website_news:2021280505

ពលករខ្មែរ ៦ នាក់ និងកុមារ ២ នាក់ រស់នៅម៉ាឡេស៊ី ដោយខុសច្បាប់ត្រូវបានជួយឱ្យត្រឡប់មកស្រុកកំណើតវិញ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 27 May 2021 | 10:36 ICT

ភ្នំពេញៈ កម្ពុជាបានស្វែងរកកិច្ចអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី រួចហើយ ដើម្បីនាំយកពលករ ពលការិនីខ្មែរចំនួន ៦ នាក់ និងកុមារ ២ នាក់ឱ្យបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីពួកគេបានបន្ត រស់នៅក្នុងប្រទេសនេះដោយខុសច្បាប់។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង។ លោក កុយ គួង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ-ពលការិនីខ្មែរ ៦ នាក់ និងកុមារ ២ នាក់ធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញតាមជើងយន្តហោះលេខ SQ158 នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ០៥:៣៥ នាទីល្ងាច។ លោកបញ្ជាក់ថា៖ «ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន ចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និង ជូនទៅធ្វើតេស្តកូវីដ ១៩ ព្រមទាំងជូនដំណើរពួកគាត់ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ។ ខ្ញុំគ្រាន់តែដឹងត្រឹមថា ពួកគាត់ជាពលករខុសច្បាប់ ហើយចង់ត្រឡប់មកកម្ពុជាវិញ ទើបសុំឱ្យស្ថានទូតជួយអន្តរាគមន៍»។

កាលពីថ្ងៃទី ២១ ខែឧសភា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីក៏បានអន្តរាគមន៍ ដើម្បីសម្របសម្រួលឱ្យពលករខ្មែរ ចំនួន ៧ នាក់ដែលបានមករស់នៅ និងធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ីបានត្រឡប់មកកម្ពុជាវិញ ផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ គួរបញ្ឈប់ជាបន្ទាន់ក្នុងការធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសម៉ាឡេស៊ីនេះ ដោយបង្ហាញក្តីបារម្ភថា អាចប្រឈមនឹងគ្រោះថ្នាក់ និងការចាញ់បោកពីសំណាក់ជនខិលខូច។ ស្ថានទូតបានបញ្ជាក់ថា៖ «សូមបងប្អូនអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការសុខាភិបាល ដើម្បីសុខភាព និងសុវត្ថិភាពសង្គមជាតិយើង»។

លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារកម្ពុជា (សង់ត្រាល់) លើកឡើងថា ចាប់ពីឆ្នាំ ២០១២ មក ប្រទេសម៉ាឡេស៊ីក៏ចាប់ផ្តើមមានពលករខុសច្បាប់កម្ពុជាច្រើន ព្រោះប្រទេសនេះបានបញ្ចប់អនុស្សរណៈយោគយល់ (MoU) ជាមួយកម្ពុជាក្នុងការនាំពលករខ្មែរទៅប្រទេសនេះ។ ជាថ្មីម្តងទៀតនៅឆ្នាំ ២០១៦ ប្រទេសទាំង ២ ក៏បានចាប់ផ្តើម MoU ជាមួយគ្នាវិញ។ ប៉ុន្តែលោកថា ពលករខ្មែរមួយចំនួនក៏នៅបន្តរស់នៅដោយខុសច្បាប់ តាមរយៈការឆ្លងដែនដោយខុសច្បាប់ បើទោះជាពលករមួយចំនួនទៀតទទួលបានសិទ្ធិស្របច្បាប់វិញក៏ដោយ។ ក្រៅពីនេះលោកសង្កេតឃើញថា ក្នុងរយៈពេលនៃការផ្ទុះជំងឺកូវីដ ១៩ ក៏មានពលរដ្ឋខ្មែរជាច្រើនដែលរស់នៅក្នុងប្រទេសនេះ ទទួលបានសិទ្ធិស្របច្បាប់ ស្របពេលរដ្ឋាភិបាលនៃប្រទេសនេះបានផ្តល់ភាពអនុគ្រោះ។ ប៉ុន្តែក៏មានពលរដ្ឋខ្មែរជាច្រើនបន្តរស់នៅខុសច្បាប់ ដោយសារតែពួកគេមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ។

លោក ឌី ថេហូយ៉ា រំពឹងថា រដ្ឋាភិបាលកម្ពុជានឹងផ្តល់កិច្ចគាំពារបន្ថែមទៀត ទៅដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅដោយខុសច្បាប់ និងស្របច្បាប់ក្នុងប្រទេសម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាឱ្យពួកគេអាចទទួលបានសិទ្ធិការពារ ដោយរួចពីការដាក់ទោសទណ្ឌនៃច្បាប់ប្រទេសម៉ាឡេស៊ី។ លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងអ្នកដែលអត់មានការងារធ្វើក្នុងអំឡុងពេលកូវីដនេះ ចំពោះស្បៀងអាហារ រដ្ឋាភិបាលក៏គួរតែរៀបចំផ្តល់ជូនដល់ពួកគាត់ផងដែរ។ អ្នកដែលមានបំណងត្រឡប់មកខ្មែរវិញ រដ្ឋាភិបាលគួរតែធានា និងរៀបចំនីតិវិធីបែបណា ដើម្បីឱ្យពួកគាត់អាចត្រឡប់មកមាតុប្រទេសវិញ ដោយមិនទទួលបានការដាក់ទោសទណ្ឌរបស់ប្រទេសម៉ាឡេស៊ី»។

បើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាក្នុងរយៈពេល ៣ ខែដំបូងគឺ ខែមករា កុម្ភៈ និង ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានទូតតំណាងកម្ពុជានៅបរទេសបានជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋខ្មែររងគ្រោះក្នុងប្រទេសចំនួន ៧ ឱ្យត្រឡប់មកមាតុប្រទេសវិញបានចំនួន ១ ២៥៧ នាក់

website_news/2021280505.txt · Last modified: 2021/05/28 11:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki