website_news:2021270701

សម្តេចក្រឡាហោម ៖ ពលករចំណាកស្រុកជាង ១សែន ៥ម៉ឺននាក់ ត្រឡប់មកពីក្រៅប្រទេសវិញ

https://cen-news.com/ Posted ByPen Srey NeatJuly 26, 2021

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រយៈពេល ៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុក ត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់ និង អនីតិជន៥៦៤នាក់ មានស្រី១៥៧នាក់។ សម្តេចក្រឡាហោមបានបន្តថា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រមូលទិន្នន័យជាប្រចាំរបស់រដ្ឋបាលរាជធានី ខេត្ត នូវចំនួនពលករ វិលត្រឡប់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ ១៩ សរុបប្រមាណ ៦៣.២៦៩នាក់ មានស្រ្តីប្រមាណ ២៧.១៦២នាក់។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន៦ បានធ្វើការងារបង្ការទប់ស្កាត់ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុក ទៅរកការងារធ្វើ នៅក្រៅប្រទេសដោយខុសច្បាប់ បានចំនួន៨២លើក មនុស្សចំនួន៥៩៣នាក់ មានស្ត្រី១៩៧នាក់ ជាអនីតិជន ៣៤នាក់ ស្រី ០៧នាក់ ក្នុងនោះមាន ខេត្តបាត់ដំបងចំនួន៣០លើក ខេត្តកោះកុងចំនួន២៧លើក បន្ទាយមានជ័យចំនួន៨លើក តាកែវចំនួន៩លើក និងស្វាយរៀងចំនួន៥លើក។ ក្រោយពីបានទទួល និងឃាត់ខ្លួនពលរដ្ឋទាំងនោះ ក៏បានធ្វើកិច្ចសន្យាអប់រំ ណែនាំកុំឲ្យចំណាកស្រុកខុសច្បាប់ ទៅក្រៅប្រទេសទៀត៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

website_news/2021270701.txt · Last modified: 2021/07/27 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki