website_news:2021280502

បញ្ជូនមេខ្យល់៣នាក់ទៅតុលាការ ករណីនាំពលករ៤នាក់ឆ្លងដែនខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃពុធ ២៦ ឧសភា ២០២១ដោយ Kang Tola

បន្ទាយមានជ័យ ៖ មេខ្យល់៣នាក់ក្នុងនោះមានស្រីម្នាក់ ត្រូវអាវុធហត្ថបញ្ជូនទៅតុលាការ ចំណែកពលករ៤នាក់ កម្លាំងអាវុធហត្ថបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ។ តាមការអះអាងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានថា មានពលករ១ក្រុមរៀបចំបម្រុងឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងរដ្ឋបាលក្រុងប៉ោយប៉ែតចុះទៅដល់កន្លែងឃាត់ខ្លួនពលករបានចំនួន៤នាក់ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១០យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ហើយនាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ក្រោយពីសួរនាំពលករទាំង៤នាក់រួច ទើបឈានដល់ឃាត់ខ្លួនបានមេខ្យល់៣នាក់៖ ១ឈ្មោះ ជូន ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ ២ឈ្មោះ ចាន់ ស្រី ភេទស្រី អាយុ៣៧ឆ្នាំ ៣ឈ្មោះ វី ចិត្ត្រា ភេទប្រុស អាយុ៣២ឆ្នាំ និងដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន២គ្រឿង និងទូរសព្ទដៃចំនួន៣គ្រឿងផងដែរ។ ក្រោយពីកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសួរចម្លើយរួចមកមេខ្យល់បានឆ្លើយសារភាពថា ពួកគេពិតជាបាននាំពលករឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ហើយកន្លងមកពួកខ្លួនបាននាំពលករឆ្លងដែនទៅប្រទេសថៃជាច្រើនលើកមកហើយ។ មេខ្យល់ទាំង៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា មេខ្យល់ទាំង៣នាក់និងម៉ូតូ៣គ្រឿងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ចំណែកពលករ៤នាក់កម្លាំងអាវុធហត្ថបញ្ជូនទៅមណ្ឌលចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យចំនួន១៤ថ្ងៃ ទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញបាន៕ ដោយ ៖ វ៉ាន់ ណាង

website_news/2021280502.txt · Last modified: 2021/05/28 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki