website_news:2021270507

តុលាការសម្រេចឃុំខ្លួនមេខ្យល់ ២ នាក់ ខណៈសមត្ថកិច្ចចាប់ខ្លួនបាន ២ នាក់ទៀត

https://www.postkhmer.com/ គឹម សារុំ | Publication date 25 May 2021 | 10:32 ICT

បន្ទាយមានជ័យៈ តុលាការខេត្តបន្ទាយមានជ័យបានសម្រេចឃុំខ្លួនបុរសមេខ្យល់ ២ នាក់ ក្នុងពន្ធនាគារខេត្តនៅរសៀលថ្ងៃទី ២៣ ខែឧសភា ខណៈជនសង្ស័យដែលជាមេខ្យល់ ២ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននៅយប់ក្នុងថ្ងៃដដែល និងសង្គ្រោះពលករបាន ១៧ នាក់ នៅពេលពួកគេបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការការងារនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបន្ទាយមានជ័យ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ឧសភាថា បុរសឈ្មោះ ពៅ បូរី ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ និងឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិបឹងប្រាសាទ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យចេញដីកាឃុំនៅពន្ធនាគារហើយកាលពីរសៀលថ្ងៃទី ២៣ ឧសភា។ លោកស្រីបញ្ជាក់ថា៖ «បុរសទាំង ២ នាក់ត្រូវចោទពីបទការនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែនតាមមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។ យោងបញ្ញតិ្តមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនេះ បើសិនជាតុលាការរកឃើញថា ជនត្រូវចោទទាំង ២ នាក់ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ នឹងត្រូវជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។

លោក ម៉ាន់ ធី អធិការរងស្រុកអូរជ្រៅ និងជាសមាជិកគណៈកម្មការទប់ស្កាត់ពលករឆ្លងដែនប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីរសៀលថ្ងៃទី ២៣ ឧសភាថាពលករប្រុសស្រី ១៧ នាក់ (ក្មេងស្រីតូចម្នាក់) និងមេខ្យល់ ២ នាក់ត្រូវសមត្ថកិច្ចជួយសង្គ្រោះ និងចាប់ខ្លួនកាលពីយប់ថ្ងៃទី ២២ ឧសភា ដោយកម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅចំណុចគោលដៅស្ថិតនៅភូមិជោគជ័យ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ។ អ្នកទាំងនោះបាននាំគ្នាលួចដើរឆ្លងកាត់គោលដៅរបស់សមត្ថកិច្ចបម្រុងឆ្លងដែនចូលទៅប្រទេសថៃ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរាប់ចំនួនឃើញមានមនុស្សស្រីចំនួន ៨ នាក់ (រាប់ទាំងក្មេងស្រីតូចម្នាក់ផង) និងប្រុសចំនួន ៩ នាក់ បូក និងបុរសជាមេខ្យល់ ២ នាក់ទៀត មានចំនួន ១៩ នាក់។ ក្រុមពលករទាំងអស់ត្រូវបាននាំទៅមណ្ឌលចត្តាឡីស័ក។

ដោយឡែកកាលពីយប់ថ្ងៃទី ២៣ ឧសភាបើយោងតាម បណ្តាញទំនាក់ទំនងសង្គមរបស់យោធភូមិភាគទី ៥ នៅខេត្តបន្ទាយមានជ័យសរសេរថា កងពលតូចថ្មើរជើងលេខ ៥១ បានដឹកនាំកម្លាំងដើរល្បាតដោយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ ៥១៤ នៅយប់ថ្ងៃទី ២៣ ឧសភា បានឃាត់ខ្លួនមេខ្យល់ ២ នាក់ និងជួយសង្គ្រោះពលករបានចំនួន ៨ នាក់ (ស្រីម្នាក់)។ មេខ្យល់ទាំង ២ នាក់ ម្នាក់ឈ្មោះ លឹម ហួត ភេទប្រុស អាយុ ៣៨ ឆ្នាំរស់នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ និងម្នាក់ទៀត ឈ្មោះ ជូត សុខជ័យ ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកស្រី ឌី សុជាតិ បានឱ្យដឹងនៅថ្ងៃទី ២៤ ឧសភាថា ចំពោះមេខ្យល់ ២ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ មិនទាន់បញ្ជូនដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅឡើយទេ នៅព្រឹកថ្ងៃទី ២៤ ឧសភា។ ជនសង្ស័យដែលជាមេខ្យល់នាំមនុស្សឆ្លងដែនទាំងនោះ ពួកគេត្រូវតែប្រឈមនឹងផ្លូវច្បាប់៕

website_news/2021270507.txt · Last modified: 2021/05/28 11:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki