website_news:2021270907

ឃាត់ខ្លួនពលករខ្មែរ ១៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅថៃ

https://kohsantepheapdaily.com.kh/ ២៤ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ១៤:៤០

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរឆ្លងដែនទៅប្រទេសថៃ ចំនួន១៥នាក់ ក្នុងនោះស្រី ៩នាក់ និងគោយន្តកន្ត្រៃ ១គ្រឿង បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួន វេលាម៉ោង០៩យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកមថ្មពួក ខេត្តបន្ទាយមានជ័យ ។

ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការ លោកវរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសថ្មពួក បានដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ២៤ម៉ោង លើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកនាយចំណង់ ឆាត ឆាន់ មេក្រុមគោលដៅ ដឹកនាំកម្លាំងដើរល្បាតក៏ជួបពលករខ្មែរដែលបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។ ចំណែកពលករទាំង ១៥នាក់ ក្រោយពីបានសួរនាំរួច ត្រូវបានប្រគល់អោយ ស្នាក់ការកងរាជអាវុធហត្ថ ចាក់ការតាមនីតិវិធីច្បាប់បន្ត ៕

website_news/2021270907.txt · Last modified: 2021/09/27 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki