website_news:2021270901

មេខ្យល់ ម្នាក់នាំពលករ២នាក់បម្រុងទៅរកការងារធ្វើនៅស្រុកថៃ ដោយខុសច្បាប់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលា

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២៣ កញ្ញា ២០២១ដោយ Kang Tola

បន្ទាយមានជ័យ ៖ កម្លាំងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ដល់ចំណុចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឃាត់មនុស្សចំនួន៣នាក់ ក្នុងនោះស្ត្រីម្នាក់ ដែលមានបំណងឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ។ ក្នុងចំណោម៣នាក់នោះមានមេខ្យល់១នាក់ ឈ្មោះ ប៉ិ ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៤ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតមេខ្យល់ខាងបាន កងកម្លាំងការពារព្រំដែនបានបញ្ជូនមកប្រគល់ឲ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។ ចំណែកពលករចំនួន២នាក់ត្រូវបានកម្លាំងកងការពារព្រំដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក អូរបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មេខ្យល់ឈ្មោះ ប៉ិ ម៉ៅ ក្រោយពីកម្លាំងការិយាល័យជំនាញសាកសួរចម្លើយបានឆ្លើយសារភាពថា រូបគេពិតជាបានដឹកពលករប្រុស ស្រី ចំនួន២នាក់ ដោយម៉ូតូបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ពិតប្រាកដមែន។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថាដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យនិងវត្ថុតាងម៉ូតូត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ហើយ៕

website_news/2021270901.txt · Last modified: 2021/09/27 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki