website_news:2021271205

អាជ្ញាធរខេត្តកំពង់ចាមបើកយុទ្ធនាការចុះអប់រំអំពីអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទទៅដល់ប្រជាពលរដ្ឋ

https://www.postkhmer.com/ រី សុចាន់ | Publication date 25 December 2021 | 10:21 ICT

កំពង់ចាមៈ អាជ្ញាធរខេត្តកំពង់ចាមបើកយុទ្ធនាការចុះអប់រំអំពីអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទទៅដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន ៤ គឺ ដើម្បីឱ្យពួកគាត់បានជ្រួតជ្រាបអំពីអំពើទាំងនេះ។ យុទ្ធនាការនេះធ្វើឡើងនៅស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី ២៤ ធ្នូ។

សេចក្តីប្រកាសព័ត៌មានសាលាខេត្តកំពង់ចាមនាថ្ងៃទី ២៤ ធ្នូ ដកស្រង់សំដីលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ថា នាបច្ចុប្បន្នមានការលេចចេញនូវ «ជនខិលខូច» មួយចំនួនដែលជាមេខ្យល់កំពុងប្រើល្បិចកលអូសទាញ និងបោកបញ្ឆោតប្រជាពលរដ្ឋក្នុងបំណងកេងយកផលចំណេញពីកម្លាំងពលកម្មតាមរយៈការលក់ពួកគេទៅឱ្យឈ្មួញដែលជាថៅកែនៅក្រៅប្រទេស។ លោកស្រីថ្លែងថា៖ «ទង្វើបែបនេះ គឺជាការប្រព្រឹត្តនូវអំពើជួញដូរមនុស្សយ៉ាងពិតប្រាកដ ហើយត្រូវបានហាមឃាត់ដោយច្បាប់»។ លោកស្រី ប៉ាង ដានី អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះល្បិចកលឆបោករបស់មេខ្យល់ ដែលសន្យាថានាំពួកគាត់ទៅធ្វើការនៅក្រៅប្រទេសហើយទទួលបានប្រាក់ខែខ្ពស់។ លោកស្រីបញ្ជាក់ថា៖ «ការសន្យាបែបនេះ គឺមានបំណងបោកប្រាស់បងប្អូនកូនក្មួយ ដើម្បីទទួលបានផលប្រយោជន៍សម្រាប់ពួកគេផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយពួកគេអាចនឹងធ្វើការលក់បងប្អូនកូនក្មួយទៅឱ្យថៅកែនៅក្រៅប្រទេស»។ លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងចេញទៅធ្វើការនៅក្រៅប្រទេសក្រោមរូបភាពណាក៏ដោយ ត្រូវដាក់ជាប់ខ្លួនជានិច្ចនូវលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទស្ថានទូតកម្ពុជានៅប្រទេសនោះ និងលេខទូរស័ព្ទឪពុក ម្តាយ ក្រុមគ្រួសារ ឬលេខទូរស័ព្ទអាជ្ញាធរភូមិ ឃុំ៕

website_news/2021271205.txt · Last modified: 2021/12/27 09:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki