website_news:2021270906

មន្ត្រីកម្ពុជាសង្គ្រោះស្ដ្រីម្នាក់ ពីការធ្វើបាបរបស់គ្រួសារខាងប្ដីនៅចិន

https://www.postkhmer.com/ ឡាយ សាមាន | Publication date 24 September 2021 | 11:10 ICT

ភ្នំពេញៈ ស្ត្រីជនជាតិខ្មែរ ១ រូប ដែលបានទៅរស់នៅតាមស្វាមីនៅប្រទេសចិន ប៉ុន្តែត្រូវរងការធ្វើបាបពីសំណាក់ក្រុមគ្រួសារនេះត្រូវបានមន្ត្រីជំនាញកម្ពុជាជួយសង្គ្រោះយកដាក់នៅកន្លែងមានសុវត្ថិភាព ហើយដើម្បីត្រៀមបញ្ជូនត្រឡប់មកស្រុកខ្មែរវិញ។ ស្រី្តជាជនរងគ្រោះ ឈ្មោះ អាត់ សុភ័ក្រ អាយុ ២៥ ឆ្នាំ ដែលមានទីកំណើតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះបានខ្ចីទូរស័ព្ទពីអ្នកជិតខាងនៅចិន ដើម្បីបង្ហោះវីដេអូដង្ហោយរកការជួយសង្គ្រោះពីរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីគាត់ត្រូវបានខាងគ្រួសារខាងប្ដីធ្វើបាបយ៉ាងដំណំ។ ក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម TikTok រយៈពេលជាង ២ នាទី បានរៀបរាប់ថា៖ «សូមបងប្អូនជួយសូមឱ្យសម្តេច [ហ៊ុន សែន] ជួយខ្ញុំឱ្យបានទៅខ្មែរវិញផង ខ្ញុំនៅទីនេះ (ទីក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន) ប្តីខ្ញុំធ្វើបាបខ្លាំងណាស់ ខ្ញុំអត់បានទាក់ទងទៅគ្រួសារ ៤ ឆ្នាំហើយ»។ តាមរយៈវីដេអូនេះនាងបានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា នាងរស់នៅពុំមានក្តីសុខនោះទេដោយក្រុមគ្រួសារទាំងម៉ែក្មេក ឪក្មេក និងប្តីវាយធ្វើបាប ហើយបញ្ជូនឱ្យទៅធ្វើស្រែចម្ការ ហើយបានរលូតកូន ៣ ដងទៀតផង។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ២២ ខែកញ្ញាថា ភាគីកម្ពុជានៅចិនបានជួយសង្គ្រោះស្ត្រីនោះទៅកន្លែងមានសុវត្ថិភាពហើយ បន្ទាប់ពីទទួលដំណឹងនេះភ្លាម។ លោកស្រីថា៖ «នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃបានទាក់ទងទៅភាគីចិន និងបានស្វែងរកទីតាំងដែលស្រី្តនោះរស់នៅតាមរយៈឪពុកម្តាយដែលរស់នៅស្រុកខ្មែរ ឥឡូវនេះបានរកឃើញហើយ ចំណែកស្រី្តនោះត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍ប៉ូលិសនៅក្រុងប៉េកាំង ដើម្បីសួរព័ត៌មាន និងធ្វើចត្តាឡីស័ក»។ លោកស្រីបន្តថា បន្ទាប់បញ្ចប់ធ្វើចត្តាឡីស័កនៅទីនោះ ភាគីប៉ូលិសចិននឹងជូនដំណឹងមកស្ថានទូតកម្ពុជាប្រចាំប្រទេសចិនដើម្បីត្រៀមបញ្ជូនស្ត្រីរងគ្រោះមកកម្ពុជាវិញឆាប់ៗនេះ។

ទន្ទឹមនេះដែរ លោកស្រី ជូ ប៊ុនអេង បានបន្តអំពាវនាវដល់ពលរដ្ឋខ្មែរមួយចំនួនឱ្យប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោកមេខ្យល់ដែលនាំឱ្យគ្រោះថ្នាក់ដល់ជីវិត។ លោកស្រីថា៖ «យើងបានផ្សព្វផ្សាយច្រើនហើយតាមរយៈការចុះអប់រំ ផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានរឿងចាញ់បោកមេខ្យល់ យើងមិនចង់ឱ្យស្រីខ្មែរគិតថាមានភាពងាយស្រួលដែលទៅក្រៅប្រទេសនោះទេ»។ លោកស្រីបន្តថា៖ «គាត់តែងប្រើពាក្យថាគាត់ចាញ់បោកគេ ប៉ុន្តែអ្វីដែលគាត់និយាយវាហួសពេលហើយ ព្រោះគាត់បានរងគ្រោះរួចបាត់ទៅហើយ អ៊ីចឹងបទពិសោធទាំងនេះ យើងចង់ឱ្យអ្នកដទៃដែលមិនទាន់ចាញ់បោក ឱ្យគាត់រៀនសូត្រព្រោះដឹងហើយថាមានអ្នកដែលទៅក្រៅប្រទេស មិនមែនសុទ្ធតែបានសេចក្តីសុខទេ…»។ លោកស្រី ជូ ប៊ុនអេង បានផ្តាំផ្ញើថា ការដែលធ្វើប្រថុយទៅធ្វើជាប្រពន្ធគេនៅបរទេស គឺគ្រាន់តែជាការចាញ់បោកមេខ្យល់ដែលបាន និងកំពុងកេងចំណេញប្រយោជន៍ពីពលរដ្ឋខ្មែរប៉ុណ្ណោះ។

លោកស្រីបញ្ជាក់ថា៖ «ពាក្យថាធ្វើជាប្រពន្ធគេ គឺជាអ្នកដែលត្រូវបានគេប្រើប្រាស់មួយជីវិតអត់មានប្រាក់បៀវត្សរ៍ទេ ហើយក៏គ្មានការធានាដែរពីព្រោះគេត្រូវអនុវត្តច្បាប់គ្រួសារដូចនៅប្រទេសចិនគេមានច្បាប់គ្រួសារ អ៊ីចឹងក្នុងគ្រួសារ ការស្តីប្រដៅជេរ វ៉ៃជារឿងធម្មតារបស់គេ»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស (Central) លោក មឿន តុលា បានថ្លែងថា មានកត្តា ២ ដែលធ្វើឱ្យពលរដ្ឋខ្មែរខ្លះនៅបន្តចាញ់បោកមេខ្យល់គឺកត្តាជំរុញ និងកត្តាទាក់ទាញ។ ក្នុងនោះកត្តាជំរុញដោយសារភាពក្រីក្រការងារមិនទៀងទាត់ ជំពាក់បំណុលមិនមានការងារធ្វើ ឬមិនមានមុខរបរគ្រប់គ្រាន់ជាដើម។ រីឯកត្តាទាក់ទាញគឺមេខ្យល់ដែលបោកស្ត្រីខ្មែរទៅធ្វើការ ឬការប្តីនៅចិនពួកគេបានបញ្ចុះបញ្ចូលថាទៅប្រទេសចិននឹងមានលុយកាក់ច្រើន។ លោកថា៖ «តាមពិតទៅភាគច្រើនដែលយើងសម្ភាសស្ត្រីរងគ្រោះគឺគាត់មិនមែនទាក់ទងផ្ទាល់ទៅចិនទេគឺមានមេខ្យល់មកលួងលោមថាទៅរកការងារនៅចិន ហើយមេខ្យល់ទៀតសោតបានបង្ហាញភាពហ៊ឺហាថា មានស្ត្រីខ្មែរច្រើនទៅធ្វើការ ឬការប្តីចិនសល់លុយពេលត្រឡប់មកស្រុកវិញ»។

លោកបន្តថា ការជួយស្ត្រីរងគ្រោះពីភាគីកម្ពុជាជារឿងល្អ ប៉ុន្តែលោកជំរុញរាជរដ្ឋាភិបាលកម្ពុជាឱ្យបង្កើនការផ្សព្វផ្សាយ និងអប់រំបន្ថែមទៀតដើម្បីឱ្យពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ លោកថា៖ «ខ្ញុំមើលទៅរដ្ឋាភិបាលលោកបានព្យាយាមផ្សព្វផ្សាយខ្លះដែរ ប៉ុន្តែហាក់បីដូចជានៅមានកម្រិតនៅឡើយទេអ៊ីចឹងគួរតែផ្សព្វផ្សាយព័ត៌មានឱ្យដល់សហគមន៍ អ៊ីចឹងពេលគាត់ទទួលព័ត៌មានបានគាត់នឹងមានការប្រុងប្រយ័ត្នខ្ពស់»៕

website_news/2021270906.txt · Last modified: 2021/09/27 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki