website_news:2021270503

ទាហានថៃបាញ់បុរសខ្មែរម្នាក់របួស ខណៈពេលកំពុងឆ្លងដែនចូលកាប់ឈើគ្រញូង

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 25 May 2021 | 18:00 ICT

ពោធិ៍សាត់៖ មន្ត្រីយោធាការពារព្រំដែនកម្ពុជា-ថៃ បានប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅរសៀលថ្ងៃទី ២៥ ខែឧសភា នេះថា ពលករខ្មែរម្នាក់ក្នុងចំណោមគ្នា ៦ នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃបាញ់បណ្ដាលឲ្យរងរបួសបាក់ជើងម្ខាង ខណៈពេលពួកគេកំពុងលួចឆ្លងដែនចូលទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃដោយខុសច្បាប់។

លោក សួន សំបូរ នាយរងការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ នៃតំបន់ភូមិភាគ៥ បាននិយាយថា នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ ក្រុមការងាររបស់លោកបានទទួលសេចក្ដីរាយការណ៍ពីមន្ត្រីយោធានៃកងពលតូចលេខ ៥៣៧ ដែលឈរជើងនៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកវាលវែងថា ទាហានឈុតខ្មៅថៃបានផ្ដល់ដំណឹងអំពីការចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរម្នាក់ក្រោយពីបាញ់ឲ្យរងរបួស ក្នុងបទល្មើសលួចកាប់ឈើគ្រញូងខុសច្បាប់ក្នុងទឹកដីរបស់ពួកគេហើយបានប្រទូសរ៉ាយជាមួយជាមួយនឹងពួកគេថែមទៀត។ លោក សំបូរ បានបញ្ជាក់ថា៖«ខ្ញុំនិងក្រុមការងារ រួមទាំងកម្លាំងកងពលតូចលេខ ៥៣៧ បានទាក់ទងទៅភាគីថៃ ដើម្បីស្នើសុំយកជនរងគ្រោះដែលជាពលរដ្ឋខ្មែរយើងមកព្យាបាលនិងចាត់វិធានការតាមនីតិវិធីច្បាប់ដោយអាជ្ញាធរខ្មែរយើងវិញ ហើយភាគីថៃក៏បានអនុញ្ញាត បន្ទាប់ពីមានកិច្ចពិភាក្សាអស់រយៈពេលជាង៣ម៉ោង»។

បើតាមលោក សំបូរ បុរសរងគ្រោះ ដោយការបាញ់ប្រហារពីទាហានឈុតខ្មៅថៃនោះឈ្មោះលាន ណាត អាយុ ៣១ ឆ្នាំ មានស្រុកកំណើតនៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប និងបានស្នាក់នៅបន្ទប់ជួលមួយក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកថា បច្ចុប្បន្នជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការឃ្លាំមើលពីមន្ត្រីនគរបាលមូលដ្ឋានប៉ុស្តិ៍ថ្មដា។

ចំណែកលោក លន់ លាង មេបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ ៨២៥ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរបាយការណ៍ពីមន្ត្រីយោធាព្រំដែនថៃ ដែលលោកទទួលបាន នៅរសៀលថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ នោះ បានបញ្ជាក់ថា ពួកគេបានប្រទះឃើញពលករខ្មែរមួយក្រុមមានគ្នាជិត ១០ នាក់ កំពុងដើរស្ពាយឈើគ្រញូងនៅក្នុងព្រៃនៃទឹកដីថៃ ដែលមានចម្ងាយប្រមាណ ៨០០ ម៉ែត្រ ពីព្រំដែនកម្ពុជា។ លោក លាង បានបន្តថា៖ «ក្នុងរបាយការណ៍នោះ ភាគីទាហានឈុតខ្មៅថៃបានសរសេរថា ក្រុមពលករខ្មែរ បានព្យាយាមរត់គេច ហើយជនរងគ្រោះដែលស្ពាយឈើគ្រញូង ១០ ដុំ ត្រូវបានកម្លាំងយោធាថៃព័ទ្ធជាប់ ហើយក្នុងខណៈនោះជនរងគ្រោះបានព្យាយាមតដៃដោយគប់ពូថៅតម្រង់មកមន្ត្រីយោធាម្នាក់ដែលតាមប្រកិតគាត់។ បន្ទាប់មកបានស្ទុះទៅវាយតប់ជាមួយទាហានថៃនោះ ទើបក្រុមទាហានថៃផ្សេងទៀតបាញ់បំបាក់ជើងតែម្ដងទៅ»។ លោកបានបន្ថែមថា តាមរយៈចម្លើយសារភាពរបស់ជនរងគ្រោះ ពួកគេបានចូលទៅក្នុងទឹកដីថៃនោះ គឺតាមរយៈមេខ្យល់ម្នាក់ឈ្មោះ ស៊ុច អាយុ ៤៥ ឆ្នាំ ជាអ្នករស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅពេលប្រទះឃើញក្រុមទាហានថៃ ឈ្មោះ ស៊ុច ក៏បានរត់គេចខ្លួនបាត់ទៅ ចំណែកអ្នកផ្សេងទៀត ក៏បានរត់បែកផ្លូវគ្នាអស់ទៅ ៕

website_news/2021270503.txt · Last modified: 2021/05/28 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki