website_news:2021270502

ប៉ូលិស បញ្ជូនមេខ្យល់ ២ នាក់ ទៅតុលាការ និងពលករឆ្លងដែន ខុសច្បាប់ ១៨ នាក់ ទៅមណ្ឌលចត្តាឡឺស័ក

https://www.rasmeinews.com/ 25 May, 2021

ដោយះ គ្រញូង / បាត់ដំបងះ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបញ្ជូនជនសង្ស័យ ២ នាក់ ជាមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់។ ចំណែកពលករឆ្លងដែនខុសច្បាប់ ចំនួន ១៨ នាក់ ត្រូវបញ្ជូនទៅមណ្ឌលចត្តាឡឺស័ក ស្រុកកំរៀង។

មេខ្យល់ និងពលករឆ្លងដែន ខុសច្បាប់ ទាំង២០នាក់នេះ មានបំណងឆ្លងដែន ទៅធ្វើការនៅ ប្រទេសថៃ ហើយត្រូវបានលោក ន រស្មី ស្នងការរងរួមជាមួយលោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ វរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៨១៩ បានដឹកនាំកងកម្លាំង ក្នុងអង្គភាព សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ នៅចំណុចឈរជើង ព្រមទាំងអាជ្ញាធរថៃ បានធ្វើការ ទប់ស្កាត់ករណី នាំចេញ ដោយមិនស្របច្បាប់ នៅចំណុចភូមិសាស្ត្រ ទទួលខុសត្រូវ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា ក្នុងស្ថានភាពដែលប្រទេសថៃ កំពុងមានកំណើន ឆ្លងជម្ងឺកូវីដ១៩ រាល់ថ្ងៃ និងមានបងប្អូនប្រជាពលករ ដែលកំពុងធ្វើការ នៅប្រទេសថៃ បានចាកចេញ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ រាល់ថ្ងៃ ដែលក្នុងនោះ បានរកឃើញថា ពួកគាត់មួយចំនួន បាននាំយក នូវវីរុសកូវីដ១៩ មកជាមួយផងដែរ។ ទន្ទឹមនោះ ក៏ឃើញមានប្រជាពលរដ្ឋ មួយចំនួន បាននិងកំពុងព្យាយាម ចាកចេញពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ដោយមិនស្របច្បាប់ តាមរយៈការអូសទាញរបស់មុខសញ្ញា ជាមេខ្យល់ ដែលស្ថានភាពបែបនេះ ពួកគាត់កំពុងប្រថុយ ប្រថាន យ៉ាងខ្លាំង ទាំងករណីឆ្លងជម្ងឺកូវីដ១៩ផង និងចំពោះ អំពើល្មើសច្បាប់ផង ។

ទិដ្ឋភាពចំនួនពីរ ក្នុងពេលតែមួយ ដូចខាងលើនេះ តម្រូវឱ្យសមត្ថកិច្ចនគរបាល និងអាជ្ញាធរពាក់ព័ន្ធ ដែលកំពុងឈរជើងបំពេញភារកិច្ច នៅចំណុចជួរមុខ បង្កើនសកម្មភាពទ្វេដង ទាំងការស្វែងរក ពួកគាត់ ដែលឆ្លងចូលមកពីប្រទេសថៃ តាមច្រករបៀង ដើម្បីនាំទៅធ្វើចត្តាឡីស័ក តាមវិធាន សុខាភិបាលផង និងស្វែងរកពួកគាត់ នៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បីរារាំង ទប់ស្កាត់ ឱ្យបាននូវករណីនាំចេញ ដោយខុសច្បាប់ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃផង។ បន្ទាប់ពីបានធ្វើការឃាត់ខ្លួន រួចហើយ ទាំងមេខ្យល់ និងពលករឆ្លងដែនខុសច្បាប់ ទាំង២០នាក់ ត្រូវបាននាំទៅប្រគល់ ជូនសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកកំរៀង ដើម្បីធ្វើការ សាកសួរ និងអនុវត្តបន្ត តាមនីតិវិធី៕/V.mara

website_news/2021270502.txt · Last modified: 2021/05/28 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki