអាចប្រកែកបានគឺថា ការងារចំណាកស្រុកមិនអាចធ្វើឱ្យប្រជាជនក្លាយជាអ្នកមានបានឡើយ ហើយក៏មិនអាចធ្វើឱ្យប្រទេសបញ្ជូនពលករ ក្លាយជាប្រទេសអភិវឌ្ឍន៍បានដែរ ព្រោះថាការងារចំណាកស្រុកមិនបានជួយពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និងឧស្សាហកម្មក្នុងស្រុកនោះឡើយ។

ប្រទេសកម្ពុជា មិនអាចក្លាយជាប្រទេសនាំចេញពលករជារៀងរហូតបានទេ។ នៅពេលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អភិវឌ្ឍជឿនលឿនទៅមុខ ប្រទេសកម្ពុជា ក៏ត្រូវការកម្លាំងពលកម្ម ដើម្បីទ្រទ្រង់មូលដ្ឋានសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ខ្លួនដែរ។ ដូច្នេះសំណួរដែលយើងត្រូវសួរគឺថា នៅពេលដែលពលករជាច្រើនបានវិលត្រឡប់មកផ្ទះវិញ តើយើងធ្វើសមាហរណកម្មពួកគេនៅក្នុងសេដ្ឋកិច្ចកម្ពុជាយ៉ាងដូចម្តេច? ឬនិយាយម៉្យាងទៀតថា តើពលករចំណាកស្រុកអាចចូលរួមចំណែកយ៉ាងដូចម្តេចចំពោះសេដ្ឋកិច្ចកម្ពុជានាពេលអនាគត? ពលករចំណាកស្រុកត្រូវបានគេរំពឹងថា នឹងនាំមកនូវគំនិត និងជំនាញថ្មីៗត្រឡប់មកផ្ទះវិញ ដោយសារបទពិសោធរបស់ពួកគេនៅក្នុងសង្គមដែលមានការអភិវឌ្ឍជឿនលឿន មានវប្បធម៌សហគ្រិនរឹងមាំ និងមានជំនាញបច្ចេកទេសខ្ពស់ជាពិសេសនៅក្នុងប្រទេសដូចជាកូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសទាំង ២ នេះ មានក្រមសីលធម៌ការងារខ្ពស់ ហើយពួកគេគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារយ៉ាងខ្ជាប់ខ្ជួន។

អាចមានវិធីសាស្ត្រជាច្រើនសម្រាប់ឱ្យពលករចំណាកស្រុកចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ ក្នុងចំណោមវិធីសាស្រ្តផ្សេងៗ យើងអាចពិចារណាលើវិធីសាស្ត្រ ២ ដូចខាងក្រោម។

ទី១៖ពួកគេអាចចូលរួមតាមរយៈការបង្កើនទំនុកចិត្តវិនិយោគក្នុងស្រុកទាក់ទងនឹងសមត្ថភាពផ្គត់ផ្គង់កម្លាំងពលកម្មដែលមានគុណភាព។ វិនិយោគិនកូរ៉េខាងត្បូង និងជប៉ុន តែងតែត្អូញត្អែរថា ប្រទេសកម្ពុជា ខ្វះកម្លាំងពលកម្មជំនាញ ខ្វះអ្នកបច្ចេកទេស និងបុគ្គលិកគ្រប់គ្រងថ្នាក់កណ្តាល។ ដូច្នេះវាជាការសំខាន់ណាស់ដែលអ្នកវិនិយោគដឹងថា នៅពេលវេលាជាក់លាក់ណាមួយនោះ ប្រទេសកម្ពុជា ពិតជាមានពលករជំនាញជាច្រើនដែលធ្លាប់ធ្វើជាពលករចំណាកស្រុកនៅក្នុងប្រទេសរបស់ពួកគេ។ ដើម្បីធ្វើដូចនេះបាន ការប្រមែប្រមូលចងក្រងធនធានពលករចំណាកស្រុក គឺមានសារៈសំខាន់។ យើងអាចធ្វើទៅបានតាមរយៈការបង្កើតសមាគមអតីតពលករចំណាកស្រុកលើផ្នែកជំនាញជាក់លាក់ណាមួយ ឧទាហរណ៍សមាគមអតីតពលករចំណាកស្រុកពីកូរ៉េខាងត្បូងក្នុងវិស័យកសិកម្ម ឬវិស័យរោងចក្រកម្មន្តសាល ឬវិស័យសេវាកម្ម។ល។ យ៉ាងហោចណាស់វិនិយោគិនគួរតែដឹងថា តើពួកគេគួរទាក់ទងអ្នកណា ដើម្បីទទួលបានបណ្តុំនៃធនធានមនុស្សដែលធ្លាប់បានទទួលការបណ្តុះបណ្តាលរួចហើយនៅក្នុងប្រទេសរបស់ពួកគេ ហើយមានការយល់ដឹងល្អអំពីវប្បធម៌របស់ពួកគេទៀត។ ប្រសិនបើប្រទេសកម្ពុជា មានការប្រមូលផ្តុំពលករជំនាញកាន់តែច្រើន យើងអាចជំរុញឱ្យវិនិយោគិនកូរ៉េ និងជប៉ុន បញ្ជូនការងារ និងរោងចក្ររបស់ពួកគេ យកមកដាក់នៅប្រទេសកម្ពុជា តែម្តង ព្រោះថា ជម្រើសបែបនេះអាចអស់កម្រៃថោកជាងការគ្រប់គ្រងប្រតិបត្តិការនៅក្នុងប្រទេសរបស់ពួកគេហើយជាទូទៅការបញ្ជូននិងទទួលពលករក្រៅប្រទេសត្រូវឆ្លងកាត់នីតិវិធីរដ្ឋបាលច្រើន។ជម្រើសបែបនេះ ក៏មានសុវត្ថិភាពផងដែរសម្រាប់ពលករកម្ពុជា។ សម្រាប់ក្រុមហ៊ុនកូរ៉េ និងជប៉ុនវិញ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីអតីតពលករចំណាកស្រុកទាំងនោះ ពីព្រោះពួកគេមានសមត្ថភាពបច្ចេកទេសជំនាញ យល់ដឹងពីការទាមទាររបស់គណៈគ្រប់គ្រង ហើយពួកគេអាចចេះភាសា និងយល់ដឹងពីវប្បធម៌ថែមទៀត។ដូច្នេះ ដើម្បីត្រៀមរៀបចំការប្រមូលផ្តុំបែបនេះបាន លុះត្រាតែពលករចំណាកស្រុកមានផែនការ និងទិសដៅការងារច្បាស់លាស់ ឧទាហរណ៍គេអាចរៀបចំកម្មវិធីតម្រង់ទិសការងារសម្រាប់ពួកគេ នៅមុនពេលពួកគេចេញដំណើរ ដើម្បីឱ្យពួកគេអាចត្រៀមខ្លួនចូលរួមចំណែកដល់ការបំពេញលើកង្វះខាតពលករជំនាញក្នុងស្រុកនា ពេលអនាគត និងអាចដើរតួនាទីសកម្មនៅក្នុងការរួមចំណែកដល់ការបង្កើនទំនុកចិត្តវិនិយោគសម្រាប់ប្រទេសកម្ពុជា។

ទី២៖ ពលករចំណាកស្រុកអាចចូលរួមចំណែកក្នុងសេដ្ឋកិច្ចតាមរយៈការជំរុញវប្បធម៌សហគ្រិនភាព។ កូរ៉េខាងត្បូង និងជប៉ុនជាគំរូល្អនៃវប្បធម៌សហគ្រិនភាពរឹងមាំ និងជំនាញគ្រប់គ្រងជាលក្ខណៈប្រព័ន្ធ។ ប្រសិនបើពលករចំណាកស្រុកមានមហិច្ឆតាមោះមុត ពួកគេអាចរៀនជំនាញគ្រប់គ្រង និងសហគ្រិនភាពទាំងនោះបាន ហើយអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅពេលពួកគេត្រឡប់មកវិញ។ យើងឃើញមានឧទាហរណ៍គំរូជោគជ័យមួយចំនួន របស់អតីតពលករចំណាកស្រុកដែលបានបង្កើតអាជីវកម្មដោយជោគជ័យ បន្ទាប់ពីពួកគេបានក្រេបជញ្ជក់បទពិសោធពីកូរ៉េខាងត្បូង និងជប៉ុន ហើយឧកញ៉ាដែលជាអតីតពលករចំណាកស្រុកមួយចំនួន ថែមទាំងអាចតបស្នង និងជួយសង្គមជាតិយ៉ាងសស្រោកសស្រាំជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ ឧទាហរណ៍ជោគជ័យរបស់ពួកគេគួរតែត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយថែមទៀត ដើម្បីលើកទឹកចិត្តដល់ពលករចំណាកស្រុកឱ្យរៀនសូត្រពីគំរូល្អៗទាំងនេះ។ ដើម្បីជួយជំរុញវប្បធម៌សហគ្រិនភាព និងរៀបចំប្រព័ន្ធជំរុញសហគ្រិនភាព ពលករចំណាកស្រុកដែលជោគជ័យមួយចំនួនអាចពិចារណាបង្កើតដូចជា សមាគមសហគ្រិននៃអតីតពលករចំណាកស្រុកមកពីប្រទេសកូរ៉េខាងត្បូង ឬជប៉ុនជាដើម។ ប្រសិនបើពួកគេមានធនធានច្រើន ពួកគេអាចបង្កើតជាមូលនិធិទ្រទ្រង់សហគ្រិនភាពសម្រាប់អតីតកម្មករចំណាកស្រុក ដើម្បីគាំទ្រដល់ពលករដែលមានក្តីសុបិន និងមានមហិច្ឆតាខ្ពស់ចង់បង្កើតសហគ្រាសធុនតូច និងមធ្យមផ្ទាល់ខ្លួន។ អតីតពលករចំណាកស្រុកស្គាល់គ្នាទៅវិញទៅមក ដូច្នេះហើយពួកគេអាចប្រើបណ្តាញនៃការទុកចិត្តរបស់ពួកគេ ដើម្បីសម្រេចក្នុងការផ្តល់ទុនវិនិយោគដំណាក់កាលដំបូងសម្រាប់អ្នកដែលត្រូវបានគេជឿជាក់ថា មានសមត្ថភាពបង្កើត និងគ្រប់គ្រងក្រុមហ៊ុនផ្ទាល់ខ្លួនបាន ឬអ្នកដែលមានគំនិតអាជីវកម្មល្អ និងមានភាពច្នៃប្រឌិតខ្ពស់។ ប្រសិនបើយើងអាចបង្កើតប្រព័ន្ធទ្រទ្រង់បែបនេះ ពលករចំណាកស្រុកនឹងអាចចូលរួមគាំទ្រមិនត្រឹមតែដល់និរន្តរភាព និងភាពម្ចាស់ការលើជីវភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយដល់អ្នកដទៃផ្សេងទៀត ដែលនឹងទទួលបានការងារពីអាជីវកម្មរបស់ពួកគេផងដែរ។ សម្រាប់ប្រទេសកម្ពុជា ទាំងមូល យើងនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីសេដ្ឋកិច្ច ដែលជំរុញដោយវិស័យឯកជនដែលបង្កើតការងារបន្ថែមទៀត ហើយថែមទាំងអាចបង្កើន និងពង្រឹងទីផ្សារ និងឧស្សាហកម្មថែមទៀតផង។

វិធីសាស្ត្រទាំង២ ខាងលើមានគោលដៅចម្បង ដើម្បីធានាថាជីវភាពរស់នៅរបស់ពលករចំណាកស្រុកគួរតែមានភាពប្រសើរឡើងនៅពេលពួកគេត្រឡប់មកផ្ទះវិញ និងដើម្បីបង្កើតកត្តាអំណោយផលសម្រាប់ជំរុញឱ្យពលករចំណាកស្រុកអភិវឌ្ឍខ្លួនក្លាយទៅជាវណ្ណៈកណ្តាល(middle-class) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។ពួកគេ គឺជាធនធានមនុស្សដែលជួយកសាង និងថែរក្សាសេដ្ឋកិច្ចក្នុងប្រទេសឱ្យកាន់តែរឹងមាំ និងជួយពង្រឹងការជឿទុកចិត្តវិនិយោគកាន់តែខ្លាំង និងអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានសមាហរណកម្មរឹងមាំជាមួយបណ្តាប្រទេសដែលធ្លាប់បណ្តុះបណ្តាលពួកគេដូចជាកូរ៉េខាងត្បូង និងជប៉ុនជាដើម។ យើងគួរតែខិតខំព្យាយាមបង្កើនទំនាក់ទំនងសេដ្ឋកិច្ចល្អ ជាមួយបណ្តាប្រទេសដែលផ្តល់ការងារប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរដល់ពលកររបស់យើង ហើយពង្រឹងទំនាក់ទំនងល្អដែលជាមូលដ្ឋានគាំទ្រដល់ការបង្កើនវប្បធម៌សហគ្រិនភាព និងគាំទ្រក្តីសុបិនរបស់ពលករចំណាកស្រុក ដើម្បីក្លាយជាពលរដ្ឋវណ្ណៈកណ្តាលរបស់ប្រទេសកម្ពុជា នាពេលអនាគត។ ពលករចំណាកស្រុកពិតជាមានក្តីសុបិន ហើយក្តីសុបិនរបស់ពួកគេមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងសេដ្ឋកិច្ចនាពេលអនាគតរបស់ប្រទេសកម្ពុជា៕

website_news/2021270404.txt · Last modified: 2021/04/27 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki