website_news:2021271202

ប៉ូលិស ឃាត់ខ្លួនពលករខ្មែរ ចំនួន ២២នាក់ ដែលបម្រុងលួចឆ្លង ទៅរកការងារធ្វើ នៅប្រទេសថៃ តាមមេខ្យល់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៤ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ២១:៤៨

បន្ទាយមានជ័យ៖ ប៉ូលិស បានឃាត់ខ្លួនពលករខ្មែរចំនួន ២២នាក់ ដែលបម្រុងលួចឆ្លងទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្តង់ដំឡូងមី ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ។ លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដេនគោក លេខ៨១៥ បានប្រាប់ថា នៅពេលឃាត់ខ្លួនពលករខ្មែរ គឺកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៨១៥ បានសហការជាមួយកម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ បានចេញល្បាត តាមបន្ទាត់ព្រំដែន បានប្រទះឃើញរថយន្ត ១គ្រឿង ម៉ាក់សាំយ៉ុង ពាក់ផ្លាកលេខភ្នំពេញ 2S-2635 និងអ្នកបើកបរ ឈ្មោះ ធាន រិទ្ធិ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នោភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានដឹកពលករចំនួន ២២នាក់ ស្រី ១០នាក់ កុមារ ០៤នាក់។ ប៉ូលិស បានឃាត់ឡាននោះ។

លោក បានបញ្ជាក់ថា ក្រោយពេលឃាត់រថយន្ត គឺអ្នកបើកបររថយន្ត និងពលករ ចំនួន ២២នាក់ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ ដើម្បីសាកសួរ។ ពួកគាត់ថា ឆ្លងដែន ទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ ដោយឲ្យលុយគេ ក្នុង ម្នាក់ តម្លៃចំនួន ៨.០០០បាត ជូនទៅរកការងារធ្វើដល់កន្លែង នៅក្នុងទឹកដីថៃ។ តែមិនទាន់បានឆ្លងដែនផង ក៏ត្រូវបានកម្លាំងចម្រុះ ឃាត់ខ្លួន។ លោកវរៈសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ចំពោះពលករខ្មែរ ចំនួន ២២នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។ រីឯអ្នកបើកបររថយន្តម្នាក់ ត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងនាមជាមេខ្យល់៕ ប៊ុន ធឿន

website_news/2021271202.txt · Last modified: 2021/12/27 09:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki