website_news:2021280501

ត្រឹមជាង៣ខែ ពលករខ្មែរជិត៧ពាន់នាក់ត្រូវបានឃាត់ខ្លួនពីបទគេចវេះចត្តាឡីស័ក

https://www.kampucheathmey.com/ ថ្ងៃពុធ ២៦ ឧសភា ២០២១ ដោយ KC Virak

ភ្នំពេញ៖ រហូតមកដល់ពេលនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពលករខ្មែរដែលគេចវេះពីការធ្វើចត្តាឡីស័កប្រមាណជិត៧ពាន់នាក់ហើយនៅទូទាំងប្រទេស។ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រសាសន៍នៅថ្ងៃទី២៦ ខែឧសភា នេះថា ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២១នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពលករខ្មែរដែលគេចវេះពីការធ្វើចត្តាឡីស័កបានចំនួន៦,៨៤៦នាក់ ក្នុងនោះមានស្រី១,៨៤៥នាក់ និងបានបញ្ជួនពួកគេឱ្យទៅធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានរៀងៗខ្លួនវិញផងដែរ។ លោកឧត្តមសេនីយ៍ឯកបានបន្តថា ក្នុងចំណោមពលករគេចវេះពីការធ្វើចត្តាឡីស័កជិត៧ពាន់នាក់នោះ ពួកគេបានឆ្លងពីប្រទេសថៃ និងប្រទសវៀតណាមចូលកម្ពុជាដោយមានមេខ្យល់ជាអ្នកនាំផ្លូវ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា មកដល់ពេលនេះសមត្ថកិច្ចបានចាប់មេខ្យល់ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចេញចូលប្រទេសកម្ពុជាបានចំនួន២២២នាក់ ក្នុងនោះមានស្រី១៥នាក់ និងបានបញ្ជួនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់។ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអំពាវនាវដល់ពលករទាំងអស់សូមបញ្ឈប់ការឆ្លងដែនខុសច្បាប់ និងកុំព្យាយាមគេចវេះពីការធ្វើចត្តាឡីស័កដើម្បីចៀសវាងការទទួលការផាកពិន័យ និងទោសទណ្ឌតាមផ្លូវច្បាប់។

យោងតាមច្បាប់ជនណាដែលនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័កនឹងទទួលពិន័យប្រាក់ពី១០លានរៀលដល់៥០លានរៀល និងអ្នកគេចវេះមិនចូលធ្វើចត្តាឡីស័ក និងអ្នកគេចចេញពីការធ្វើចត្តាឡីស័ក ក្នុងអំឡុងកំពុងធ្វើចត្តាឡីស័ក នឹងត្រូវពិន័យប្រាក់ពី១លានរៀលដល់៥លានរៀល៕ អត្ថបទ៖ សំអឿន

website_news/2021280501.txt · Last modified: 2021/05/28 11:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki