website_news:2021271001

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរជិត២០នាក់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃខុសច្បាប់

https://www.rfa.org/ ដោយ ជាតិ ចំណាន 2021-10-25

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរជិត ២០ នាក់ក្នុងពេលដែលពួកគេលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់។ មន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា ពលករឆ្លងដែនអំឡុងពេលនេះ ដោយសារពួកគេមានជីវភាពក្រីក្រ និងអត់ការងារធ្វើនៅក្នុងស្រុក។ ទាហានថៃបានចាប់ពលករខ្មែរចំនួន ១៧ នាក់ក្នុងពេលពួកគេធ្វើដំណើរនៅស្រុកតាផាក់យ៉ា (Taphaya) ខេត្តស្រះកែវ ជាប់ព្រំដែនស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី២៣ ខែតុលា។ សារព័ត៌មានថៃចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឱ្យដឹងថា ពលករទាំងនោះ ត្រូវបានមេខ្យល់ជនជាតិខ្មែរនាំទៅរកការងារធ្វើនៅខេត្តជាប់ទីក្រុងបាងកក(Bangkok)។

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែនលោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរទាំង ១៧ នាក់នោះនិងមេខ្យល់ម្នាក់ប្រគល់ឱ្យអាជ្ញាធរកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែតុលា។ លោកបញ្ជាក់ថា ក្រុមពលករត្រូវបានអាជ្ញាធរខ្មែរបញ្ជូនទៅធ្វើចត្តាឡឺស័កនៅទីរួមខេត្តបន្ទាយមានជ័យភ្លាមៗក្រោយពេលអាជ្ញាធរបញ្ជូនមកដល់កម្ពុជា។ ចំពោះមេខ្យល់វិញលោកថា លោកបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៖ «គេចាប់យប់មិញ ខ្ញុំសុំគាត់ឱ្យបញ្ជូនមកកម្ពុជា ដើម្បីយើងសួរនាំរកមេខ្យល់។ មេខ្យល់ចាប់បានហើយ តែសួរទៅជំនាញ ព្រោះខ្ញុំបានចាប់បញ្ជូនទៅជំនាញហើយ សួរលោកឧត្ដមសេនីយ៍ស្នងការ។ គេបញ្ជូនមកដល់ខ្មែរអស់ហើយ ទាំងខាងម៉ាឡៃ១១នាក់ក៏បញ្ជូនមកអស់ហើយបញ្ជូនមកដល់មិញនេះ»។ មេប៉ូលិសផ្កាយមួយរូបនេះបន្តថា នៅថ្ងៃដដែលអាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរជាង ៤០ នាក់ត្រឡប់មកកម្ពុជាវិញតាមច្រករបៀងព្រំដែនក្នុងស្រុកម៉ាឡៃនិងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ លោកថា ពលករភាគច្រើនត្រូវបានថៃចាប់ខ្លួននៅតំបន់ព្រំដែនជាប់កម្ពុជា ក្នុងពេលដែលពួកគេលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់។ ចាប់តាំងពីចប់ពិធីបុណ្យភ្ជុំបិណ្ឌមកមានពលករខ្មែរជាច្រើននាក់បានឆ្លងដែនទៅប្រទេសថៃជាបន្តបន្ទាប់។ ក្នុងនោះយ៉ាងហោចណាស់មានពលករប្រមាណពី ១០ ទៅជាង ៥០ នាក់ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនក្នុងពេលពួកគេបម្រុងឆ្លងដែនទៅប្រទេសថៃ។

ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា សង្កេតឃើញថា មូលហេតុដែលប្រជាពលរដ្ឋឆ្លងដែង ដោយប្រថុយប្រថានអំឡុងពេលនេះ ដោយសារពួកគេមានជីវភាពក្រីក្រ និងគ្មានការងារធ្វើនៅក្នុងស្រុក។ លោកថា ពលករមិនគួរឆ្លងដែនទៅប្រទេសថៃអំឡុងពេលនេះទេ ពីព្រោះសកម្មភាពបែបនេះប្រឈមនឹងអាជ្ញាធរថៃចាប់ខ្លួន ឆ្លងជំងឺកូវីដ១៩ និងប្រឈមទាហានថៃបាញ់សម្លាប់ជាដើម៖ «ទៅតាមភូមិស្រុកនីមួយៗថា តើពួកគាត់ហ្នឹងមានការងារអីធ្វើឥឡូវហ្នឹង ហើយដំឡូងស្រូវ ភាគច្រើនលិចទឹកអស់។ អីចឹង ហើយមានតែបណ្ដែតបណ្ដោយខ្លួនទៅរកធ្វើជាកម្មករធ្វើជាពលករនៅប្រទេសថៃដើម្បីយកប្រាក់យកមក ដោះស្រាយជីវភាពផង សងធនាគារផង។ ព្រោះថា សព្វថ្ងៃហ្នឹងកូវីដៗហើយ ប៉ុន្តែធនាគារនៅតែដើរទារលុយធម្មតាហ្នឹង មិនមែនការរស់នៅសព្វថ្ងៃអ្នកជំពាក់លុយហ្នឹងធនាគារគេប្រាប់ថា អីចឹងឯងរកលុយអត់បានអីគេឈប់ទារឈប់អីអត់ទេនៅទាំងអស់»។

របាយការណ៍អង្គការសង់ត្រាល់ឲ្យដឹងថា ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២១ មានពលរដ្ឋខ្មែរជាង៧រយនាក់ (៧៤១) ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ក្នុងនោះមនុស្សជិត៤រយនាក់ (៣៦០) ត្រូវបានអាជ្ញាធរកម្ពុជានិងថៃចាប់ខ្លួន និងបញ្ជូនទៅចាត់ការតាមច្បាប់។ របាយការណ៍ដដែលរកឃើញថា មានពលរដ្ឋខ្មែររាប់ពាន់នាក់បានចាញ់បោកមេខ្យល់នាំឆ្លងដែនទៅធ្វើការនៅប្រទេសថៃ អំឡុងពេលមានការរាតត្បាតជំងឺខ្លាំង។

មន្ត្រីសង្គមស៊ីវិលលោក ស៊ុំ ច័ន្ទគា យល់ថា ដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលគួរតែបង្កើតការងារក្នុងស្រុកឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋធ្វើរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ បន្ថែមពីនេះរដ្ឋាភិបាលត្រូវជួយរកទីផ្សារលក់កសិផលក្នុងតម្លៃសមរម្យជូនដល់កសិករ។ លោកជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនដោះស្រាយបញ្ហានេះទេ នោះប្រជាពលរដ្ឋនឹងធ្វើចំណាកស្រុកកាន់តែច្រើន៕

website_news/2021271001.txt · Last modified: 2021/10/27 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki