website_news:2021270903

សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលរកការងារក្នុងស្រុកឲ្យពលករត្រឡប់មកពីប្រទេសថៃធ្វើ

https://www.rfa.org/khmer/ ដោយ ជី វិតា2021-09-22

សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលរកការងារក្នុងស្រុកឲ្យពលករដែលទើបត្រឡប់មកពីប្រទេសថៃធ្វើ ដើម្បីទប់ស្កាត់កុំឱ្យពួកគេឆ្លងដែនត្រឡប់ទៅប្រទេសថៃទាំងប្រថុយប្រថានអំឡុងពេលនេះវិញ។ ការលើកឡើងនេះក្រោយពេលពលករជាច្រើនកំពុងនាំគ្នាឆ្លងដែនត្រឡប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃវិញជាបន្តបន្ទាប់។ ក្រុមអ្នកឃ្លាំមើលសិទ្ធិពលករសង្កេតឃើញថា ការលបឆ្លងដែនត្រឡប់ចូលទៅប្រទេសថៃវិញ គឺដោយសារពលករគ្មានការងារធ្វើត្រឹមត្រូវនៅក្នុងស្រុក ទើបពួកគាត់នាំគ្នាលួចឆ្លងដែនចូលប្រទេសជិតខាងនេះវិញ ដោយប្រឈមនឹងអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់ទៅប្រទេសវិញ ឬចាប់ដាក់ពន្ធនាគារ និងប្រឈមការឆ្លងជំងឺកូវីដ១៩(Covid-19) ជាដើម។

មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់(CENTRAL) លោក ឌី ថេហូយ៉ា ឲ្យដឹងថា ពលករភាគច្រើនចង់បានការងារធ្វើដែលមានប្រាក់ចំណូលសមរម្យនៅក្នុងស្រុក ជាជាងការប្រថុយឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ ប៉ុន្តែច្រើនខែមកនេះ ពលករជាច្រើនសុទ្ធតែគ្មានការងារធ្វើ។ ពួកគាត់ខ្លះបានធ្វើស្រែ ឬចិញ្ចឹមសត្វបន្តិចបន្តួចជាលក្ខណៈគ្រួសារ។ ប៉ុន្តែពួកគាត់គ្មានប្រាក់ចំណូលប្រចាំថ្ងៃទេ ស្របពេលដែលពលករជាច្រើនជំពាក់បំណុលធនាគារ។ លោក ឌី ថេហូយ៉ា ព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនបង្កើនមុខរបរក្នុងស្រុកបន្ថែមដូចការប្រកាសកន្លងទៅទេ ពលករកាន់តែច្រើននឹងនាំគ្នាប្រថុយឆ្លងដែនត្រឡប់ទៅប្រទេសថៃបន្តទៀត៖ «រដ្ឋាភិបាលគួរតែឆ្លៀតឱកាសហ្នឹងបង្កើនប្រសិទ្ធភាព ដូចថាក្រសួងការងារបង្កើតសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ៊ីចឹងមិនដឹងថា មកដល់ពេលនេះមាន (ពលករ)រៀនប៉ុន្មាននាក់ អ្វីប៉ុន្មាននាក់ គួរតែជំរុញទៅដើម្បីអ្វី? ដើម្បីឲ្យអាកូវីដហ្នឹងចប់ទៅ គាត់មានជំនាញហើយគាត់អាចរកការងារល្អបានធ្វើ ឬមួយការងារនៅក្នុងស្រុក»។ អាជ្ញាធរថៃមិនទាន់ប្រកាសពីការបើកប្រទេសឲ្យពលករត្រឡប់រកការងារធ្វើនៅឡើយទេ។ ប៉ុន្តែពលរដ្ឋខ្មែរបាននាំគ្នាប្រថុយលួចឆ្លងដែនចូលទៅប្រទេសថៃកាន់តែច្រើនឡើង ពិសេស គឺនៅពេលយប់ដើម្បីទៅស្វែងរកការងារធ្វើវិញ។

ពលករម្នាក់ដែលទើបឆ្លងដែនបានចូលមកដល់ប្រទេសថៃកាលពីថ្ងៃទី២១ ខែកញ្ញា គឺលោកស្រី ពែន វីន ឲ្យដឹងថា លោកស្រីមានគ្នា៣នាក់បានប្រើពេលពេញមួយថ្ងៃដើរកាត់ព្រៃលបឆ្លងដែន មកប្រកបរបររើសអេតចាយនៅប្រទេសថៃវិញ។ ការណាដែលលោកស្រី និងប្ដី សុខចិត្តត្រឡប់មករើសអេតចាយនៅប្រទេសថៃវិញ ព្រោះពួកគាត់គ្មានមុខរបរ និងគ្មានការងារធ្វើនៅស្រុកកំណើត។ លោកស្រី ពែន វីន បញ្ជាក់ថា ច្រើនខែមកនេះ លោកស្រី និងប្ដី ខិតខំដើររកការងារធ្វើនៅស្រុកកំណើតដែរ តែរកមិនបានដោយសារពួកលោកស្រី គ្មានចំណេះដឹង គ្មានជំនាញច្បាស់លាស់ ទើបពួកគេសម្រេចចិត្តត្រឡប់មករំពឹងមុខរបររើសអេតចាយនៅស្រុកថៃវិញ៖«ខ្ញុំលួចចូលមក។ ខ្ញុំវាគ្មានលុយ គ្មានកាក់រកបាយហូបមិនបានក៏មកវិញមក។ ដូចថានៅផ្ទះ វាគ្មានស្រែ គ្មានអ្វីធ្វើដល់អ៊ីចឹងខ្ញុំក៏ឡើងមកវិញមក។ គេគ្មានតែឲ្យយើងចូលទេ។ គេចាប់បានបញ្ជូនទៅវិញមួយសារហើយហ្នឹង ខ្មែរយើងអ្នកចាប់។ ថៃគេគ្មានចាប់ផង។ គេចាប់បានគេបញ្ជូនទៅផ្ទះវិញមួយសារដែរហ្នឹង។ ទ្រាំដែរហ្នឹង តែធ្វើម្ដេចស្រុកយើងវាអត់មានអ្វីធ្វើ។ ខ្ញុំចេះតែមកទៅ»។

ការប្រថុយលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើក្នុងស្ថានភាពដែលថៃកំពុងបិទប្រទេសនេះ ប្រឈមនឹងគ្រោះថ្នាក់ហើយត្រូវចំណាយលុយច្រើនជាងការឆ្លងដែនស្របច្បាប់។ ពលករត្រូវពឹងពាក់អ្នកនាំផ្លូវ ឬហៅថាមេខ្យល់ឲ្យនាំដើរផ្លូវវៀងឆ្ងាយ ឬត្រូវដើរកាត់ព្រៃ ឆ្លងអូរ ឡើងភ្នំ ដើម្បីគេចពីប៉ូលិសតាមព្រំដែន។ ក្រោយពេលឆ្លងចូលដល់ដីថៃហើយ ពលករក៏នៅតែប្រឈមនឹងគ្រោះថ្នាក់ដែរ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ប៉ូលិសថៃចាប់បញ្ជូនត្រឡប់ទៅវិញ ឬចាប់ឃុំក្នុងពន្ធនាគារ និងភាពគ្មានការងារធ្វើនៅក្នុងប្រទេសថៃ ជាដើម ខណៈរោងចក្រនៅប្រទេសថៃខ្លះ បានក្ស័យធន និងខ្លះទៀត មិនត្រូវការរើសកម្លាំងពលកម្មបន្ថែម ឬថៅកែមិនហ៊ានទទួលយកអ្នកឆ្លងដែនខុសច្បាប់ជាដើម។

យុវជនខេត្តកំពង់ធំម្នាក់ លោក អ៊ី ព្រីង និយាយថា លោកកំពុងពិចារណាទៅរកការងារធ្វើនៅប្រទេសថៃវិញ ព្រោះត្រឡប់មកដល់កម្ពុជាច្រើនខែហើយ តែលោកគ្មានមុខរបរ គ្មានប្រាក់ចំណូលនោះទេ។ យុវជនវ័យ ៣២ ឆ្នាំរូបនេះ ចង់បានការងារធ្វើសមរម្យនៅក្នុងស្រុកជាងចំណាកស្រុក។ ប៉ុន្តែលោកថា នៅក្នុងស្រុកមិនសម្បូរការងារធ្វើ និងប្រាក់ឈ្នួលទាប មិនគ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសងបំណុលធនាគារ៖ «ថាចង់ត្រឡប់ទៅ(ថៃ)វិញបង។ នៅខ្មែរ ខ្ញុំអត់ទាន់មានមុខរបរខ្លួនឯង។ ខ្ញុំគិតថាទៅវិញ ទៅរកស៊ី២ឆ្នាំអ្វីទៀត ក្រែងរកលុយបានមកបង្កើតមុខរបរខ្លួនឯងបាន»។

ប្រធានមូលនិធិពលករខ្មែរប្រចាំប្រទេសថៃលោក ស៊ុន សីហា ឲ្យដឹងថា ពលករជាច្រើនកំពុងទាក់ទងគ្នីគ្នាឲ្យជួយរកការងារនៅស្រុកថៃឲ្យធ្វើ អាលនឹងពួកគាត់លួចឆ្លងដែនចូលមកប្រទេសថៃបន្ត។ លោក ស៊ុន សីហា ជំរុញឲ្យរដ្ឋាភិបាលបង្កើតការងារក្នុងស្រុកឲ្យពលករធ្វើ ប្រសើរជាងការបិទខ្ទប់ព្រំដែន ឬការចាប់ឃាត់ពលរដ្ឋនៅព្រំដែន៖ «រដ្ឋាភិបាលគួរតែពន្លឿនចាក់វ៉ាក់សាំង ហើយចរចាដើម្បីបើកព្រំដែនជាធម្មតាទៅ ហើយរៀបចំឯកសារស្របច្បាប់ឲ្យពលករជៀសវាងក្នុងការគាត់ចាញ់បោកមេខ្យល់ ឬក៏គាត់មកផ្លូវកាត់ខុសច្បាប់ ធ្វើឲ្យគាត់មានបញ្ហាប្រឈមជនអន្តោប្រវេសន៍ខុសច្បាប់ហ្នឹង។ ពិបាកការពារសិទ្ធិរបស់គាត់ផង ហើយនឹងគាត់ប្រឈមបញ្ហាផ្សេងៗពីខាងថៅកែ ឬក៏និយោជក»។

ជុំវិញករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ និងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី២២ ខែកញ្ញា។ កាលពីខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាផ្ដល់ទុន និងបង្រៀនបច្ចេកទេសចិញ្ចឹមត្រីដល់ពលករបាត់បង់ការងារធ្វើ។

លោក ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមថវិការដ្ឋប្រាំលាន(៥លាន) ដុល្លារសម្រាប់ជួយឲ្យកម្មករ និងពលករ ឱ្យងាកមកប្រកបមុខរបរចិញ្ចឹមត្រីវិញ ហើយរដ្ឋនឹងផ្ដល់កូនត្រីសម្រាប់ចិញ្ចឹមត្រី និងការជួយបង្ហាត់បង្រៀនពីរបៀបចិញ្ចឹមត្រីដល់ពួកគេ។ ប៉ុន្តែក្រៅពីការបញ្ជាផ្ទាល់មាត់ហើយនោះ ប្រមុខរដ្ឋាភិបាលមិនបានដាក់ចេញផែនការសកម្មភាពអ្វីជាក់លាក់នោះទេ ក្រៅពីការស្នើសុំឲ្យថៃទទួលយកពលករខ្មែរឲ្យចូលទៅធ្វើការនៅប្រទេសថៃវិញនោះ។

កាលពីខែតុលា ឆ្នាំ២០២០ ក្រសួងការបរទេសខ្មែរ និងស្ថានទូតប្រចាំទីក្រុងបាងកក បានស្នើសុំឲ្យរដ្ឋាភិបាលថៃ ទទួលយកពលករកម្ពុជាកាន់ប័ណ្ណឆ្លងព្រំដែន(borderpasses)និងពលករចុះឈ្មោះធ្វើការតាមប្រព័ន្ធអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីអាចពួកគេវិលត្រឡប់ចូលទៅធ្វើការនៅប្រទេសថៃវិញ និងស្នើសុំឲ្យបញ្ចុះថ្លៃទិដ្ឋាការ និងថ្លៃធ្វើចត្តាឡីស័កជាដើម។

គិតចាប់តាំងពីខែមីនា រហូតដល់ខែកក្កដា ពលករខ្មែរជាងមួយសែននាក់ (១០៣.០០០ នាក់) បានវិល ត្រឡប់ពីថៃមកកម្ពុជាវិញ។ ក្រុមអ្នកឃ្លាំមើលយល់ថា ក្នុងស្ថានភាពនេះ រដ្ឋាភិបាលគួរជួយផ្គត់ផ្គង់ផ្នែកជីវភាព និងត្រូវបង្កើនមុខរបរក្នុងវិស័យកសិកម្មក្នុងស្រុកឲ្យពលករធ្វើ ទើបអាចទប់ស្កាត់លំហូរពលរដ្ឋខ្មែរ ឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃវិញ៕

website_news/2021270903.txt · Last modified: 2021/09/27 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki