website_news:2021270905

ទាហានឈុតខ្មៅថៃចាប់ខ្លួនពលករខ្មែរ១៤នាក់ បន្ទាប់ពីលួចឆ្លងដែនខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២៤ កញ្ញា ២០២១ដោយ Sokhom Khon

ពលករខ្មែរចំនួន១៤នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ក្នុងកងរយលេខ១២ ចាប់ខ្លួន ខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលទឹកដីថៃរកការងារធ្វើនៅក្នុងខេត្តចំនួនពីរនាទឹកដីថៃ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ត្រង់ចំណុចភូមិប៉ារ៉ៃម៉ៃ ក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១៤នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាមចម្ការអំពៅ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃកំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស៤នាក់ ស្រី៥នាក់ ក្មេងប្រុស៣នាក់ និងក្មេងស្រី២នាក់ ។ ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេទាំងអស់គ្នាមានបំណងចូលទៅរកការងារធ្វើ ជាកម្មករសំណង់ ដោយខ្លះចង់ទៅខេត្តឆ:ឈើងសៅ និងខ្លះទៀត ចង់ទៅធ្វើនៅខេត្ត សមុទ្រប្រាកាន ។ ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ដើម្បីការពារនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងបានបញ្ជូនទៅអោយអធិការដ្ឋានតម្រួត ស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021270905.txt · Last modified: 2021/09/27 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki