website_news:2021271201

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៖ «សូមកុំយក កូវីដ១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស»

https://www.pdikampongcham.info/ ២៤ ខែធ្នូ ២០២១ ព័ត៌មាន នួន សត្យា

(កំពង់ចាម)៖ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ បើកយុទ្ធនាការស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ធ្វើឡើងនៅក្នុងស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ ។

បើតាមអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងថា បច្ចុប្បន្នបានលេចចេញនូវជនខិលខូចមួយចំនួនដែលជាមេខ្យល់ កំពុងប្រើល្បិចកលអូសទាញនិងបោកបញ្ឆោត ក្នុងបំណងកេងយកផលចំណេញពីកម្លាំងពលកម្មតាមរយៈ ការលក់បងប្អូនកូនក្មួយ ទៅឲ្យឈ្មួញ ដែលជាថៅកែនៅក្រៅប្រទេស ទង្វើរបែបនេះ គឺជាការប្រព្រឹត្តិនូវអំពើជួញដូរមនុស្សយ៉ាងពិតប្រាកដ ហើយត្រូវបានហាមឃាត់ដោយច្បាប់។ ឆ្នាំនេះយើងប្រារព្ធខួបលើកទី១៥ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រោមប្រធានបទ”សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តិអំពើជួញដូរមនុស្ស”ដូចនេះ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស និងផ្តន្ទាទោសដាច់ខាតចំពោះមេខ្យល់ ដែលតែងតែប្រព្រឹត្តអំពើឆបោក អូសទាញបងប្អូនកូនក្មួយ ដើម្បីកេងប្រវ័ញ្ច កម្លាំងពលកម្មនិង ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រីនិងកុមារ។ ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខ្ញុំសូមដាស់តឿនក្រើនរំឭកដូចតទៅ៖ សូមបងប្អូន កូនក្មួយទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះល្បិចកលឆបោករបស់មេខ្យល់ ដែលសន្យាថា នាំបងប្អូនកូនក្មួយ ទៅធ្វើការនៅក្រៅប្រទេសហើយទទួលបានប្រាក់ខែខ្ពស់។ ការសន្យាបែបនេះគឺមានបំណងបោកប្រាស់បងប្អូនកូនក្មួយ ដើម្បីទទួលបានផលប្រយោជន៍សម្រាប់ពួកគេផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយពួកគេអាចនឹងធ្វើការលក់បងប្អូនកូនក្មួយទៅឲ្យថៅកែនៅក្រៅប្រទេស។

ដូចនេះប្រសិនបើបងប្អូនមានបំណងចេញទៅធ្វើការនៅក្រៅប្រទេស ក្រោមរូបភាពណាក៏ដោយ សូមបងប្អូនកូនក្មួយដាក់ជាប់ខ្លួនជានិច្ចនូវ៖ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណលេខទូរស័ព្ទស្ថានទូតខ្មែរនៅប្រទេសនោះ និងលេខទូរស័ព្ទឪពុក ម្តាយ បងប្អូន ក្រុមគ្រួសារ ឬលេខទូរស័ព្ទអាជ្ញាធរភូមិ ឃុំ របស់បងប្អូន កូនក្មួយ។ មួយវិញទៀតប្រសិន បើលោកយាយ លោកតា អ៊ុពូមីង បងប្អូន កូនក្មួយកំពុងបានជួបនឹងបានឃើញជនណាម្នាក់ដែលកំពុងប្រាស្រ័យទាក់ទងនិយាយបញ្ចុះបញ្ចូល ឬអូសទាញ បងប្អូន ផ្ទាល់ឬអ្នកជិតខាង ក្នុងគោលបំណងនាំយកបងប្អូន ឬ អ្នកទាំងនោះទៅធ្វើការនៅក្រៅប្រទេស តាមរយៈមេខ្យល់ សូមលោកយាយ លោកតា អុំ ពូមីង បងប្អូន កូនក្មួយ ផ្តល់ព័ត៌មានទាំងនេះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ លោកមេឃុំ ចៅសង្កាត់ឬក៏លេខអន្តរាគមន៍ពិសេសរបស់ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត ដែលមានលេខទូរស័ព្ទ ០៨១ ៣៧ ៣៨ ៣៩ / ០១១ ៧១៤៦៦៨ ឬ លេខអន្តរាគមន៍ពិសេសរបស់អគ្គស្នងការនគរ បាលជាតិ ១១៧ ។ សូមបងប្អូនកូនក្មួយចងចាំថា មានតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែមួយប៉ុណ្ណោះដែលអាចជួយរកការងារនៅក្រៅប្រទេសបានដោយស្របច្បាប់និងធានាសុវត្ថិភាព ៕

website_news/2021271201.txt · Last modified: 2021/12/27 09:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki