website_news:2021280401

ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំរកវិធីទប់ស្កាត់ និងបង្ក្រាប ករណីរត់ពន្ធមនុស្សឆ្លងដែនក្នុងអំឡុងពេលមានការបិទខ្ទប់

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 27 April 2021 | 18:06 ICT

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបើកកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធនៃក្រសួងនេះ ដើម្បីស្វែងរកវិធីសាស្រ្តក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ និងករណីលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ក្នុងអំឡុងពេលរាជរដ្ឋាភិបាលដាក់បម្រាមហាមធ្វើដំណើរឆ្លងដែន។

កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពចំណុះក្រសួងមហាផ្ទៃដូចជា រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណុះក្រសួងនេះ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះថា កិច្ចប្រជុំនេះ គឺដើម្បីស្វែងរកវិធីសាស្រ្តក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពរត់ពន្ធមនុស្សឆ្លងដែនដោយខុសច្បាប់ ស្របពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ លោកបានបន្តថា៖ «ការពិភាក្សា គឺយើងនិយាយជារួម គឺការនាំមនុស្សឆ្លងដែនក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ ១៩។ តែមែនទែនទៅយើងផ្តោតសំខាន់លើការរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែន (ពីប្រទេសមួយទៅប្រទេសមួយ)»។ បន្ថែមពីនេះលោក ប៉ោ ភក្តិ បានអះអាងថា ជាលទ្ធផលនៃកិច្ចប្រជុំក្រសួងមហាផ្ទៃ នឹងរៀបចំឯកសារមួយទាក់ទងនឹងការណែនាំរួម ជាពិសេសទៅលើអាជ្ញាធរមានសមត្ថកិច្ចនៅតាមព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពល្មើសទាំងនេះ ស្របពេលក្រសួងមើលឃើញថា សកម្មភាពល្មើស នៅតែបន្តកើតមានឥតឈប់ឈរ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំគ្រាន់តែអាចជម្រាបជូនថា ក្នុងរយៈកាលនេះ មានសកម្មភាពដែលយើងទទួលបាននូវព័ត៌មានទាក់ទងនឹងការឆ្លងដែននេះ។ ដោយសារតែមូលហេតុនេះហើយ បានជាយើងមានការរៀបចំកិច្ចប្រជុំនេះ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាប»។ បើតាម លោក ប៉ោ ភក្តិ យ៉ាងយូរក្នុងសប្តាហ៍នេះ ក្រសួងមហាផ្ទៃនឹងប្រកាសឲ្យអនុវត្តជាផ្លូវការនូវសេចក្តីណែនាំនេះតាមស្មារតីនៃកិច្ចប្រជុំក្រោយទទួលបានយល់ព្រមពីរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង៕

website_news/2021280401.txt · Last modified: 2021/04/28 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki