website_news:2021270807

បន្ទាយមានជ័យ រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២៣០នាក់ មានទាំងពលករ និងក្នុងសហគមន៍

https://news.btv.com.kh/ 08/26/2021 10:08 AM

ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ប្រភេទបំប្លែងថ្មីដែលតា (Detla) ចំនួន២៣០ករណី ដែលតួលេខនេះគឺឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានរកឃើញរហូតដល់ចំនួន ៣៧៥ករណី នេះបើគិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែសីហានេះ បានថ្លែងថា ចំពោះការរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នៅក្នុងខេត្តបន្ទាយមានជ័យនេះ មានទាំងពលករត្រឡប់មកពីប្រទេសថៃ និងឆ្លងក្នុងសហគមន៍ ដោយអ្នកជំងឺកូវីដ១៩ បំប្លែងថ្មីនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល ដាច់ដោយឡែកពីអ្នកជំងឺកូវីដ ១៩ ប្រភេទធម្មតា ។ ឯកឧត្តមបន្តថា ដោយសារកំណើនអ្នកជំងឺកូវីដ១៩ បានរកឃើញជាបន្តបន្ទាប់ អាជ្ញាធរខេត្ត បានរៀបចំនូវកន្លែងព្យាបាលធំថ្មី គឺមណ្ឌលព្យាបាល ហ៊ុន សែន ខ្លាកូន ស្ថិតក្នុងក្រុងសិរីសោភ័ណ ដោយដាក់អ្នកជំងឺអាការៈស្រាលចូលហើយ គឺបានចំនួនប្រមាណ២០០០នាក់ អ្នកជំងឺជាពលករសុទ្ធ ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្រៅពីនោះអាជ្ញាធរកំពុងរៀបចំជិតរួចហើយ ទីតាំងព្យាបាលមួយទៀតនៅមណ្ឌលផ្សារ អឹងវណ្ណម៉ៅ ស្ថិតក្នុងស្រុកមង្គលបូរីសម្រាប់ដាក់អ្នកជំងឺឆ្លងក្នុងសហគមន៍ ហើយកំពុងរៀបចំមណ្ឌលចត្តាឡីសក្តមួយទៀត នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អាចដាក់ពលករបានចំនួន ៣០០០នាក់ ។ ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា ចំពោះការវិធានការ អាជ្ញាធរបានរៀបចំអ្នកជំងឺប្រភេទបំប្លែងថ្មី Detla នៅមណ្ឌលដាច់ដោយឡែកពីអ្នកជំងឺផ្សេង, បន្តស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ឲ្យធ្វើចត្តាឡីសក្តតាមការណែនាំ, បន្តអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងវិធានការបង្ការលើការរីករាលដាល, បន្តអនុវត្តបំរាមគោរចរ និងហាមការជួបជុំ និងរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ៕

website_news/2021270807.txt · Last modified: 2021/08/27 11:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki