website_news:2021270808

កម្ពុជា-ថៃប្ដេជ្ញារួមគ្នាទប់ស្កាត់ និងឈានទៅលុបបំបាត់វីរុសកូវីដបំប្លែងថ្មីប្រភេទ Delta

https://news.btv.com.kh/ 08/26/2021 11:08 AM

បាត់ដំបង ៖ យោធាភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ បានធ្វើការប្ដេជ្ញារួមគ្នាទប់ស្កាត់ និងឈានទៅលុបបំបាត់វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីប្រទេសឌែលតា (Delta) ដែលកំពុងរាតត្បាតក្នុងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ មួយចំនួនទៀត។ ក្នុងកិច្ចប្រជុំអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការរវាងយោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបាត់ដំបង ជាមួយកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២១នេះ ភាគីទាំងពីរកម្ពុជា-ថៃ មានជំនឿយ៉ាងមុតមាំថា យើងនឹងបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគ១ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច នៃប្រទេសយើងទាំងពីរក្នុងការអភិវឌ្ឍតំបន់ព្រំដែនលើគ្រប់វិស័យ និងក្លាយជាប្រយោជន៍នៃប្រទេសយើងទាំងពីរ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនប្រកបដោយភាពសុខសាន្ត និងប្រកបមុខរបរនៅតាមខ្សែបន្ទាត់ព្រំដែនកាន់តែប្រសើរឡើងថែមទៀត។

ពាក់ព័ន្ធការទប់ស្កាត់ ការការពារពលករបរទេស និងការរៀបចំការងារសម្រាប់ពលករ ភាគីទាំងពីរបានឯកភាពគ្នាទប់ស្កាត់ និងការពារការលបលួចឆ្លងកាត់ព្រំដែន និងការឆ្លងដែនឲ្យបានម៉ឺងមាត់ ដោយអនុវត្តន៍ទៅតាមច្បាប់នៃប្រទេសទាំងពីរ។ ចំពោះជនជាតិកម្ពុជាដែលត្រូវចូលទៅធ្វើការនៅក្នុងប្រទេសថៃ ត្រូវចូលទៅដោយត្រឹមត្រូវតាមច្បាប់ ហើយក្នុងករណីមានការបិទព្រំដែនដោយប្រការណាមួយ ភាគីទាំងពីរត្រូវសហការ ជូនដំណឹងគ្នាទៅវិញទៅមកឲ្យបានម៉ឺងមាត់ និងទាន់ពេលវេលា។ ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការចាត់វិធានការឲ្យបានម៉ឺងមាត់ ចំពោះអ្នកលបលួចល្មើសក្នុងការធ្វើដំណើរចេញចូលក្នុងប្រទេសនីមួយៗ ដោយចាត់វិធានការចំពោះមេខ្យល់នៅខាងប្រទេសថៃ ដែលរង់ចាំទទួលពលករកម្ពុជាឆ្លងដែនខុសច្បាប់។ ទាក់ទិនបញ្ហាពលករបរទេសភាគីទាំងពីរបានឯកភាពគ្នា សហការបង្កើតបណ្ដាញព័ត៌មាន ដោយការទំនាក់ទំនងតាមការឆ្លើយតបតាមប្រព័ន្ធឡាញ និងបង្កើតចំពោះការជួលពលករបរទេសឲ្យបានត្រឹមត្រូវស្របតាមច្បាប់ការងារ និងអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ចំពោះការបន្តសុពលភាពលិខិតឆ្លងដែនរបស់ពលករកម្ពុជា ក្នុងករណីលិខិតឆ្លងដែន ឬឯកសារប្រើជំនួសលិខិតឆ្លងដែនដែលអស់សុពលភាព ត្រូវជំរុញឲ្យពលករកម្ពុជាដំណើរការឲ្យបានត្រឹមត្រូវតាមការកំណត់ត្រឹមថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០២២។

ចំពោះបញ្ហាគ្រឿងញៀនភាគីទាំងពីរសហការគ្នាជំរុញទិន្នន័យលើវិស័យព័ត៌មាន ចំពោះអ្នកប្រព្រឹត្តល្មើស និងវិធីលបលួច នាំយកគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ដោយបង្កើតបណ្ដាញទិន្នន័យព័ត៌មាន ដើម្បីទំនាក់ទំនងតាមប្រព័ន្ធឡាញ។ ពាក់ព័ន្ធបញ្ហាល្បែងភ្នាល់តាមប្រព័ន្ធអនឡាញភាគីទាំងពីររួមគ្នាសហការជំរុញផ្សព្វផ្សាយ និងការបង្កើតបណ្ដាញទិន្នន័យព័ត៌មានរបស់ជនល្មើស ក្នុងការបើកវេបសាយល្បែងភ្នាល់គ្នាតាមប្រព័ន្ធអនឡាញ ដោយខុសច្បាប់ដោយទំនាក់ទំនងឆ្លើយតបគ្នាតាមប្រព័ន្ធឡាញ។

គួរបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកដំណើរច្រកព្រំដែនឡើងវិញ ជាមួយភាគីថៃ ជាង១០ថ្ងៃកន្លងមកនេះ មានពលករខ្មែរចំនួន ១.២៩២នាក់ បានចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកផ្សេងៗក្នុងខេត្តបាត់ដំបង ក្នុងនោះបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១១២នាក់ ខណៈចំនួនអ្នកជាសះស្បើយនៅក្នុងខេត្តបានកើនឡើងច្រើន។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ ៤១៨នាក់ ព្យាបាលជាសះស្បើយចំនួន ៤៥២៦នាក់ កំពុងសម្រាកព្យាបាលចំនួន ៨២០នាក់ និងស្លាប់ចំនួន ៧២នាក់ ៕

website_news/2021270808.txt · Last modified: 2021/08/27 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki